សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​​រតនគិរី​ព្រមាន​ប្រើ​អំពើ​ហិង្សា​ក្នុង​ជម្លោះ​ដីធ្លី

ជនជាតិ​ដើម​ភាគតិច​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ព្រមាន​កាប់​បំផ្លាញ​ផល​ដំណាំ និង​បណ្ដេញ​ប្រជាពលរដ្ឋ ៩​គ្រួសារ​ដែល​ចូល​មក​តាំង​លំនៅឋាន​ខុស​ច្បាប់​ក្នុង​ដី​សហគមន៍ ខណៈ​ដែល​មន្ត្រី​អាជ្ញាធរ​យឺតយ៉ាវ​មិន​អាច​ដោះស្រាយ​ការ​ប្ដឹង​តវ៉ា​របស់​សហគមន៍​បាន។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​លើក​ទី​ពីរ ខណៈ​ដែល​ប្រជាពលរដ្ឋ ៩​គ្រួសារ​ដែល​ចូល​ទៅ​តាំង​លំនៅ​លើ​ដី​ព្រៃ​សហគមន៍​អភិរក្ស​មិន​ព្រម​ចូល​ខ្លួន​ទៅ​ដោះស្រាយ​តាម​ការ​កោះ​ហៅ​របស់​អាជ្ញាធរ​ស្រុក។

តំណាង​សហគមន៍​ភូមិ​ឡែ លោក សល់ ណក បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ថា អ្នក​ភូមិ​អស់​មាន​ការ​អត់ធ្មត់ ប្រសិន​ដំណោះស្រាយ​រំលោភ​យក​ដី​សហគមន៍​អូស​បន្លាយ​យូរ​ថ្ងៃ​ត​ទៅ​ទៀត។ លោក​ថា សហគមន៍​ប្ដឹង​សុំ​ទៅ​អាជ្ញាធរ​ឃុំ​ស្រុក​ដោះស្រាយ​បញ្ហា ប៉ុន្តែ​ហាក់​មិន​មាន​ប្រសិទ្ធភាព ហេតុ​នេះ​អ្នក​ភូមិ​នឹង​លើក​គ្នា​ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ​ដែល​រំលោភ​យក​ដី​សហគមន៍​ដោយ​ខ្លួន​ឯង៖ «ពួកគាត់​ថា បើ​អភិបាល​ស្រុក​មិន​ចុះ​ដោះស្រាយ​ទេ គាត់​ទៅ​ដក​ដំណាំ​ចោល​ហើយ។ រាល់​ថ្ងៃ​រង់ចាំ​តែ​ស្រុក​ចុះ​ដោះស្រាយ​ទេ ចាំ​តែមួយ​អា​ទិត្យ​ទៀត​ទេ»

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ក្រុម​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ បាន​រក​ឃើញ​ក្រុម​ជនជាតិ​​ដើម​ភាគ​តិច​ភូមិ​សោមគល់ ឃុំ​សោមធំ ៩​គ្រួសារ នាំ​គ្នា​មក​កាប់​ឆ្ការព្រៃ​ការពារ​របស់​សហគមន៍​ភូមិ​​ឡែ ហើយ​តាំង​លំនៅ និង​ដាំ​ដំណាំ​លើ​ដី​នោះ។ បន្ថែម​លើ​នេះ​ទៀត អាជ្ញាធរ​ស្រុក​បាន​កោះ​​អញ្ជើញ​ភាគី​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​ភូមិ​ឃុំ​ទាំង​ពីរ​មក​ដោះស្រាយ​គ្នា ក៏​ប៉ុន្តែ​ភាគី ៩​គ្រួសារ​មិន​ព្រម​​ចូល​ខ្លួន​មក​ដោះស្រាយ។

មេ​ឃុំ​លំជ័រ លោក សេវ ថ្វាន បារម្ភ​ខ្លាច​មាន​អំពើ​ហិង្សា ខណៈ​ដែល​សហគមន៍​គ្រោង​នាំ​គ្នា​ទៅ​កាប់​ដំណាំ​ដែល​ប្រជាពលរដ្ឋ ៩​គ្រួសារ​បាន​ដាំ​លើ​ដី​ព្រៃ​សហគមន៍។ លោក​ថា ការ​សម្រេច​ចិត្ត​របស់​សហគមន៍ អាជ្ញាធរ​មិន​អាច​ទប់ស្កាត់​បាន​ឡើយ៖ «ប្រជាពលរដ្ឋ​ទៅ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ទេ ពីរ​បី​ថ្ងៃ​ទៀត​មិន​ស្អី​ទេ ខ្លាច​តែ​ចេះ​សន្យា​ចោល​អ៊ីចឹង​ទី​ណា!»

