ប្រជាពលរដ្ឋ​រអ៊ូរទាំ​គ្រប់​គ្នា មន្ត្រី​ជំនាញ​ថា​អត់​ដឹង

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​កំពង់​ផែ​ទន្លេ​បិទ​នាំ​គ្នា​រអ៊ូរទាំ​គ្រប់​គ្នា​ថា ហុយ​ពិបាក​ដកដង្ហើម​ណាស់ ប៉ុន្តែ​បែរជា​មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត​នាំ​គ្នា​ឆ្លើយ​ថា អត់​បានដឹង​រឿង​នេះ​ទេ ខណៈ​រថយន្ត​ដឹក​ដំឡូង​មី​ស្ងួត​កំពុង​សម្រុក​ដឹក​ដាក់​សា​ឡង់​ឡើង​ហុយ​ទ្រលោម​នៅ​កំពង់​ផែ​ត្រង់​ចំណុច​មុខ​រោងចក្រ​ក្តារបន្ទះ​ទន្លេ​បិទ ស្ថិត​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។

ស្ត្រី​ឈ្មោះ ហ៊ី ចាន់​ថុ​ន អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​ដូន​ម៉ៅ​លើ ឃុំ​ទន្លេ​បិទ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​សីហា​នេះ​ថា ផ្ទះ​របស់​គាត់​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កំពង់​ផែ​នោះ​ទេ ក្នុង​ពេល​ដែល​មាន​ខ្យល់​បោកបក់​មក​ម្តង​ៗ​នោះ​បាន​ហុយ​នាំ​យក​កម្ទេច​លម្អង​ដំឡូង​មី​ដែល​គេ​ដឹក​តាម​រថយន្ត​យក​ទៅ​ចាក់​ចូល​សា​ឡង់​ហុយ​មក​លើ​ផ្ទះ​របស់​គាត់ ហើយ​តុ​នៅ​ពេល​ដែល​ជូត​ស្អាត​មិន​បាន​ប៉ុន្មាន​នាទី​ផង​នោះ នឹង​ត្រូវ​ហុយ​មក​ប្រឡាក់​ឲ្យ​ស្រមក​វិញ​ដដែល ម្យ៉ាងទៀត​ការ​ដកដង្ហើម​វិញ​ក៏​ពិបាក​នឹង​ដក​ដែរ ។ ការ​ហុយ​នេះ​កើតឡើង​២​ទៅ​៣​ថ្ងៃ​ពេល​ដែល​សា​ឡង់​មក​ដឹក​ដំឡូង​មី​ស្ងួត   ហើយ​ពេល​ចាកចេញ​ទៅ​បាត់​នោះ​លែង​ហុយ​ហើយ ។

លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ពេល​ដែល​ក្រុមហ៊ុន​បាន​មក​ដឹក​ដំឡូង​មី​ដំបូង​ៗ គឺ​ហុយ​មែន​ដោយ​ប្រជាពលរដ្ឋ​ទ្រាំ​មិន​បាន ក៏​មាន​២-៣​នាក់​មក​ប្តឹង​លោក​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដែរ ពេល​ដែល​ពន្យល់​ប្រាប់​ពី​ហេតុផល​ទៅ​ពលរដ្ឋ​ក៏​នៅ​ស្ងៀម ។ ក្រោយមក​គេ​បាន​កែសម្រួល​ធ្វើ​បិទ​ជិត​ជាង​មុន ហើយ​ពេល​ដែល​រូប​លោក​ទៅ​ឈរ​មើល គឺ​មិន​ហុយ​ទៀត​ទេ ។

លោក ហួរ ពិសិដ្ឋ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ចំពោះ​ព័ត៌មាន​ដែល​ថា មាន​រថយន្ត​ដឹក​ដំឡូង​មី​ចាក់​ចូល​សា​ឡង់​នៅ​ទន្លេ​បិទ ហុយ​មក​លើ​ផ្ទះ​ពលរដ្ឋ​នោះ រូប​លោក​មិន​បានដឹង​នោះ​ទេ លោក​នឹង​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ព្រមទាំង​ណែនាំ​ដល់​ម្ចាស់​ដំឡូង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ហុយ ។

លោក រតនា តំណាង​ឲ្យ​ក្រុមហ៊ុន​នាំ​ដំឡូង​មី​ស្ងួត​ចេញ​ទៅ​បរទេស ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នា​ពេល​កន្លង​មក​រូប​លោក​បាន​ទទួល​ស្កាល់​ថា ហុយ​១០០​ភាគរយ​មែន តែ​ក្រោយមក​បាន​បិទ​ជិត​អស់ហើយ​ការ​ហុយ​ត្រូវ​កាត់​បន្ថយ​ពី​៧០​ទៅ​៨០​ភាគរយ មិន​មាន​បញ្ហា​ចោទ​ទៀត​ទេ ។ ដំឡូង​មីនេះ​ក្នុង​១​សា​ឡង់​អាច​ដឹក​បាន​ប្រមាណ​២០០០​តោន នាំ​ពី​កម្ពុជា​ឆ្ពោះទៅ​លក់​នៅ​ប្រទេស​ចិន​តែ​ម្តង ៕