លោក ហូរ វ៉ាន់ និង​សហការី ដឹកនាំ​ការពិភាក្សា​ផ្ដោត​សំខាន់​ទៅលើ​វិមជ្ឈការ​ថវិកា​

នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃនេះ​មាន​រៀបចំ​វេទិកា​នយោបាយ ប្រធានបទ វិមជ្ឈការ​ឃុំ​-​សង្កាត់ ដឹកនាំ​ដោយ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ និង​សហការី​ដោយ​ធ្វើការ​ពិភាក្សា​ផ្ដោត​សំខាន់​ទៅលើ​គោលនយោបាយ​វិមជ្ឈការ​ថវិកា​។ គួរ​បញ្ជាក់ថា គោលនយោបាយ​វិមជ្ឈការ​ថវិកា គឺជា​ផ្នែក​សំខាន់​មួយ​ក្នុងចំណោម​គោលនយោបាយ​វិមជ្ឈការ​អំណាច​៣​ដ៏​សំខាន់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ត្រូវ​ឆ្លងកាត់​វិមជ្ឈការ​៣​យ៉ាង​គឺ​៖ ទី​១-​វិមជ្ឈការ ថវិកា ទី​២-​វិមជ្ឈការ ធនធានមនុស្ស និង​ទី​៣-​វិមជ្ឈការ សេវាសាធារណៈ​។​

ក្នុងឱកាស​ធ្វើការ​ពិភាក្សា​ផ្ដោត​សំខាន់​ទៅលើ​វិមជ្ឈការ​ថវិកា ដែលមាន​ការចូលរួម​ពី​មេឃុំ​ជាប់ឆ្នោត​មកពី​ខេត្តកំពង់ចាម លោក ហូរ វ៉ាន់ បាន​បញ្ជាក់ថា ការធ្វើ​វិមជ្ឈការ និង​ការទទួលខុសត្រូវ​សង្គម​ទៅដល់​ថ្នាក់ដឹកនាំ​មូលដ្ឋាន ឃុំ​-​សង្កាត់ រួមជាមួយ​នឹង​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព គួបផ្សំ​ជាមួយនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ ជា​គោលនយោបាយ​សំខាន់​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បាន​សង្កត់ធ្ងន់ថា នយោបាយ​វិមជ្ឈការ​ថវិកា មិន​ត្រឹមតែ​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការងារ​នោះទេ តែ​ក៏​វា​បង្ហាញ​ពី​តម្លាភាព​នៃ​ការងារ​ដែលជា​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្រកាន់ខ្ជាប់​។​

គួរ​បញ្ជាក់ថា កាលពី​ខែកក្កដា​កន្លងមក ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្រមូល​នូវ​សក្តានុពលភាព​របស់ខ្លួន ផ្ដោតទៅលើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​។ ដូច្នេះ​គោលនយោបាយ​ជា​អាទិភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការបោះឆ្នោត​មូលដ្ឋាន​គឺ វិមជ្ឈការ​អំណាច​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា គោលនយោបាយ​វិមជ្ឈការ​អំណាច ត្រូវ​ឆ្លងកាត់​វិមជ្ឈការ ៣​យ៉ាង​គឺ​៖ ទី​១-​វិមជ្ឈការ ថវិកា ទី​២-​វិមជ្ឈការ ធនធានមនុស្ស និង​ទី​៣-​វិមជ្ឈការ សេវាសាធារណៈ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​បានបញ្ជាក់​ថា ជំនឿ​ទំនុក​ទុកចិត្ត​មកលើ​សង្គ្រោះ​ជាតិ ដែល​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខ្លាំងក្លា​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គឺ​អាស្រ័យ​ដោយ​ក្រុម​ដឹកនាំ​មូលដ្ឋាន​ភូមិ​-​ឃុំ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ដោយសារ​ការផ្សារភ្ជាប់រ​វាង​ប្រជាពលរដ្ឋ​ជាមួយនឹង​ក្រុម​ដឹកនាំ​មូលដ្ឋាន​ដោយផ្ទាល់ ដែលជា​អ្នក​ផ្សព្វផ្សាយ​សារ​នយោបាយ និង​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​៕

14117971_1439102336107061_6578653736816648068_n 14034834_1439102756107019_6541857162142308852_n 14045661_1439102709440357_463502329744525756_n