ស្វាយរៀង នឹងជម្នះប្រើកីឡាករនៅមានរបួស ដើម្បីស្វាគមន៍ភ្នំពេញក្រោន ថ្ងៃនេះ

ក្រុមព្រះខ័នរាជស្វាយរៀង គ្រោងនឹងប្រើប្រាស់កីឡាករនៅមានរបួសសំខាន់មួយចំនួន ដើម្បីបើកទ្វារកីឡដ្ឋានស្វាយរៀង ស្វាគមន៍ក្រុមភ្នំពេញក្រោន នាល្ងាចម៉ោង៦ ថ្ងៃពុធនេះ ហើយការបង្ខំចិត្តដាក់កីឡាករមិនទាន់ជាពីរបួសដាច់១០០ភាគរយនេះ ដោយសារតែព្រះខ័នរាជស្វាយរៀង គ្មានជម្រើសផ្សេង ពិសេសពួកគេចង់ស្វែងរកលទ្ធផលដ៏ល្អមួយ ដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រ ប៉ុន្តែភ្នំពេញក្រោន ក៏ត្រូវការឈ្នះ ដើម្បីបញ្ចប់រដូវកាលរបស់ខ្លួនជាមួយភាពរីករាយផងដែរ។

mm2

ក្រុមព្រះខ័នរាជស្វាយរៀង ធ្លាប់បានចាញ់ភ្នំពេញក្រោន ១-០ នៅក្រៅទឹកដី ក្នុងជើងទី១ ហើយការវិលមកជួបគ្នាលើកនេះ វាមិនត្រឹមតែជាពេលវេលាដែល ព្រះខ័នរាជស្វាយរៀង ត្រូវសងសឹក ភ្នំពេញក្រោន ប៉ុណ្ណោះទេ ប៉ុន្តែវាជាក៏ជាការប្រកួតដណ្តើមយកលេខ៤ នៃក្របខ័ណ្ឌកំពូលកម្ពុជា ប្រចាំរដូវកាលឆ្នាំ២០១៦ផងដែរ ខណៈពេលនេះ ភ្នំពេញក្រោន កំពុងឈរនៅលេខរៀងទី៤ស្រាប់ដោយមាន២៨ពិន្ទុ ឯព្រះខ័នរាជស្វាយរៀង ដែលទើបប្រកួតបាន១៦ដង ឈរនៅលេខរៀងទី៥ មាន២៥ពិន្ទុ។

យ៉ាងណាក៏ដោយ លោក សំ វ៉ាន់ដេត បាននិយាយថា៖«យើងគិតថា វាមិនសំខាន់ក្នុងការដណ្តើមយកលេខ៤ ឬលេខ៥អ្វីទៀតនោះទេ ប៉ុន្តែសំខាន់យើងត្រូវធ្វើឲ្យបានល្អ នៅចុងរដូវកាល។ នេះជាការប្រកួតនៅលើទឹកដី ហេតុនេះយើងត្រូវលេងដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាការលើកទឹកចិត្តដល់អ្នកគាំទ្រ ដែលពួកគាត់មានការអាក់អន់ស្រពន់ចិត្តជាមួយការលទ្ធផលមិនល្អកន្លងមក»។

mm3

នៅពេលសួរដល់បញ្ហារបួសកីឡាករ លោក សំវ៉ាន់ដេត បានបញ្ជាក់ថា៖«បញ្ហារបួសកីឡាករ វាចៀសមិនរួចនោះទេ ដោយសារយើងលេងជាប់ៗគ្នាច្រើនប្រកួតពេក ប៉ុន្តែដោយសារនៅក្នុងក្លិបយើងមានកីឡាករជា Key Player តែ២ទៅ៣នាក់ ហេតុនេះយើងនៅតែបង្ខំចិត្តដាក់ពួកគាត់ឲ្យលេង បើទោះបីជាពួកគាត់មិនទាន់ជាពីរបួស១០០ភាគរយក៏ដោយ។យើងដឹងថាទង្វើនេះវាមិនល្អ ប៉ុន្តែយើងខ្វះខាតធនធានកីឡាករ អ៊ីចឹងការសម្រេចចិត្តចុងក្រោយ ត្រូវដាក់ឲ្យលេង ដើម្បីបញ្ចប់រដូវកាលនេះ»។

យ៉ាងណាមិញ ក្រុមភ្នំពេញក្រោន កំពុងផ្តោតខ្លាំងលើការប្រកួតបញ្ចេប់រដូវកាលរបស់ខ្លួនលើកនេះ។ លោក សែម សំណាង គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយបន្ទាប់ពីឈ្នះ ភ្នំពេញក្រោន ឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-០ កាលពីចុងសប្តាហ៍មុនថា៖«យើងនៅសល់ការប្រកួតមួយទៀតសម្រាប់ឆ្នាំ២០១៦ នេះ ដើម្បីបញ្ចប់រដូវកាលទៅក្នុងចំណុចវិជ្ជមាន។ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះយើងមានលទ្ធផលល្អ២ទៅ៣ប្រកួត ហើយយើងសង្ឃឹមថា នឹងបញ្ចប់រដូវកាលទៅដោយការឈ្នះ មុននឹងកីឡាករសម្រាក ក៏ដូចជាកីឡាករមួយចំនួនជាប់ភារកិច្ចក្នុងក្រុមជម្រើសជាតិ ដើម្បីលើកទឹកចិត្ត ព្រមទាំងបង្ហាញទម្រង់លេងល្អឲ្យប្រទេសជាតិ»៕

table

The post ស្វាយរៀង នឹងជម្នះប្រើកីឡាករនៅមានរបួស ដើម្បីស្វាគមន៍ភ្នំពេញក្រោន ថ្ងៃនេះ appeared first on CamboSport.