សេដ្ឋកិច្ច​តៃវ៉ាន់​នឹង​កើនឡើង​1,22% នៅ​ឆ្នាំ​2016 នេះ

កោះ​តៃវ៉ាន់ ៖ នាយកដ្ឋាន​ស្ថិតិ​របស់ តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​១៩ សីហា កន្លង​មក បាន​កែប្រែ​ការ​ព្យាករ​របស់​ខ្លួន​សម្រាប់​កំណើន សេដ្ឋកិច្ច​នៃ​កោះ​មួយ​នេះ ទៅ​១,២២%​នៅ​ឆ្នាំ​២០១៦ បន្ទាប់​ពី​កំណើន​មាន​ភាពល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ។ តាម​តួលេខ​បង្ហាញ​ថា ០,១៦% បាន​កើនឡើង​លើស​ការ​ព្យាករ​ដែល​ធ្វើ​ឡើង​ដោយ​នាយកដ្ឋាន កាលពី​ខែឧសភា ។

សេដ្ឋកិច្ច​នៃ​កោះ​តៃវ៉ាន់​បាន​កើនឡើង​បន្ថែម​០,២៣%​លើ​មូលដ្ឋាន មិន​រួម​បញ្ចូល​រដូវ​កាល​ប្រចាំត្រីមាស​នៅ​ត្រីមាស​ទី​២ ។ នេះ​បើ​តាម​តួលេខ​ចុង​ក្រោយ​បាន​បង្ហាញ ។

ជា​រៀង​រាល់​ឆ្នាំ សេដ្ឋកិច្ច​នៃ​កោះ​នេះ​បាន​កើនឡើង​០,៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ដំណើរការ​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​នេះ មិន​ត្រឹមតែ​បាន​ផ្តួល​ការ​ព្យាករ​កំណើន​០,៤៨% ដែល​ធ្វើ​ឡើង​កាលពី​ខែឧសភា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្ហាញ​ថា កំណើនសេដ្ឋកិច្ច​របស់​កោះ​តៃវ៉ាន់​បាន​វិល​ត្រឡប់​ទៅ​រក​ភាព​វិជ្ជមាន​វិញ បន្ទាប់​ពី​ធ្លាក់​ចុះ​អស់​រយៈពេល​៣​ត្រីមាស​ជាប់​គ្នា ។

នាយកដ្ឋាន​នេះ​និយាយ​ថា សេដ្ឋកិច្ច​របស់​តៃវ៉ាន់​មាន​ភាព​ប្រសើរ​ឡើង​ជាង​ការ​រំពឹង​ទុក ដោយសារ​ការ​នាំ​ចេញ​ទំនិញ​ក្នុងស្រុក និង​សេវាកម្ម ។ លើស​ពី​នេះ​ទៀត ការ​ពង្រីក​ការ​លក់រាយ​ក្នុងស្រុក និង​ការ​រៀបចំ​ម្ហូបអាហារ ក៏​បាន​រួមចំណែក​ធ្វើ​ឱ្យ​មាន​កំណើន​នេះ​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ នាយកដ្ឋាន​បាន​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​របស់​កោះ​មួយ​នេះ​នឹង​កើនឡើង​១,៨៨%​នៅ​ក្នុង​ឆ្នាំ​២០១៧ ដោយ​លើក​ឡើង​ពី​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ដែល​វា​អាច​ជួយ​រក្សា​កំណើនសេដ្ឋកិច្ច​នៅ​លើ​កោះ​នេះ​បាន ៕