ប្រែជាកាចសាហាវ លែងស្គាល់ប្រពន្ធ-កូន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការចាប់ខ្លួនបុរសម្នាក់​ បន្ទាប់ពី​​បង្កហិង្សា​វាយ​ប្រពន្ធ​-កូនផ្អើល​ពេញ​ផ្ទះ រហូត​ប្រពន្ធ​រត់ទៅឱ្យអ្នកជិតខាងជួយ ស្រាប់តែ​បុរសនោះ​ រត់ទៅបំផ្លាញអីវ៉ាន់​របស់ផ្ទះគេ​ទៀត​ដែល​ហេតុ​ការណ៍​នេះ កើតឡើង​កាលពីវេលាម៉ោង​០៩ព្រឹកថ្ងៃទី​២៤ សីហា ២០១៦​ ស្ថិតត្រង់ចំណុច​​ផ្ទះជួល​មួយកន្លែង ក្នុងភូមិ​ទួលសង្កែ សង្កាត់ទួល​សង្កែ ខណ្ឌ​ជ្រោយចង្វារ ។

ប្រភពឱ្យដឹងថា បុរសខាងលើឈ្មោះ​ប៉ាង វណ្ណៈ អាយុ​៤៧​ឆ្នាំ ជាមន្ត្រីអង្គរក្ស មានប្រពន្ធ​ឈ្មោះជា ស្រីមុំ អាយុ​៤៣ឆ្នាំ ជាអ្នកលាង​ចានឱ្យគេ មានកូនប្រុស៣នាក់ ។

បើតាមប្រភពពី​ប្រពន្ធ​ឱ្យ​ដឹងថា ​ប្តីគាត់​មាន​ការប្រែប្រួល​​ ​ក្រោយពីបាន​ជួប​គ្រោះថ្នាក់ចរាចរណ៍​ប៉ះត្រង់ក្បាល​មក ដែល​គាត់​តែង​​តែ​វាយធ្វើបាប​គាត់ និងកូនដោយគ្មាន​ដឹងហេតុផលសោះ​ ។ ​កាលពីថ្ងៃទី២៣ សីហា ម្សិលមិញ វេលាម៉ោង១០ព្រឹក ប្តី​គាត់រករឿង​ដោយ​បំផ្លាញ​អីវ៉ាន់​ក្នុងផ្ទះ​ម្តង​ ហើយត្រូវគាត់ទ្រាំមិនបាន​ ក៏​ប្តឹងឱ្យ​សមត្ថកិច្ចឃាត់​ខ្លួននាំទៅអប់រំ ។ ​លុះ​នៅវេលាកើតហេតុ ប្តី​រូប​នោះ​ បានផ្ទុះកំហឹងមួយសារ​​ទៀត ដោយ​ចង់​វាយ​គាត់និងកូន រហូតដល់ខ្លាចពេក គាត់ក៏រត់ទៅឱ្យអ្នកជិតខាងជួយ ស្រាប់តែប្តីគាត់​រឹតតែខឹង បាន​ទៅវាយរបស់​របរ​អ្នកជិតខាងនោះ ក៏ប្តឹងឱ្យចាប់ខ្លួន​ម្តងទៀតទៅ ។