មែនឬ? ទាល់តែដូរអភិបាល​រងទើបចុះបង្ក្រាប «ភក្តី​ ណេ​ត ​២៨៨» ​

រាជធានី​ភ្នំពេញ ​៖​ ទីតាំង​បើក​អ៊ីន​ធើរ​ណេ​ត​២៤​ម៉ោង​យីហោ​ «ភក្តី​ណេ​ត ២៨៨» ដែល​មាន​បង្កប់​ល្បែងស៊ីសង​​ ស្ថិត​នៅ​ផ្លូវ​លេខ​១១ ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ត្រូវ​បាន​អាជ្ញាធរ​ចុះ​បង្ក្រាបហើយ​ ដោយ​ដកហូត​បាន​កុំព្យូទ័រចំនួន​១១​គ្រឿង​ និង​ប្រាក់​​២០​ម៉ឺន​រៀល​។

ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩​ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​២៤ ​សីហា ​២០១៦​ ដែល​មាន​ការ​ដឹកនាំ​ដោយ​លោក​​សាំង សុ​ភៈ​វិចិត្រ អភិបាលរង​ខណ្ឌ​សែន​សុខ ។ តាម​​ប្រភព​​​​ថា ទីតាំង​បើក​ល្បែង​ស៊ីសងនេះ​ មាន​ម្ចាស់​ឈ្មោះសាន ភក្តី ភេទ​ប្រុស ​អាយុ​៣០ ឆ្នាំ ដោយ​បើក​លេង​ជា​យូរ​មក​​ហើយ អត់​មាន​អ្នក​​បង្ក្រាប​នោះ​ទេ ដោយ​មានការ​ត្រូវ​​គ្នា​ជាមួយ​​សមត្ថកិច្ច​ និង​អាជ្ញាធរ​មួយ​ចំនួន​នោះ​​ដែរ តែ​ដោយសារ​ពេល​នេះ​ មានការ​ផ្លាស់​ប្តួ​រ​​អភិបាលរង ​ទើបចុះ​​បង្ក្រាប ។

នៅ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​គេ​ដឹងទៀត​​ថា ជា​សំបុក​ល្បែង​ស៊ីជ្រក​ក្រោម​ណេ​ត​២៤​ម៉ោង ហើយ​កំពុង​តែ​ពង្វក់​ក្មេង និង​ស្រទាប់​យុវជន ដែល​នាំ​គ្នា​ទៅ​លេងអ៊ីនធើរណេត២៤​ម៉ោង តាម​ពិត ពួក​គេ​បាន​នាំ​គ្នា​ទៅ​លេងល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ជា​ហេតុ​បង្ក​ឱ្យ​​មានការ​ក្តៅក្រហាយ​ពី​អាណាព្យាបាល​ ។ ជា​ពិសេស​នៅ​ក្នុង​ខណ្ឌ​សែន​សុខ មាន​ទីតាំង​ល្បែងស៊ីសង ដែល​បង្កប់​ក្នុង​ណេ​ត២៤​ម៉ោង មាន​ច្រើន​កន្លែង​ទៀត សូម​មេត្តា​អាជ្ញាធរ​ចាត់វិធានការ​ណ៍ ​ដើម្បី​ភូមិ​-សង្កាត់​មាន​សុ​វត្តិភាព ។