បុរសម្នាក់ត្រូវរថយន្តបុកកិនយ៉ាងសាហាវ តែគ្មាននរណាម្នាក់អើពើ និងថែមទាំងលួចយកទួរស័ព្ទទៀត (VDO)

នេះជាគ្រោះថ្នាក់ដ៏រន្ធត់មួយ ដែលបុរសម្នាក់ត្រូវបានរថយន្តដឹកទំនិញ១គ្រឿងបុកទាំងកម្រោល នៅលើដងផ្លូវមួយ១កន្លែងក្នុងទីក្រុង New Delhi ។ ប៉ុន្តែ អ្វីគួរឲ្យហួសចិត្តនោះ គឺបណ្តាអ្នកថ្មើរជើង និងអ្នកធ្វើដំណើរតាមរថយន្ត ម៉ូតូ ដែលបើកឆ្លងកាត់កន្លែងកើតហេតុនេះ ពុំយកភ្នែកមើលឡើយ ដោយទុកឲ្យបុរសរងគ្រោះដេកស្តូកស្តឹងរហូតដាច់ខ្យល់ស្លាប់យ៉ាងអណោចអាធមជាទីបំផុត ។

ខ្សែអាត់វីដេអូយកចេញពីកាមេរ៉ាឃ្លាំមើល បានបង្ហាញឲ្យបុរសម្នាក់ ត្រូវបានបុកដោយរថយន្តដឹកទំនិញធុនតូច នៅវេលាម៉ោង ៥ និង ៤០ ព្រឹក ថ្ងៃពុធ កន្លងទៅនេះ ខណៈគាត់កំពុងដើរក្បែរចិញ្ចឹមផ្លូវ ។ បុរសរងគ្រោះនោះ ដែលគេបានដឹងថា បានកំពុងប្រកបការងារ២កន្លែង ដើម្បីចិញ្ចឹមគ្រួសារមួយរស់នៅកន្លែងផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌា ត្រូវបានឃើញហើរប៉ើងដូចស្លឹក និងធ្លាក់មកដីវិញគួររន្ធត់ បន្ទាប់ពីត្រូវរថយន្តបុក ។ ខណៈនោះផងដែរ អ្នកបើកបរបង្កបានចុះពីរថយន្ត និងបានត្រឹមអើតមើលបុរសរងគ្រោះបន្តិច ហើយក៏បន្តដំណើរទៅបាត់ស្រមោលតែម្តង ។

ប៉ុន្មាននាទីក្រោយមក វីដេអូក៏បានបង្ហាញឲ្យឃើញបុរសម្នាក់ បានមកឈប់នៅកន្លែងកើតហេតុ ដោយពុំអើពើនឹងជនរងគ្រោះឡើយ ។ ប៉ុន្តែ បែរជាធ្វើទង្វើដ៏ថោកទាប លួចលួចទូរស័ព្ទរបស់ជនរងគ្រោះដែលកំពុងដេកស្តូកស្តឹងក្បែរចិញ្ចឹមផ្លូវដើ យ៉ាងព្រងើយ ។

គួរបញ្ជាក់ថា ជនរងគ្រោះបានដេកនៅទីនោះអស់រយៈពេលជិត ៣០ នាទី ទម្រាំមិត្តរបស់គាត់ម្នាក់បានមកដល់ និងផ្តល់ដំណឹងទៅប៉ូលីស ។ បុរសសង្គ្រោះជាអកុសលបានដាច់ខ្យល់ស្លាប់ ខណៈពេលត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យភ្លាម ៕


Related Posts