មី​ស៊ី​ល​កូរ៉េ​ខាងជើង​រំលោភ​ដែនអាកាស​ជប៉ុន

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ​អា​បេ គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៤ សីហា ថា មី​ស៊ី​ល​មួយ​របស់​កូរ៉េ​ខាងជើង​ដែល​បាញ់​ចេញ​នា​ព្រឹក​ព្រលឹម​ពី​នាវាមុជទឹក​មួយ​គ្រឿង​បាន​ហោះ​ចូល​ក្នុង​តំបន់​ការពារ​អាកាស​របស់​ជប៉ុន​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។

ដកស្រង់​សម្តី​ដោយ​ទូរទស្សន៍​ជប៉ុន NHK លោក​អា​បេ ថ្លែង​ថា នេះ​ជា​លើក​ដំបូង​ហើយ ដែល​មី​ស៊ី​ល​មួយ​គ្រាប់​បាញ់​ចេញ​ដោយ​កូរ៉េ​ខាងជើង​ពី​នាវាមុជទឹក​មួយ​បាន​ធ្លាក់ ក្នុង​តំបន់​ការពារ​អាកាស​របស់​ប្រទេស​យើង ។ តំបន់​នេះ​ទាមទារ​ឱ្យ​បណ្តា​យន្តហោះ​ស៊ី​វិល​ប្រាប់​អត្តសញ្ញាណ​ជា​មុន​ដល់​ពួក​អ្នកត្រួតពិនិត្យ​យោធា ។

លោក​អា​បេ បន្ត​ថា នេះ​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មួយ​ដល់​សន្តិសុខ​របស់​ជប៉ុន ជា​អំពើ​គ្មាន​ការ​ទទួលខុសត្រូវ​ដែល​ពុំ​អាច​អត់ឱន​ឱ្យ​បាន ។

កាលពីដើម​ខែសីហា មី​ស៊ី​ល​មួយ​គ្រាប់​របស់​កូរ៉េ​ខាងជើង​បាន​ធ្លាក់​ជា​លើក​ដំបូង​ក្នុង​ដែនទឹក​ជប៉ុន ។ ក្រសួង​ការពារ​ប្រទេស​ជប៉ុន​បញ្ជាក់​ថា កាលពី​ខែមីនា​កន្លង​ទៅ មី​ស៊ី​ល​យ៉ាងតិច​មួយ​គ្រាប់​បាញ់​ចេញពី​ដែនដី​បាន​ធ្លាក់​ក្នុង​តំបន់ ហៅ​តំបន់ JADIZ នេះ ក៏​ប៉ុន្តែ​លើក​នេះ​ជា​មី​ស៊ី​ល​មួយ​បាញ់​ចេញពី​សមុទ្រ ។

ចំណែក​កងទ័ព​អា​េ​ម​រិ​ក​វិញ​បាន​បរិហារ​ការ​បាញ់​មី​ស៊ី​ល​នេះ​ថា​ជា​ការ​បង្កហេតុ​មួយ ដោយ​សន្យា​ធ្វើការ​តវ៉ា​ទៅ អ​.​ស​.​ប ៕