អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តក្រចេះ មិន​ចាត់វិធានការ​ករណី​ជនជាតិ​យួន​យក​ទីតាំង​មាត់ទន្លេ​ធ្វើជា​កន្លែង​កែច្នៃ​ឈើ​ប្រណីត​

មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ គិតគូរ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​មាត់ទន្លេ​មេគង្គ​ក្នុង​ក្រុង​ក្រចេះ​ជាបន្ទាន់ កុំ​ឲ្យ​ជនជាតិ​យួន​យក​ទីតាំង​នេះ​ធ្វើជា​កន្លែង​កែច្នៃ​ឈើ​ប្រណីត​និង​ជួញដូរ​ឈើ​ប្រណីត​តទៅទៀត​។ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា មាន​ជនជាតិ​យួន​ជាច្រើន​គ្រួសារ​បានមក​តាំងទី​លំនៅ​តាម​មាត់ទន្លេ​ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ហើយ​បើក​ជា​កន្លែង​សិប្បកម្ម​កែច្នៃ​ឈើ​ជាង​២០​កន្លែង​យ៉ាង​រលូន​។ តាម​កន្លែង​សិប្បកម្ម​ទាំងនោះ​គឺជា​ទីតាំង​ជួញដូរ​ឈើ​ប្រណីត​ផងដែរ ហើយ​កន្លងមក​មន្ត្រី អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ទាល់តែសោះ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ការដែល​ជនជាតិ​យួន​តាំង​ទីលំនៅ​និង​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ជាង​២០​កន្លែង​តាម​មាន់​ទន្លេមេគង្គ​ក្នុង​ក្រុង​ក្រចេះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ទន្លេ ក៏ដូចជា​សណ្ដាប់ធ្នាប់​ស​ង្គ​ម​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ចាត់វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ កុំ​ឲ្យ​ជនជាតិ​យួន​បង្ក​ភាពអនាធិបតេយ្យ​តាម​មាត់ទន្លេ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ជាពិសេស​នគរបាល​អ​ន្តោ​ប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ គួរ​ត្រួតពិនិត្យ​ទៅលើ​ការរស់នៅ​របស់​និគមជន​យួន​ដែល​កំពុងបើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ​ក្នុង​ក្រុង​ក្រចេះ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ក្រុង​ក្រចេះ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​ជនជាតិ​យួន​អាច​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​ជួញដូរ​ឈើ​ប្រណីត​នៅ​តំបន់​មាត់ទន្លេ​នៃ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ គឺមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ជា​ប្រព័ន្ធ​តែម្តង​។ ហេតុនេះហើយ​ទើប​កន្លងមក​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត និង​បទល្មើស​ជួញដូរ​ឈើ​ប្រណីត​របស់​ជនជាតិ​យួន​នោះឡើយ​។ ជាងនេះទៅទៀត​ជនជាតិ​យួន​ដែល​រស់​នៅតាម​មាត់ទន្លេ​ក្នុង​ក្រុង​ក្រចេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​បរិស្ថាន ដូច្នេះ​អាជ្ញាធរ​ខេត្តក្រចេះ និង​ស្នងការ​នគរបាល​ខេត្តក្រចេះ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​៕

13308643_279766155689227_3443154075937112861_oលោក លន់ សុផាត ស្នងការនគរបាលខេត្កក្រចេះ 14064306_1343006499057733_7594692833816610642_n     ​