វាយប្រហារ​បំផ្ទុះ​រថយន្ត​នៅ​ភាគ​ខាងត្បូង​ថៃ​ស្លាប់​ម្នាក់​របួស​ជាង​30​នាក់

ប៉ូលិស​ថៃ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤ សីហា ថា ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ​នៅ​ចុង​ខាងត្បូង​ថៃ​តំបន់​មាន​ឧទ្ទាម​កម្ម​បំបែក​ខ្លួន​និយម បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ ហើយ​ជាង​៣០​នាក់​រង​របួស ។ ការ​វាយប្រហារ​នេះ​កើត​មាន​មិន​ដល់​២​ស​ប្តា​ហ៍​ផង បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​នៅ​តាម​ទីតាំង​ទេសចរណ៍​ជាប់មាត់​សមុទ្រ​ទាំងឡាយ​មក ។

លោក THANONGSAK WANGSUPA អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ខេត្ត​ប៉ា​តានី ថ្លែងប្រាប់​AFP ថា សម្រាប់​ពេល​នេះ​តុល្យការ​នៃ​ការ​វាយប្រហារ​នោះ​មាន​មនុស្ស​ម្នាក់​ស្លាប់ និង​ជាង​៣០​នាក់​រង​របួស ។ អ្នក​ស្លាប់​ជា​ស្ត្រីជន​ស៊ី​វិល​ថៃ​ម្នាក់​អាយុ​៣៤​ឆ្នាំ ដែល​ស្ថិត​នៅ​ក្បែរ​សណ្ឋាគារ SOUTHERN WANGSUPA ជា​គោលដៅ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២៣ សីហា ។ សណ្ឋាគារ​នេះ​ស្ថិត​នៅ​សង្កាត់​ពាណិជ្ជកម្ម​នៃ​ទីប្រជុំជន​ខេត្ត​ប៉ា​តានី​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​កម្លាំង​ផ្ទុះ ។

នា​យប់​ថ្ងៃ​ទី​២៣ សីហា​នោះ គ្រាប់បែក​តូច​មួយ​ដំបូង​បាន​ផ្ទុះ​នៅ​ជិត​បារ​មួយ​ស្ថិត​នៅ​ជិត​សណ្ឋាគារ​នេះ បណ្តាល​ឱ្យ​ប្រជាជន​មានការ​ជ្រួលច្របល់ ។ ការ​ផ្ទុះ​គ្រាប់បែក​ទី​២ ដាក់​ក្នុង​រថយន្ត​មួយ​គ្រឿង​សំដៅលើ​ច្រកចូល​សណ្ឋាគារ​៤៥​នាទី​ក្រោយ​ការ​ផ្ទុះ​គ្រាប់បែក​ដំបូង ។ យោង​តាម​ប្រភព​មន្ទីរពេទ្យ​នានា​ថា ពុំ​មាន​ជនបរទេស​ណា​ម្នាក់​ក្នុង​ចំណោម​​អ្នក​របួស​ឡើយ ៕