សកម្មជន​បក្ស​ប្រឆាំង​នៅ​ពោធិ៍សាត់​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​សកម្មជន​បក្ស​ប្រជាជន​ប្ដឹង

លេខាធិការ​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​អគ្គនាយករង​អគ្គិសនី​កម្ពុជា (EDC) និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ប្ដឹង​ចោទ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ។ ប៉ុន្តែ​នគរបាល​នៃ​អធិការដ្ឋាន​ដែល​ទទួល​បណ្ដឹង​នេះ​ប្រកែក​ថា​មិន​ដឹង​រឿង។

បន្ទាប់​ពី​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ តាម​បណ្ដឹង​របស់​មន្ត្រី​បក្ស​កាន់​អំណាច​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា។ សកម្មជន​បក្ស​ប្រឆាំង​បារម្ភ​ពី​ការ​ចាប់​ចង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​រូបភាព​ផ្សេងៗ​ទៅ​លើ​ខ្លួន។ សកម្មជន​រូប​នេះ​អះអាង​ថា ការ​ចុះ​ជួប​ពលរដ្ឋ​នៅ​ភូមិ​ខ្សាច់ល្អិត នៃ​ឃុំ​ស្នាអន្សា រូប​លោក​មិន​បាន​និយាយ​ពី​ឈ្មោះ អេង គន្ធា ថា​មាន​ដី​ពីរ​បី​កន្លែង​នៅ​ក្នុង​ឃុំ​នេះ​ឡើយ។

លេខាធិការ​គណៈកម្មាធិការ​ប្រតិបត្តិ​បក្ស​ប្រឆាំង​ស្រុក​ក្រគរ លោក ឃិន សាម៉ន មាន​ប្រសាសន៍​ថា នៅ​ក្នុង​បណ្ដឹង​របស់​អគ្គនាយក​រង​អគ្គិសនី​កម្ពុជា លោក អេង គន្ធា ចោទ​លោក​ថា បាន​ជេរ​ប្រមាថ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ប៉ុន្តែ​ការ​ពិត​លោក​មិន​បាន​និយាយ​សូម្បី​តែ​ឈ្មោះ អេង គន្ធា។

លោក​ថា បទ​ចោទ និង​សំណង ១​ម៉ឺន​ដុល្លារ​ដែល​ដើម​បណ្ដឹង​ទាមទារ​នេះ គឺ​ធ្ងន់ធ្ងរ​សម្រាប់​លោក៖ «បើ​មាន​ការ​ចាប់​ខ្លួន​ខ្ញុំ​យល់​ថា អា​ហ្នឹង​មិន​មែន​ជា​រឿង​ផ្ទាល់​ខ្លួន​ទេ វា​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើន​ជាង ព្រោះ​ខ្ញុំ​ជាមួយ​គាត់ (អេង គន្ធា) មិន​ដែល​មាន​ទំនាស់​អី​ជាមួយ​គាត់ ហើយ​ក៏​មិន​ដែល​បាន​និយាយ​បរិហារកេរ្តិ៍។ គាត់​មក​ប្ដឹង ក្នុង​នាម​យើង​ជា​យុវជន​សកម្មជន​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ក្រគរ ខ្ញុំ​តែងតែ​ដើរ​ផ្សព្វផ្សាយ ឬ​ដើរ​បណ្ដុះបណ្ដាល​ភ្នាក់ងារ​សង្កេតការណ៍​អ៊ីចឹង​ទៅ។ គាត់​ឃើញ​សកម្មភាព​យើង​លេចធ្លោ​ច្រើន​នៅ​ក្នុង​ស្រុក​អ៊ីចឹង​ទៅ ក៏​គាត់​ចាត់​វិធានការ​ជា​បំបាក់​ស្មារតី អា​ហ្នឹង​គឺ​ជា​ហេតុផល​សមរម្យ​ដែល​ខ្ញុំ​យល់​ថា​អ៊ីចឹង»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ពី​អគ្គនាយក​រង​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ឃុំ​ស្នាអន្សា ស្រុក​ក្រគរ លោក អេង គន្ធា ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង លោក​មិន​ទទួល​ទូរស័ព្ទ។ ចំណែក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ លោក ឯម រុណ បដិសេធ​ថា រូប​លោក​ជា​អធិការ តែ​លោក​មិន​បាន​ដឹង​រឿង​រ៉ាវ​នេះ​ទេ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្នាអន្សា ម្នាក់​ឲ្យ​ដឹង​ថា បណ្ដឹង​របស់​លោក អេង គន្ធា ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​ឈ្មោះ ឃិន សាម៉ន គឺ​ដើម​បណ្ដឹង​មិន​ចង់​បាន​សំណង ឬ​ចង់​ឲ្យ​ជន​ជាប់​ចោទ​ជាប់​គុក​នោះ​ទេ គ្រាន់​តែ​ឲ្យ​ជន​នោះ​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​នូវ​អ្វី​ដែល​ខ្លួន​បាន​និយាយ​ខុស។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ថ្លែង​ថា ករណី​ប្ដឹង​ផ្ដល់​នេះ​លោក​ទើប​ទទួល​បាន​ព័ត៌មាន​មិន​ទាន់​បាន​ស៊ើប​អង្កេត​ស៊ី​ជម្រៅ ប៉ុន្តែ​លោក​យល់​ថា បើ​គ្រាន់​តែ​សកម្មជន​បក្ស​ណា​មួយ​បញ្ចេញ​មតិ ហើយ​រង​ការ​ប្ដឹង​ចោទ​ពី​បទ​បរិហារកេរ្តិ៍​នោះ គឺ​មាន​ន័យ​ថា សេរីភាព​បញ្ចេញ​មតិ​កាន់​តែ​រួម​តួច ដោយ​យក​តុលាការ ឬ​សមត្ថកិច្ច​ប៉ូលិស​ធ្វើ​ជា​គំនាប៖ «គេ​ថា​អី​មិន​បាន ហើយ​វា​ទៅ​ជា​រឿង​ជាប់​បណ្ដឹង​បរិហារកេរ្តិ៍ ឬ​បង្កាច់​កេរ្តិ៍ ហាក់​ធ្វើ​ឲ្យ​អ្នក​ផ្សេងៗ​ទៀត​ហ្នឹង​លែង​ហ៊ាន​បញ្ចេញ​មតិ​យោបល់​ទាំង​អស់​ហើយ»

ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៣០៥ ចែង​ថា គ្រប់​ការ​អះអាង​បំផ្លើស ឬ​ទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណា​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​ស្ថាប័ន គឺ​ជា​ការ​បរិហារកេរ្តិ៍។ ចំណែក​ការ​ជេរ​ប្រមាថ​ជា​សាធារណៈ គឺ​គ្រប់​ពាក្យ​ប្រមាថ​មើល​ងាយ ឬ​ពាក្យ​ទ្រគោះ​ដែល​គ្មាន​ការ​ទម្លាក់​កំហុស​ទៅ​លើ​អំពើ​ណា​មួយ គឺ​ជា​ការ​ជេរ​ប្រមាថ។

បញ្ញត្តិ​ទោស​នៃ​អំពើ​ល្មើស​ទាំង​ពីរ​នេះ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ១០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។