ច្បាប់​គ្រប់​គ្រង​ពុះ​ដី​ឡូតិ៍​នឹង​កើត​មាន ខណៈ​អ្នក​ជំនាញ​គាំទ្រ​ តែ​ចង់​មាន​សំណូមពរ​ខ្លះ​ៗ​​​

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ចាប់​ផ្ដើម​រៀប​ចំ​ក្រប​ខណ្ឌ​ច្បាប់​​ពាក់​ព័ន្ធ​នឹង​ការ​ពុះ​ដី​ឡូតិ៍​ក្នុង​ពេល​ឆាប់​ៗ ស្រប​ពេល​គេ​ឃើញ​មាន​បញ្ហា​ច្រើន​ពី​ករណី​នេះ​កន្លង​មក។ ជាមួយ​គ្នា​នេះ​អ្នក​ជំនាញ​អចលនទ្រព្យ​គាំទ្រ​ខ្លាំង​ តែ​ក៏​ស្នើសុំ​នូវ​ចំណុច​មួយ​ចំនួន​ផង​ដែរ។

 

ច្បាប់​គ្រប់​គ្រង​ពុះ​ដី​ឡូតិ៍​នឹង​កើត​មាន ខណៈ​អ្នក​ជំនាញ​គាំទ្រ​ តែ​ចង់​មាន​សំណូមពរ​ខ្លះ​ៗ​​​

 

​​​​​​​​លោក គឹម ហ៊ាង​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​អចលនវត្ថុ​នៅ​កម្ពុជា​បាន​បញ្ចេញ​មតិ​ស្វាគមន៍​ឲ្យ​ច្បាប់​នេះ​មាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ តែ​យ៉ាង​ណា​មុន​ពេល​ច្បាប់​នេះ​អនុវត្ត​ជា​ធរមាន លោក​ស្នើ​ឲ្យ​ក្រសួង​គួរ​រៀប​ចំ​ជា​វេទិកា​សាធារណៈ​ដែល​អ្នក​ជំនាញ​អចលនទ្រព្យ​ចូល​រួម​ពិភាក្សា​បាន។ លោក​បន្ត​ថា អ្នក​អនុវត្ត​​ផ្នែក​នេះ​អាច​ដឹង​ស៊ីជម្រៅ​ច្រើន​ជាង​ ដែល​អាច​ជា​មតិ​យោបល់​សម្រាប់​អ្នក​តាក់​តែង​បទ​បញ្ញត្តិ​ឲ្យ​ដឹង​កាន់តែ​ច្បាស់​ពី​ការ​ងារ​ជាក់​ស្ដែង។ ដូច្នេះ​នៅ​ពេល​ច្បាប់​សម្រេច​ជា​ផ្លូវ​ការ នឹង​ល្អ​ទាំង​សង​ខាង។​​​

 

ងាក​មក​អ្នក​មាន​បទពិសោធន៍​ជាង​២០​ឆ្នាំ​លើ​អចលនទ្រព្យ​ លោក​ ចេង ខេង ក៏​យល់​បែប​នេះ​ដែរ។​ លោក​គាំទ្រ​ឲ្យ​មាន​ច្បាប់​នេះ​ ព្រោះ​ជា​ច្បាប់​ការពារ​ផល​ប្រយោជន៍​ដែល​ធ្វើ​ឲ្យ​ការ​ពុះ​ដីឡូតិ៍​លក់​កាន់​តែ​ងាយ​គ្រប់​គ្រង​​ និង​ចៀស​ពី​ហានិភ័យ។

 

អគ្គនាយក​នៃ​ក្រុម​ហ៊ុន​ CPL រូប​នេះ​ ក៏​សំណូម​ពរ​ដូច​លោក​គឹម​ ហ៊ាង​ដែរ។ ពោល​គឺ​ក្រសួង​គួរ​តែ​ហៅ​អ្នក​ជំនាញ​បាន​ចូល​រួម​សស្រាក់​សស្រាំ ដើម្បី​បាន​បញ្ចេញ​គំនិត ​ឲ្យ​ច្បាប់​​ត្រូវ​ទៅ​តាម​នោះ​ដែរ។​​​​​​

 

ច្បាប់​គ្រប់​គ្រង​ពុះ​ដី​ឡូតិ៍​នឹង​កើត​មាន ខណៈ​អ្នក​ជំនាញ​គាំទ្រ​ តែ​ចង់​មាន​សំណូមពរ​ខ្លះ​ៗ​​​

 

ពាក់​ព័ន្ធ​នឹង​រឿង​នេះ បើ​តាម​លោក​ស្រី ចាន់​ សុជាតា​ ប្រធាន​ការិយាល័យ​គ្រប់​គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅ​ស្ថាន​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា​ ច្បាប់​ការ​ពុះ​ដី​ឡូ​តិ៍​នេះ​ ខាង​ក្រសួង​កំពុង​រៀប​ចំ​ក្រប​ខណ្ឌ​ច្បាប់​ដើម្បី​គ្រប់​គ្រង​ការ​ផ្ដល់​អាជ្ញា​បណ្ណ​ដល់​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅ​ស្ថាន ។ ដូច្នេះ​អាច​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​បំណាច់​ខែ​ក្រោយ​នេះ​។

 
ថ្លែង​ក្នុង​ពិធី​ “បច្ចុប្បន្ន​ភាព​នៃ​ឧស្សាហកម្ម​អចលនទ្រព្យ​នៅ​កម្ពុជា” លោក​ស្រី​បាន​បញ្ជាក់​ថា​ នៅ​ពេល​ក្រសួង​ប្រកាស​ពី​ច្បាប់​នេះ នឹង​មាន​រៀប​ចំ​ជា​វេទិកា​សាធារណៈ​ផង​ដែរ។

 

សូមអាន៖   ដី​៥​ប្រភេទ​​រក​ស៊ី​មិន​ឡើង ​ទោះ​លក់​ថោក​ក៏​មិន​គួរ​ទិញ

 

អត្ថបទ៖ លឹម សុ​នា