រឿងរ៉ាវ​កម្សត់​នៅ​ពីក្រោយ​ចោរប្លន់​ទូរស័ព្ទ​ដែល​ធ្វើ​អត្តឃាត

រឿងរ៉ាវ​កម្សត់​នៅ​ពីក្រោយ​ចោរប្លន់​ទូរស័ព្ទ​ដែល​ធ្វើ​អត្តឃាត



រាជធានី​ភ្នំពេញ ៖ ជា​រឿងរ៉ាវ​ដ៏​ចម្លែក និង​កំសត់​មួយ នៅ​ពីក្រោយ​ការ​ស្លាប់​របស់​ចោរប្លន់​ទូរស័ព្ទ​ម្នាក់ ដែល​បាន​បាញ់​សម្លាប់​ខ្លួន​ពេល​ដឹង​ថា​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ពី​ខាងក្រៅ​បន្ទប់​ជួល​ស្នាក់​នៅ​របស់​ខ្លួន ។

រឿងរ៉ាវ​កំសត់​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​ថា ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្លន់​ទូរស័ព្ទ​ដៃ បាន​ឈាន​ដល់​ការ​បាញ់​សម្លាប់​ខ្លួនឯង ក្នុង​បន្ទប់ទឹក ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ពី​ខាងក្រៅ ដែល​ខុស​ពី​សកម្មភាព​ជនសង្ស័យ​ដទៃ​ទៀត ដែល​ខ្លះ​អាច​តដៃ​ជាមួយ​សមត្ថកិច្ច​ឬ​បាន​ប្រគល់​ខ្លួន​ឱ្យ​ចាប់​នោះ ។

ប៉ុន្តែ​ករណី​មួយ​នេះ គឺ​ផ្ទុយ​ស្រឡះ​ពី​បទល្មើស​ដទៃ ពីព្រោះ​ថា ក្រោយ​ពី​មាន​ហេតុការណ៍​នេះ ក្រុម​គ្រួសារ​សព​ជនសង្ស័យ ដែល​មាន​ប្រពន្ធ​កូន​ឪពុក​ម្ដាយ​បាន​ចេញ​មុខ​មក​បំភ្លឺ និង​បកស្រាយ​ការ​ពិត ពី​រឿងរ៉ាវ​នៃ​ដំណើរ​ជីវិត​ដ៏​កំសត់​របស់​ជនសង្ស័យ​ដែល​ក្លាយ​ខ្លួន​ជា​ចោរប្លន់​ទូរស័ព្ទ ដែល​ធ្វើ​អោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​រំជួលចិត្ត​កើតក្ដី​អាណិតអាសូរ​ទៅ​វិញ ។

តាម​ការ​បំភ្លឺ​របស់​ភរិយា​ជនល្មើស បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ថា​៖ រូប​នាង​មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ ហើយ​ទៅ​ធ្វើការ​នៅ​ក្លឹ​ប​ស្នូ​ឃ័​រ ខេត្តសៀមរាប បាន​ជួប​ជាមួយ​បុរស​ឈ្មោះ ហេង សុខ​មាន ជា​បុគ្គលិក​ក្រុមហ៊ុន metfone និង​បាន​រៀប​ការ​គ្នា​ជា​ប្តី​ប្រពន្ធ ក្នុង​ឆ្នាំ​២០១១ នៅ​ស្រុក​កំណើត រួច​ត្រឡប់​ទៅ​ធ្វើការ​នៅ​ខេត្តសៀមរាប​វិញ​ដដែល ក្រោយមក​ប្តី​ខ្ញុំ​ឲ្យ​ខ្ញុំ​ឈប់​ធ្វើការ ដោយ​គាត់​ជា​អ្នក​រាប់​រង​ជីវភាព​ទាំងស្រុង ។

នាង​រៀបរាប់​ថា ប្តី​នាង​ធ្វើការ​បាន 160$ ក្នុង​១​ខែ ដោយ​គាត់​ចេះ​ចិន អង់គ្លេស និង​IT ច្បាស់ គាត់​បាន​សុំ​ក្រុមហ៊ុន​ឡើង​ប្រាក់ខែ តែ​ក្រុមហ៊ុន​មិន​ព្រម​ឡើង​ឲ្យ ថែម​ទាំង​កាត់​ប្រាក់​ហូប​ប្រចាំ​ថ្ងៃ និង​ថ្លៃ​សាំង​ទៀត ប្តី​នាង​ក៏​បាន​លាឈប់ ។ កាលនោះ​គ្រួសារ​ខ្ញុំ​បាន​ខ្ចី​លុយ​ធនាគារ​1,000​ដុល្លារ ដើម្បី​ទិញ​ម៉ូតូ ដោយ​យក​ប្លង់​ដី​ម្តាយ​នាង​នៅ​ពោធិ៍សាត់​ដាក់បញ្ចាំ តែ​ក្រោយមក​ម៉ូតូ​នោះ ត្រូវ​ចោរលួច​បាត់ ។

