រញ្ជួយ​ដី​កម្លាំង​6,2​រី​ស្ទ័​រ​នៅ​ភាគ​កណ្តាល​អីុ​តា​លី

យោង​តាម​សាក្សី​ទាំងឡាយ ព្រមទាំង​ផ្នែក​ការពារ​ស៊ី​វិល​អីុតា​លី​ថា ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦,២​រី​ស្ទ័​រ កើត​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា នៅ​ភាគ​កណ្តាល​អីុតា​លី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥​នាក់ ហើយ​បំផ្លាញ​អគារ​ជា​ច្រើន​ដែល​អាច​កប់​មនុស្ស​ច្រើន​នាក់​ទៀត ។

យោង​តាម​ប្រភព​ទាំងនេះ​ថា មនុស្ស​២​នាក់​រក​ឃើញ​ស្លាប់​ក្នុង​គំនរ​បាក់បែក​នៃ​ផ្ទះ​របស់​ពួក​គេ​នៅ PESCARA DEL TRONTO សង្កាត់​មួយ​នៃ​តំបន់​ARQUATA ខេត្ត MARCHES​។ នោះ​ជា​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ ។ ចំណែក​មនុស្ស​២​នាក់​ទៀត​រក​ឃើញ​ស្លាប់​ក្នុង​គំនរ​បាក់បែក​នៅ AMATRICE តំបន់ LATIU មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ​។ រីឯ​អភិបាលក្រុង ACCUMOLI ជា​ក្រុង​តូច​មួយ​ស្ថិត​នៅ​ជិត​ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​រាយការណ៍​ពី​មនុស្ស​ម្នាក់​ស្លាប់ ដោយ​និយាយ​ថា ក្រុង​នេះ​ត្រូវ​បំផ្លាញ​ប្រមាណ​ជា​ពាក់កណ្តាល​។ ចំណែក​មនុស្ស​៤​នាក់​នៃ​គ្រួសារ​មួយ​មានកូន​២​នាក់​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក ។

យោង​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS ថា ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​៦,២​រី​ស្ទ័​រ​កើត​មាននៅ​ភាគ​កណ្តាល​ឧបទ្វីប​អីុ​តា​លី​នា​ថ្ងៃ​ទី​២៤ សីហា វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក ហើយ​វា​ញ៉ាំង​ឱ្យ​មានការ​ញ័រ​រញ្ជួយ​ដល់ទី​ក្រុង​រ៉ូ​ម ។ ចំណុចកណ្តាល​របស់​វា​ស្ថិត​នៅ​ចម្ងាយ​១០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង NORCIA ជាទី​ក្រុង​មួយ​នៃ​តំបន់ OMBRIE ចម្ងាយ​ប្រមាណ​ជា​១៥០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ក្រុង​រ៉ូ​ម ។ អភិបាលក្រុង NORCIA លោក NICOLA D’ALEMANNO អះអាង​ថា ពុំ​មាន​អ្នក​ស្លាប់​ឡើយ​នៅ​ទីក្រុង​នេះ​មាន​តែ​អ្នក​របួសស្រាល​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ហើយ​ការ​ខូចខាត​មាន​កម្រិត​ក្នុង​ទីក្រុង​ទេសចរណ៍​នេះ ។ ឃុំ​២​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​គឺ​ឃុំ ACCUMOLI និង​ឃុំ AMATRICE ស្ថិត​នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង NORCIA ។

ការ​រញ្ជួយ​ដី​មួយ​កាលពី​ថ្ងៃ​ទី​៦ មេ​សា ឆ្នាំ​២០០៩ នៅ​តំបន់ AQUILA ភាគ​កណ្តាល​អីុ​តា​លី​កម្លាំង​៦,៣​រី​ស្ទ័​រ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ជាង​៣០០​នាក់ ៕