មេ​ឃុំ​សោមធំ កន្លង​ទៅ ទទួល​ស្គាល់​ថា ជនជាតិ​ដើម​ភាគតិច ៩​គ្រួសារ​មាន​ទីលំនៅ​ក្នុង​ភូមិ​សោមគល់ ឃុំ​សោមធំ ក៏​ប៉ុន្តែ​ពួកគេ​លក់​ដី​ចម្ការ​ផ្ទាល់​ខ្លួន​អស់​ទើប​នាំ​គ្នា​ទៅ​កាប់​រាន​យក​ដី​របស់​សហគមន៍​ភូមិ​ផ្សេង។

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ដែរ​ថា អាជ្ញាធរ​ស្រុក​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ពីរ​លើក ខណៈ​ដែល​ភាគី​ប្រជាពលរដ្ឋ ៩​គ្រួសារ​មិន​ចូល​ខ្លួន​មក​ដោះស្រាយ។ លោក​ថា នឹង​ចុះ​ទៅ​ទីតាំង​ទំនាស់​ជា​ថ្មី​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ជួប​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ដែល​តាំង​លំនៅ​ខុស​ច្បាប់ រួម​ទាំង​អញ្ជើញ​អាជ្ញាធរ​ភូមិ​ឃុំ​ទាំង​ពីរ​មក​សម្របសម្រួល​រក​វិធី​ដោះស្រាយ​បញ្ចប់​បញ្ហា៖ «ជំហរ​ភាគី​ទាំង​ពីរ​អ៊ីចឹង​ហើយ ប៉ុន្តែ​ខាង​អាជ្ញាធរ​ពិនិត្យ​មើល​ជាក់ស្ដែង​បើ​គាត់​អត់​ឲ្យ​គាត់​ស្នើសុំ​តាម​​សម្បទាន​សង្គមកិច្ច»

​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កត់សំគាល់​ថា ដី​ដែល​​ប្រជាពលរដ្ឋ ៩​គ្រួសារ ចូល​មក​តាំង​លំនៅឋាន​គឺ​ជា​តំបន់​ព្រៃ​ការពារ​សហគមន៍ ៣០​ហិកតារ​ដែល​​ជា​តំបន់​ដាំ​កូនឈើ​សំណង​របស់​ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ រំលោភ​ឈូស​ឆាយ​កាល​ពី​ឆ្នាំ​២០១២។លោក​ថា អាជ្ញាធរ​គួរ​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ ចៀសវាង​ផ្ទុះ​ចេញ​អំពើ​ហិង្សា​រវាង​ជនជាតិ​ដើម​ភាគតិច​ដូច​គ្នា៖ «មាន​តែ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ទើប​បងប្អូន​ប្រជាពលរដ្ឋ​គាត់​ចូល​រួម​អនុវត្ត។ នៅ​ពេល​គាត់​​អស់​ដី​គឺ​គាត់​ទៅ​កាប់​រាន​ដី​ព្រៃ​របស់​សហគមន៍​គាត់​អាច​ទៅ​កាប់​រាន​ព្រៃ​របស់​រដ្ឋ បន្តិច​ទៀត​ជួប​បញ្ហា​កាន់​តែ​ខ្លាំង​ឡើង»

សហគមន៍​ភូមិ​ឡែ បាន​ប្រជុំ​ឯកភាព​គ្នា​ទុក​ពេល​ឲ្យ​អ្នក​ភូមិ​ដែល​ចូល​ទៅ​តាំង​លំនៅ​ខុស​ច្បាប់​ក្នុង​ព្រៃ​ការពារ​រហូត​ដល់​រដូវ​ប្រមូល​ផល ក៏​ប៉ុន្តែ​សហគមន៍​ទាមទារ​ឲ្យ​អាជ្ញាធរ​ដាក់​លក្ខខណ្ឌ​ផ្លូវ​ច្បាប់​សម្រាប់​ប្រជាពលរដ្ឋ ៩​គ្រួសារ​ចាកចេញ​ពី​តំបន់​ព្រៃ​អភិរក្ស​សហគមន៍​តាម​ការ​កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។