បន្ទាប់​មក​ប្តី​ខ្ញុំ​បាន​ដាក់​ពាក្យ​ធ្វើការ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត តែ​គ្មាន​អ្នក​ណា​ទទួល រហូត​បាន​ជាប់​ការងារ​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ ក្នុង​ខេត្ត​មណ្ឌល​គី​រី នាង​ក៏​បាន​ទៅ​ធ្វើការ​ជាមួយ​គ្នា ។

នាង​រៀបរាប់​ទៀត​ថា ពេល​នោះ​ពួក​នាង​ខិតខំ​សន្សំ​ប្រាក់​ធីប​ដែល​ភ្ញៀវ​ឲ្យ​រហូត​សងបំណុល​ធនាគារ​រួច និង​សល់​លុយ​មួយ​ចំនួន ពួក​ខ្ញុំ​ក៏​បាន​ខ្ចី​លុយ​ធនាគារ 5,000​ដុល្លារ​បន្ថែម​ទៀត ដើម្បី​បើកហាង​ហូប​ចុក​ខ្លួនឯង តែ​ក៏​ត្រូវ​ខាតបង់​អស់​គិត​ជា​ទឹកប្រាក់​ប្រហែល 30,000​ដុល្លារ ។

ក្រោយមក​ពួក​នាង​បាន​ត្រឡប់​មក​ខេត្តសៀមរាប​វិញ ប្តី​នាង​បាន​ម៉ៅ​ការ​សំណង់​ពី​ក្រុមហ៊ុន​ចិន​មួយ តែ​ថៅកែ​ចិន​បើក​លុយ​ឲ្យ​មិន​គ្រប់ ពួក​នាង​ក៏​បាន​ខ្ចី​លុយ​ធនាគារ​ម្តងទៀត ចំនួន 3500​ដុល្លារ ដើម្បី​បើក​ឲ្យ​ថ្លៃ​កម្មករ ។ ហើយ​ប្តី​នាង​បាន​ទៅ​ទទួល​ម៉ៅ​ការ​សំណង់​មួយ​កន្លែង​ទៀត នៅ​ខេត្តកោះកុង ។

ក្រោយ​ចប់​គម្រោង​នៅ​កោះកុង ប្តី​នាង​ក៏​បាន​ទៅ​រក​ម៉ៅ​ការ​នៅ​សំណង់​វា​រី​អគ្គី​ស​នី​ខេត្តស្ទឹងត្រែង តែ​ពេល​ទៅ​ដល់​ប្តី​នាង​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ គឺ​ជម្ងឺឈាមសស៊ីឈាមក្រហម​។

ពេល​នោះ​នាង​បាន​ខ្ចី​លុយ​ធនាគារ​ម្តងទៀត ដើម្បី​មើលជម្ងឺ​ប្តី ហើយ​បាន​មក​នៅ​ភ្នំពេញ​ដោយ​ស្នាក់​នៅផ្ទះ​មាមីង ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ។​ក្រោយមក​ចេញ​ទៅ​នៅផ្ទះ​ជួល​១​ខែ​៤០​ដុល្លារ​។ ប្តី​នាង​បាន​ប្រាប់​ថា គាត់​បាន​ទទួល​ម៉ៅ​ការ​សំណង់​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​អូ​ឡាំ
ពិ​ក ហើយ​គាត់​តែងតែ​ចេញ​ទៅ​ធ្វើការ​រៀង​រាល់​ព្រឹក និង​ត្រលប់​មក​ផ្ទះ​វិញ​រាល់​ល្ងាច មិន​ដែល​ដាច់​យប់​ណា​ទេ ។ ពួក​ខ្ញុំ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់ ស៊េរី​ឆ្នាំ​២០១២ ក៏​បាន​យក​ទៅ​បញ្ចាំ 600​ដុល្លារ ដើម្បី​បង់ការ​ប្រាក់ និង​ឲ្យ​ថ្លៃ​ឈ្នួល​ផ្ទះ​ផង​ដែរ​។ ក្រោយ​ពេល​បញ្ចាំ​ម៉ូតូ​បាន​ប៉ុន្មាន​ថ្ងៃ ប្តី​នាង​បាន​ជិះ​ម៉ូតូ​ចាស់​មួយ​គ្រឿង​មក​ផ្ទះ​ដោយ​ប្រាប់​ថា​ខ្ចី​គេ ។

