ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​មាន​សារសំខាន់​ដល់​សកម្មភាព​សេដ្ឋកិច្ចជាតិ

ខេត្តសៀមរាប ៖ ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​គឺ​មាន​សារសំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់​សកម្មភាព​សេដ្ឋកិច្ចជាតិ ជា​ពិសេស​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ ដែល​ជួយ​សម្រួល​ដល់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ការ​ផ្តល់​ឥណទាន​ដល់​ប្រតិបត្តិ​ករ​ឥណទាន​សម្រាប់​ទៅ​ផ្គត់ផ្គង់​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ៗ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​អំពី ដំណើរការ​ប្រព័ន្ធ​ទូទាត់​សម្រាប់​ក្របខ័ណ្ឌ​អាស៊ាន​៥​ប្រទេស កាលពី​ព្រឹក​ថ្ងៃ​ទី​២២ សីហា កន្លង​មក នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ខេត្តសៀមរាប ។

លោក ជា ចាន់​តូ បាន​មាន​ប្រសាសន៍​ថា​៖ « ប្រព័ន្ធ​ទូទាត់​នេះ​មាន​សារសំខាន់​ណាស់ ពិសេស​ផ្នែក​សេដ្ឋកិច្ច គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទូទាត់ និង​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម ពិសេស​នោះ ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​គឺ​ដើម្បី​បង្កើត​ជា​ឧបករណ៍ បង្កើត​ជា​មធ្យោបាយ បង្កើត​ជា​យន្តការ​សម្រាប់​ជួយ​សម្រួល ជួយ​ដោះស្រាយ និង​ជួយ​ដោះ​ដូរ​ទូទាត់​ពាណិជ្ជកម្ម​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ ។

ដោយឡែក ប្រព័ន្ធ​ទូទាត់​នេះ​មាន​សារសំខាន់​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ គឺ​ជួយ​សម្រួល​ដល់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ក្នុង​ការ​ផ្តល់​ឥណទាន (​លុយ​) ឲ្យ​ខ្ចី​ដល់​ប្រតិបត្តិ​ករ​ឥណទាន​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ៗ​ទៀត​ទៅ​តាម​វិស័យ​។ ឧទាហរណ៍ វិស័យ​កសិកម្ម យើង​ផ្តល់​ឥណទាន​ដល់​វិស័យ​កសិកម្ម​, វិស័យ​ឧស្សាហកម្ម យើង​ផ្តល់​ឥណទាន​ដល់​វិស័យ​ឧស្សាហកម្ម និង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម យើង​ផ្តល់​ឥណទាន​ទៅ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​ឲ្យ​គេ​យក​ទៅ​ប្រកប​មុខរបរ និង​ជំនួញ​របស់​គេ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ » ។

លោក ជា ចាន់​តូ បាន​បន្ថែម​ថា បើសិន​ប្រទេស​មួយ​មាន​ប្រព័ន្ធ​ទូទាត់​នេះ គឺ​បង្ហាញ​ថា ប្រទេស​នោះ គឺ​ចាប់ផ្តើម​មានការ​អភិវឌ្ឍ​រីក​ចម្រើន ប្រទេស​នោះ​ចាប់ផ្តើម​មានការ​សម្រួល​ដល់​ការ​អភិវឌ្ឍ​នៃ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ។ ដូច្នេះ​ហើយ​ប្រព័ន្ធ​ទូទាត់​នេះ​គឺ​មាន​សារសំខាន់​ចំពោះ​សេដ្ឋកិច្ចជាតិ ហើយ​ប្រព័ន្ធ​នេះ​ចាំបាច់​ណាស់​មានការ​គ្រប់គ្រង​តាម​ផ្លូវច្បាប់​ដោយ​ធនាគារកណ្តាល អីចឹង​ហើយ​បានជា​ថ្ងៃនេះ មន្ត្រី​ធនាគារកណ្តាល​ចំនួន​៥​ប្រទេស​មាន ព្រុយ​ណេ ឡាវ មី​យ៉ា​ន់​ម៉ា វៀតណាម និង​កម្ពុជា នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ទាំង​១០ បាន​មក​ជួបជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​រីក​ចម្រើន ក្នុង​គោលបំណង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​នេះ ប្រៀបធៀប​ទៅ​នឹង​ប្រទេស​អាស៊ាន​៥​ទៀត ក៏​ដូច​ជា​ប្រទេស​អភិវឌ្ឍន៍​ខ្ពស់ ដើម្បី​ខិតខំ​ធ្វើ​យ៉ាងណា ឲ្យ​ការ​អភិវឌ្ឍ​របស់​យើង​ស្រប​ទៅ​នឹង​ប្រទេស​ទាំងនោះ ។

លោក​បាន​បញ្ជាក់​ថា ៖ « ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​ទាំងអស់​គ្នា យើង​ត្រូវ​រួម​គ្នា​ដើម្បី​អភិវឌ្ឍ ហើយ​ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​ដូច​គ្នា​និង​ប្រហែល​គ្នា​នោះ គឺ​យើង​ត្រូវ​ខិតខំ​បង្កើន​នូវ​បណ្តាញ​ការងារ​ប្រទាក់ក្រឡា​គ្នា ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​ដូច​គ្នា និង​ដើម្បី​ទាំងអស់​គ្នា » ។

គួរ​រំលឹក​ថា សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​២៦ ខែសីហា ឆ្នាំ​២០១៦ ។ នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​កម្ពុជា​ធ្វើ​សិក្ខាសាលា ដែល​រៀបចំ​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ៕