ចំណុច​២​សំខាន់ៗ នៃ​អាហារូបករណ៍​ជា​អ្វី?

សិស្ស​និស្សិត​ដែល​ធ្លាប់​ចូលរួម​​ប្រកួត​ប្រជែង​ស្នើសុំ​អាហារូបករណ៍​បរទេស អាច​នឹង​ដឹង​ពី​​ចំណុច​សំខាន់​២នៃ​សំណុំ​ឯកសារ​​អាហារូបករណ៍។ តើ​ចំណុច​ទាំង២​នោះ​ជា​អ្វី? ហើយ​វា​សំខាន់​ប៉ុណ្ណា?

 

ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់​ទាំង២​នៃ​អាហារូបករណ៍ គឺ ​សំណេរ​អំពី​ខ្លួន​ឯង

 

តើ​សំណេរ​​អំពី​ខ្លួន​ឯង​គឺ​ជា​អ្វី? ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​ពាក្យ​ស្នើសុំ​អាហារូបករណ៍?
សំណេរ​អំពី​ខ្លួន​ឯង គឺ​ជា​ការ​រៀបរាប់​អំពី​ខ្លួន​អ្នក និង​ដំណើរ​ជីវិត​របស់​អ្នក​ដោយ​រំលេច​នូវ​រឿង​រ៉ាវ ឬ​ព្រឹត្តិការណ៍​ដែល​ជំរុញ​ឲ្យ​អ្នក​មាន​ការ​ផ្លាស់​ប្តូរ ឬ​កែ​ប្រែ​នូវ​ភាព​អសកម្ម ព្រម​ទាំង​បង្ហាញ​ពី​ការ​តស៊ូ លទ្ធផល​ជោគជ័យ ក្ដី​សង្ឃឹម ចំណង់​ចំណូល​ចិត្ត និង​គម្រោង​ទៅ​ថ្ងៃ​អនាគត​របស់​អ្នក។ សំណេរ​មួយ​នេះ​គឺ​ជា​ការ​​ឆ្លុះបង្ហាញ​ពី​ខ្សែ​ជីវិត និង​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​គណៈ​កម្មការ​អាហារូបករណ៍ អាច​ស្គាល់​រូប​អ្នក​កាន់​​តែ​ច្បាស់​ថា​អ្នក​ជា​នរណា។ ទន្ទឹម​គ្នា​នឹង​នេះ អត្ថន័យ​នៃ​សំណេរ​អំពី​ខ្លួន​អ្នក នឹង​បញ្ជាក់​ថា​អ្នក​ជាបុគ្គល​ដែល​មាន​ក្ដី​សង្ឃឹម ការ​តស៊ូ​ព្យាយាម​កម្រិត​ណា និង​គោល​​បំណង​នៃ​ជីវិត​ទៅ​ថ្ងៃ​អនាគត​ច្បាស់​លាស់​ប៉ុណ្ណា។ សំណេរ​អំពី​ខ្លួន​ឯង​ដែល​ល្អ គឺ​រៀប​រាប់​ប្រទាក់​ក្រឡា​គ្នា​នៃ​ប្រវត្តិ​ការ​តស៊ូ​នា​អតីតកាល ភាព​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន និង​គម្រោង​ជីវិត​នា​ពេល​អនាគត​របស់​អ្នក។

 

ចំនុចទី​២ គឺ​ផ្ដោត​ទៅ​លើ​គម្រោង​សិក្សា​របស់​អ្នក។ គម្រោងសិក្សា គឺជា​សំណេរ​មួយ​ដែល​អ្នក​សរសេរ​ឡើង​ដោយ​ពឹង​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិត​ល្អន់​លើ​មុខវិជ្ជា និង​សកល​វិទ្យាល័យ​ដែល​អ្នក​ជ្រើស​រើស បូក​ផ្សំ​ជាមួយ​មូលហេតុ​ជាក់លាក់​នៃ​ការ​ជ្រើស​រើស​នេះ។ មូលហេតុ​ទាំងនេះ​បាន​មក​ពី​ការ​មើល​ឃើញ​នូវ​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម ឬ​ភាព​ខ្វះ​ចន្លោះ​នៃ​វិស័យ​ដែល​អ្នក​ចង់​បន្ត​ការ​សិក្សា។ គម្រោង​សិក្សា​នឹង​នាំ​ឲ្យ​គណៈកម្មការ​​ដឹង​ច្បាស់​អំពី​គោល​បំណង​សិក្សា និង​គម្រោង​បន្ទាប់​ពីការ​សិក្សា​របស់​អ្នក ថា​តើ​អ្នក​ចង់​បាន​អ្វី​ពីការ​សិក្សា​នេះ ហើយ​យក​ចំណេះ​ដឹង​នេះ​មក​ធ្វើអ្វី​បន្ដ​ទៀត ជា​ពិសេស​ទៅ​លើ​បញ្ហា ឬ​ភាព​ខ្វះ​ចន្លោះ​ដែល​ជា​មូលហេតុ​ជំរុញ​អ្នក​ជ្រើស​យក​មុខ​ជំនាញ​នេះ​មក​សិក្សា​ស្រាវជ្រាវ។

 

នៅ​ក្នុង​សន្និសីទ​អាហារូបករណ៍​លើក​ទី​៥ ​ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃទី​០៤ ខែកញ្ញា​ ខាង​មុខនេះ​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា ក​ម្ពុជា (តិចណូ) តំណាង​ស្ថាន​ទូត និង​ស្ថាប័ន​អាហារូបករណ៍​នឹង​ពិភាក្សា​យ៉ាង​លម្អិត​អំពី​វិធីសាស្រ្ត​ក្នុង​ការ​សរសេរ សំណេរ​អំពី​ខ្លួន​ឯង និង​គម្រោង​​សិក្សា​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ទទួល​បាន​ពិន្ទុ​ខ្ពស់​ពី​គណៈ​កម្មការ​អាហារូបករណ៍។

 

ចំណុច​២​សំខាន់ៗ នៃ​អាហារូបករណ៍​ជា​អ្វី?

 

នេះ​ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ក្នុង​ការ​ពង្រឹង​សមត្ថភាព និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ចាប់​យក​អាហារូបករណ៍​បរទេស។

 

ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង 012 230 140 និង 010 911 776 ឬ Facebook: Anussa Event Planner។ កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា ឧបត្ថម្ភធំ​ដោយ​ក្រុមហ៊ុន​ថ្នា​ពណ៌ជាតិ និង ក្រុមហ៊ុន​ស្តារអូតូ Cambodia៕

 

អត្ថបទៈ ដៃគូសហការ