នៅ​ថ្ងៃ​ទី​១៨ សីហា ២០១៦ ប្តី​ខ្ញុំ​បាន​ឲ្យ​លុយ​មក​ខ្ញុំ 200​ដុល្លារ សម្រាប់​បង់ថ្លៃ​ផ្ទះ​និង​សងការ​ប្រាក់​គេ ដោយ​ប្រាប់​ថា ជា​លុយ​ប្រាក់ខែ ។ យប់​នោះ​ប្តី​នាង​ចេះ​តែ​និយាយ​ប្លែក​ៗ ដោយ​ប្រាប់​ឲ្យ​ខ្ញុំ​ឱប​គាត់​ឲ្យ​ណែន ហើយ​សួរ​នាង​ថា បើ​អត់​ពី​បង​ទៅ​តើ​អូន​ចិញ្ចឹម​កូន​រស់​ទេ រួច​ហើយ​យក​កូន​មក​ដាក់​លើ​ដើមទ្រូង​និយាយ​ផ្តាំកូន​ថា បើ​អត់​ពី​ប៉ា​ទៅ​កូន​ត្រូវ​រក​មនុស្ស​ណា​ដែល​ល្អ​រស់នៅ​ជាមួយ​គេ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៩-​សីហា​-២០១៦ ម៉ោង​៦​ព្រឹ​កី នាង​ខ្ញុំ​បានលឺ​សំឡេង​គោះ​ទ្វារ​និង​ស្រែក​ខ្លាំង​ៗ ពី​ខាងក្រៅ នាង​ចង់ទៅ​បើក តែ​ប្តី​នាង​ចេះ​តែ​អោប​នាង​ជាប់ និង​ប្រាប់​កុំ​ឲ្យ​បើកទ្វារ​ទាំង​ខ្លួន​ញ័រ​ចំប្រប់ ហើយ​បាន​និយាយ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​អង្សា​បងហើយ ។ ពេល​នោះ​នាង​មិន​បាន​ចាប់អារម្មណ៍​សម្តី​គាត់ ដោយ​ប្រឹង​ផ្ទៀង​ស្តាប់​សម្លេង​នៅ​ខាងក្រៅ កំពុង​តែ​ស្តាប់​ស្រាប់តែ​លឺ​សូរ​សំឡេង​កាំភ្លើង​មួយ​គ្រាប់ ភ្លាម​នោះ​នាង​បាន​ងាក​ទៅ​រក​ប្តី តែ​មិនឃើញ ខ្ញុំ​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ឃើញ​ប្តី​ដួល​ស្លាប់​ឈាម​ជោគ​ជាំ​ក្នុង​បន្ទប់ទឹក​បាត់​ទៅ​ហើយ ។ ដោយ​ក្តី​តក់ស្លុត​នាង​ក៏​បាន​ដួល​ទៅ​លើ​ដី ហើយ​ប្រឹង​លូន​ទៅ​បើកទ្វារ​ឲ្យ​គេ​ជួយ ក៏​ឃើញ​សមត្ថកិច្ច​សម្រុកចូល ទៅ​មើល​ក្នុង​បន្ទប់ទឹក ។
នាង​ពិតជា​មិន​ដែល​ដឹង​សោះ​ថា ប្តី​ជា​ចោរ ហើយ​ក៏​មិន​ដែល​ដឹង​ថា គាត់​មាន​កាំភ្លើង​ដែរ នេះ​បើ​ដឹង​ម្ល៉េះ​ខ្ញុំ​ហាម​គាត់​មិន​ឲ្យ​ជ្រុលខ្លួន​ធ្វើ​រឿង​ទុច្ចរិត​អ​ញ្ចឹ​ង​ទេ ហើយ​ខ្ញុំ​ក៏​មិន​ក្លាយជា​ស្រី​មេម៉ាយ​ដូច្នេះ​ដែរ ។ ម្យ៉ាង​ខ្លួន​ជា​ស្រី ម្យ៉ាង​កូន​នៅ​ក្មេងខ្ចី សុទ្ធតែ​ស្រី​ដល់​ទៅ​៣​នាក់ ម្យ៉ាង​ជំពាក់​បំណុល​គេ ។

ពេល​ទទួល​បាន​ព័​ត៍​មាន​ពិត ដែល​រៀបរាប់​ដោយ​សុភាព​នៅ​ចំពោះ​មុខ​ដ៍ស​ង្វែ​ក​ចិត្ត​នោះ​ភ្លាម លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មានចិត្ត​អាណិតអាសូរ ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​៥​លាន​រៀល អង្ករ​៤​កា​រ៉ុ​ង ទឹក​សុទ្ធ​៤​កេស ទឹកក្រូច​២​កេស ទឺ​ក​ត្រី​២​យួរ ទឹក​ស៊ី​អុ​ី​វ​២​យួរ ជូន​ដល់​ស្ត្រី​ជា​ប្រពន្ធ​ដើម្បី​ទុកជា​ទុន​ក្នុង​ការ​ដោះស្រាយ​ជីវភាព និង​ការ​កសាង​អនាគត​ជា​ថ្មី កុំឱ្យ​មានរឿង​អកុសល​បែប​នេះ​ទៀត ៕