អាជ្ញាធរខេត្ត​បន្ទាយមានជ័យ អូសបន្លាយ​ពេលវេលា​ក្នុងការ​ដោះស្រាយ​ជម្លោះដីធ្លី​នៅ​ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត​

កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាង​១០០​នាក់​មកពី​ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត នាំគ្នា​មក​តវ៉ា​ដល់​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​លោក សួន បវរ ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់​។ ឆ្លើយតប​នឹង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​រងគ្រោះ គឺ​លោក សួន បវរ បាន​សន្យា​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​បាន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ក្រោយពេល​អាជ្ញាធរខេត្ត​ទទួលយក​សំណើ​របស់​ពួកគាត់ ហើយ​សន្យាថា​ជួយ​ដោះស្រាយ​។ ទោះជា​យ៉ាងណា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​ជម្លោះដីធ្លី​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​វាយតម្លៃ​ទុកជាមុន​ថា ការសន្យា​របស់លោក សួន បវរ គ្រាន់តែ​ជា​វិធី​អូសបន្លាយ​ពេលវេលា​ក្នុង​ការរក​ដំណោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ស្រុក​ថ្មពួក​តែប៉ុណ្ណោះ​។

តំណាង​ប្រជាពលរដ្ឋ​មកពី​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា គោលបំណង​របស់​ពួកគាត់​ដែល​ឡើងមក​តវ៉ា​ដល់​មុខ​សាលាខេត្ត គឺ​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ប្រកបដោយ​តម្លាភាព​។ ដោយហេតុថា កន្លងមក​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​អះអាង​ពី​ការដោះស្រាយ​ជូន​ពួកគាត់​រួចរាល់​ហើយ ប៉ុន្តែ​ការពិត​ពួកគាត់​១៧០​គ្រួសារ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ ជាងនេះទៅទៀត​ពួកគាត់​ចង់​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​អំពី​ការចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ក្រុមហ៊ុន​លី​សំអាន នៅលើ​ដី​ជាង​២០០​ហិកតា​ដែល​កំពុងមាន​ជម្លោះ​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​ជម្លោះដីធ្លី​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ក្នុងស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត ធ្លាប់​ឡើងមក​តវ៉ា​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ដល់​ពួកគាត់​ច្រើនលើក​មកហើយ តាំងពី​លោក គោ​ស៊ុំ សារឿ​ត នៅ​ធ្វើជា​អភិបាលខេត្ត​បន្ទាយមានជ័យ​។ រហូតដល់​ពេល​ដែ​លោក សួន បវរ ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ គឺ​ជម្លោះដីធ្លី​នៅតែ​កើតឡើង​យ៉ាង​ស្មុគស្មាញ ហើយ​លោក សួន បវរ បានត្រឹមតែ​សន្យាថា​ជួយ​ដោះស្រាយ​ប៉ុណ្ណោះ មិន​ខុសពី​អ្វីដែល​លោក គោ​ស៊ុំ សារឿ​ត ធ្លាប់​សន្យា​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​នៅ​ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត អំពាវនាវ​ឲ្យ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ដល់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ជម្លោះដីធ្លី​អូសបន្លាយ​ច្រើន​ឆ្នាំ​មកហើយ ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​ដីធ្លី​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត ហើយ​ជីវភាព​រស់នៅ​កាន់តែ​ដុនដាប​ទៅៗ​គួរ​ឲ្យ​ព្រួយបារម្ភ​៕

fn-2016-03-30-16-07-45-3លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ 232e4faa-4f65-45ac-97f3-4c1157c6d673