កូរ៉េខាងជើង​បា​ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចេញពី​នាវាមុជទឹក ចំពេល​អាមេរិក​-​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួមគ្នា​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-24-2016, 10:56 am         399

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េខាងជើង​បា​ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចេញពី​នាវាមុជទឹក ចំពេល​អាមេរិក​-​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួមគ្នា​​ជាថ្មី​ម្ដងទៀត កូរ៉េខាងជើង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចេញពី​នាវាមុជទឹក ដែល​ធ្លាក់​ទៅក្នុង​ដែនសមុទ្រ​ជប៉ុន​។ ការបាញ់​សាកល្បង​នេះ​ធ្វើឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​កូរ៉េខាងជើង​គំរាម​វាយប្រហារ​លើ​សមយុទ្ធ​ប្រចាំឆ្នាំ​រួមគ្នា​រវាង​កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង ហើយ​នេះ​ក៏​ជា​សកម្មភាព​ល្មើស​នឹង​បម្រាម​អង្គការសហប្រជាជាតិ​ម្ដងទៀត​ដែរ​។

​សេចក្ដីថ្លែងការណ៍​រប​ស់​សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក (SLBM) នៅក្នុង​សមុទ្រ​ជប៉ុន ដែល​ហោះ​បាន​ចម្ងាយ​ប្រហែល​៥០០​គីឡូ​ម៉ែត​។ ហើយ​ការបាញ់​នេះ​បង្ហាញ​ពី​ការរីកចម្រើន​ថ្មី​មួយទៀត​របស់​កូរ៉េខាងជើង ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​អាវុធ​របស់ខ្លួន ខណៈដែល​ការសាកល្បង​កន្លងមក ត្រូវគេ​មើលឃើញថា មិនបាន​ជោគជ័យ​ឡើយ​។​

​យោងតាម​សេចក្ដីថ្លែងការណ៍​ដដែល មី​ស៊ី​ល​ខាងលើនេះ ត្រូវបាន​បាញ់​ចេញពី​ទីក្រុង​មាត់សមុទ្រ Sinpo ជាទី​ដែលមាន​មូលដ្ឋាន​នាវាមុជទឹក​នៅ​ទីនោះ​។ ការបាញ់​សាកល្បង ដែល​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា កើតឡើង​ស្រប​ពេលដែល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ កើន​កម្ដៅ​ខ្លាំង ដោយសារ​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​២២ ខែសីហា និង​ត្រូវបាន​កូរ៉េខាងជើង អះអាង ជាការ​ត្រៀម​សម្រាប់​ឈ្លានពាន​ខ្លួន​នោះ​។

​ការិយាល័យ​សេនាធិការ​កងទ័ព​កូរ៉េខាងត្បូង បាន​ចោទប្រកាន់ថា ការបាញ់​នេះ ជាការ​ចាក់​សាំង​បន្ថែម​លើ​ភ្លើង និង​ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​នៅ​ឧ​ប​ទ្វីប​កូរ៉េ​ទាំងមូល ហើយ​វា​ក៏បាន​ល្មើស​ធ្ងន់ធ្ងរ​នឹង​ការហាម​ប្រាម​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។ សេចក្ដីថ្លែងការណ៍​ខាងលើ​បន្តថា កូរ៉េខាងត្បូង​នឹង​ដោះស្រាយ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​ព្រហើន​បែបនេះ​។​

​ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​ស្រង់​ប្រភពពី​មន្ត្រី​យោធា​ថា មី​ស៊ី​ល​ដែល​បាន​បាញ់​នោះ បាន​ធ្លាក់​ចូលក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​អាកាស​របស់​ជ​ប៉ុន​។ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ បាន​ថ្កោលទោស​ការបាញ់​នេះ ដោយបាន​ចាត់ទុក​ជាស​កម្ម​ភាពព្រហើន និង​មិនអាច​លើកលែង​បានទេ ព្រមទាំង​ជាការ​គំរាម​ដល់​សន្តិសុខ​ជប៉ុន​ទៀតផង​។​

​នេះ​ក៏​មិនមែនជា​លើកដំបូង​ទេ ដែល​មី​ស៊ី​ល​កូរ៉េខាងជើង​ធ្លាក់​ក្បែរ ឬ​ធ្លាក់ចូល​ដែនទឹក​របស់​ជប៉ុន​។ កាលពី​ដើមខែ​នេះ ក្រុង​ព្យុងយ៉ាង ក៏បាន​បាញ់​មី​ស៊ី​ល​ដែល​បាន​ធ្លាក់​ចូលក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ជប៉ុន ដែល​ពេលនោះ​ជប៉ុន​ខឹងសម្បារ​យ៉ាងខ្លាំង និង​ថែមទាំង​ប្រកាស​ឲ្យ​កងកម្លាំង​ស្វ័យការពារ​ទាំងអស់ ត្រៀមខ្លួន​ផងដែរ​៕