យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វ៊ី​លី​ពី​ន​មួយ​ថ្ងៃ​ស្លាប់​36​នាក់

យោង​តាម​ប៉ូលិស​ហ្វ៊ី​លី​ពី​ន​ថា មនុស្ស​ជាង​១.៩០០​នាក់ ហើយ​បាន​ត្រូវ​សម្លាប់​ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដែល​បើក​ធ្វើ​ចាប់តាំងពី​ការ​ជាប់​ឆ្នោត​របស់​ប្រធានាធិបតី​ថ្មី លោក RODRIGO DUTERTE ពី​ខែឧសភា​មក ។ បើ​គិត​ជា​មធ្យមភាគ យុទ្ធនាការ​នេះ​សម្លាប់​មនុស្ស​៣៦​នាក់​ក្នុង​មួយ​ថ្ងៃ ។

មាន​រហស្សនាម​ថា «​អ្នក​ដាក់ទោស​» លោក RODRIGO DUTERTE បាន​ជាប់​ឆ្នោត​ដោយសារ​ការ​សន្យា​របស់​លោក​បញ្ចប់​ការ​រត់ពន្ធ​គ្រឿងញៀន​ក្នុង​ប្រទេស ។

ប្រមុខ​ប៉ូលិស​ហ្វ៊ី​លី​ពី​ន លោក RONALD DELA ROSA អះអាង​នៅ​មុខ​គណៈកម្មការ​ព្រឹទ្ធសភា​មួយ​ថា ប៉ូលិស​ពុំ​បាន​ទទួល​ការ​ណែនាំ​ឱ្យ​កម្ទេច​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន និង​ពួក​អ្នក​សេព​គ្រឿងញៀន​ឡើយ ។

មុន​នេះ​ប្រមុខ​ប៉ូលិស​រូប​នេះ​អះអាង​ប្រាប់​គណៈកម្មការ​ដដែល​ពី​ចំនួន​អ្នក​ស្លាប់ ដោយសារ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន រួច​តួលេខ​ដែល​លោក​ផ្តល់​ថ្មី​ចំនួន​អ្នក​ស្លាប់​លើស​ថែម​១០០​នាក់​ទៀត ។

ព្រឹទ្ធ​សមាជិក​លោក FRANK DRIGON ក្រោយ​សេចក្តីរាយការណ៍​របស់​ប្រមុខ​ប៉ូលិស​លោក RONALD DELA ROSA ពី​តួលេខ​អ្នក​ស្លាប់​ថ្លែង​ថា យើង​ទាំងអស់​គ្នា​មានការ​ព្រួយបារម្ភ​ចំពោះ​ចំនួន​អ្នក​ស្លាប់​ច្រើន​បែប​នេះ ។

ការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​លើ​វិធីសាស្ត្រ​របស់​ប៉ូលិស​ដឹកនាំ​ធ្វើ​ដោយ​អ្នកប្រឆាំង​យ៉ាង​ខ្លាំង​ម្នាក់​ចំពោះ​ប្រមុខរដ្ឋ គឺ​លោកស្រី​ព្រឹទ្ធ​សមាជិកា LEILA DE LIMA ដែល​ស្នើ​ដល់​បណ្តា​ប្រមុខ​ប៉ូលិស និង​បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​តស៊ូ​ប្រឆាំង​គ្រឿងញៀន​ឱ្យមក​ពន្យល់​ពី​ការ​កើន​ខ្ពស់​នៃ​ចំនួន​មនុស្ស​ត្រូវ​សម្លាប់​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។

អ​.​ស​.​ប និង​សហរដ្ឋ​អា​េ​ម​រិ​ក​សម្ព័ន្ធមិត្ត​សំខាន់​របស់​ហ្វ៊ី​លី​ពី​ន​បាន​បរិហារ​ចំពោះ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​បែប​នេះ ហើយ​អំពាវនាវ​ដល់​ក្រុង​ម៉ានីល​ឱ្យ​គោរព​សិទ្ធិ​មនុស្ស ។

ចំណែក​ប្រធានាធិបតី​លោក DUTERTE បាន​គំរាម​បណ្តា​ព្រឹទ្ធ​សមាជិក​ដែល​រិះគន់​វិធីសាស្ត្រ​របស់​លោក​ដោយ​លោក​ថា ពួក​គេ​អាច​ត្រូវ​សម្លាប់ ប្រសិនបើ​ពួក​គេ​សម្រេច​រារាំង​យុទ្ធនាការ​របស់​លោក ៕