អ្នក​ចាំ​ទី​ កែវ សុខសិលា ​រៀប​រាប់​ពី​ការ​ប្រឡង​បាក់ឌុប​ដែល​ចប់​ម្សិល​មិញ​

អ្នក​ចាំ​ទី​វ័យ​ក្មេង​ដៃ​ទី​១​របស់​ភ្នំពេញ​ក្រោន​ និង​ជម្រើស​ជាតិ​កម្ពុជា​ កែវ សុខសិលា​​រំពឹង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ដល់​​៦០​%​​សម្រាប់​ការ​ប្រឡង​ដែល​បញ្ចប់​កាល​ពី​ល្ងាច​​ថ្ងៃ​អង្គារ​ ទី​២៣​ សីហា​ ម្សិល​មិញ។

 

អ្នក​ចាំ​ទី​ កែវ សុខសិលា ​រៀប​រាប់​ពី​ការ​ប្រឡង​បាក់ឌុប​ដែល​ចប់​ម្សិល​មិញ​ កែវ សុខសិលា

 

កែវ សុខសិលា ​​ដែល​​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ជម្ពូវ័ន្ត​បាន​ប្រាប់​ថា​ និយាយ​ជា​រួម​សម្រាប់​ការ​ប្រឡង​រយៈ​ពេល​២​ថ្ងៃ​ រូប​គេ​ធ្វើ​បាន​ល្អ​ច្រើន​ដែល​ធ្វើ​ឲ្យ​រូប​គេ​សង្ឃឹម​ជាប់​ច្រើន។ «ដោយ​សារ​ខ្ញុំ​ជាប់​រវល់​លេង​បាល់​ច្រើន​​ទើប​ខ្ញុំ​មិន​សូវ​មាន​រៀន ខ្ញុំ​សង្ឃឹម​ជាប់​យ៉ាង​ហោច​ណាស់​ក៏​៦០​ភាគ​រយ​ដែរ»។

 

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ចាំ​ទី​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​២​ថ្ងៃ​នៃ​ការ​ប្រឡង​កន្លង​ទៅ​នេះ​ រូប​គេ​ជួប​​អត់​សូវ​ចេះ​មុខ​វិទ្យា​ជា​ច្រើន​​​គឺ​រូប​វិទ្យា គីមី​វិទ្យា​ ជីវវិទ្យា និង​គណិត​វិទ្យា​ ដោយ​សារ​ជាប់​លេង​បាល់ទាត់​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោន​ និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែល​មិន​សូវ​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​រៀន។

 

អ្នក​ចាំ​ទី​ កែវ សុខសិលា ​រៀប​រាប់​ពី​ការ​ប្រឡង​បាក់ឌុប​ដែល​ចប់​ម្សិល​មិញ​ កែវ សុខសិលា

 

កែវ សុខសិលា​បាន​លេង​បាល់​ទាត់​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោន​​តាំង​ពី​ក្រុម​យុវជន​រហូត​ដល់​ក្រុម​ធំ។ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​​រូប​គេ​បាន​ជាប់​ឈ្មោះ​ជា​អ្នក​ចាំ​ទី​ឆ្នើម​ក្នុង​ពាន​រង្វាន់​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ បើ​ទោះ​ជា​បង្ហាញ​ខ្លួន​បាន​ប៉ុន្មាន​ប្រកួត​ ប៉ុន្តែ​ចូល​ឆ្នាំ​២០១៦​នេះ​រូប​គេ​ជាប់​ដៃ​ទី​១​រហូត​ និង​ជាប់​ឈ្មោះ​​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ថែម​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សូម្បី​តែ​ក្រុម​យុវជន​ជម្រើស​ជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ក៏​រូប​គេ​ជាប់​ឈ្មោះ​ដែរ​ ដូច្នេះ​រូប​គេ​ពិត​ជា​រវល់​ខ្លាំង​​​​៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​