លោក ហ៊ុន សែន ព្រមានអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានក្រុមអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប នោះថា ធ្វើឲ្យមានភាពតានតឹង ខណៈអ្នកស្រី ទេព វន្នី ដែលដឹកនាំធ្វើយុទ្ធនាការនោះត្រូវបានឃុំខ្លួននៅពន្ធនាគារ ក្រោយពីតុលាការចោទប្រកាន់មួយករណីទៀត។

នៅក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិកាលពីថ្ងៃទី២២ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថាយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ កាន់តែធ្វើឲ្យមានភាពតានតឹង ដោយលោកប្រៀបធៀបករណីនេះទៅនឹងការធ្វើបដិវត្តន៍ពណ៌នៅលើពិភពលោកកន្លងមក។

លោក ហ៊ុន សែន បានថ្លែងថា៖ “ស្អី Black Monday សុំកុំសូវពេក មើលទៅអ៊ីរ៉ាក់ សេរី លីប៊ី យ៉េមែន បានស្អីហើយ មើលទៅសូម្បីអ៊ុយក្រែន ដែលមានទំាងទឹកក្រូចផង មានទំាងស្អីផង ឥឡូវបានអី ឥឡូវបានត្រឹមភាពតានតឹង”។

សកម្មជនដីធ្លីបឹងកក់ អ្នកស្រី បូវ សោភា ដែលតុលាការទើបដោះលែង បន្ទាប់ពីកាត់ទោសជាប់ពន្ធនាគារ៦ថ្ងៃទាក់ទងនឹងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនោះអះអាងថា ពួកគេនៅតែបនន្តយុទ្ធនាការនេះរៀងរាល់ថ្ងៃចន្ទ ដើម្បីទាមទារដោះលែងអ្នកស្រី ទេព វន្នី និងអ្នកជាប់ឃុំផ្សេងទៀត។ អ្នកស្រីបន្តថា៖ “ពួកសហគមន៍បឹងកក់ ពួកខ្ញុំនៅតែធ្វើ ប្រកាន់ជំហរមួយ គឺទាមទារឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី ហើយនឹងដោះលែងសកម្មជនសិទ្ធិមនុស្ស ដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់ នេះជាការចប់សម្រាប់ពួកខ្ញុំ ហើយពួកខ្ញុំអត់មានទាមទារចង់ធ្វើឲ្យប្រទេសមួយមានចលាចលឬមួយក៏ចង់ផ្តួលរំលំរដ្ឋាភិបាលឬមួយចង់បង្កវឹកវរដល់សង្គម គឺអត់មានទេ សម្រាប់ពួកគេធ្វើផ្សេងទៀត(អ្នកពាក់អាវខ្មៅផ្សេងក្រៅពីសហគមន៍បឹងកក់) គឺពួកខ្ញុំអត់ដឹងទេ”។

លើសពីនេះទៀត អ្នកស្រី បូវ សោភា នៅតែទាមទារឲ្យរដ្ឋាភិបាលបញ្ចេញវីដេអូកាំមេរ៉ាផ្ទះនៅផ្ទះ លោក ហ៊ុន សែន ដែលថតពីសកម្មភាពតវ៉ារបស់ពួកគេកាលពី៣ឆ្នាំ ដើម្បីបង្ហាញពីតម្លាភាពនៃការចោទប្រកាន់លើអ្នកស្រី ទេព វន្នី។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថារដ្ឋាភិបាលគួរតែអន្តរាគមន៍ឲ្យសកម្មជនដីធ្លី អ្នកនយោបាយ និងមន្ត្រីសិទ្ធិមនុស្សមួយចំនួនដែលកំពុងជាប់ឃុំនោះបានសេរីភាពវិញ ជាជាងធ្វើការព្រមានលើអ្នកតស៊ូមតិដោយអហិង្សា ដោយគ្រាន់តែទាមទាររកយុត្តិធម៌ឲ្យអ្នករងគ្រោះក្នុងសង្គម។ លោកថា បើរដ្ឋាភិបាលនៅតែមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះទេ អ្នកដែលខាតគឺគណបក្សកាន់អំណាចនិងមុខមាត់ប្រទេសជាតិ៖ “រឿងដែលបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស ឃុំខ្លួនសកម្មជននយោបាយតទៅទៀត ខ្ញុំគិតថាវាអត់ចំណេញទេ គឺថាវាប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាលទៅហើយ ទំាងមុខមាត់របស់កម្ពុជានៅក្នុងឆាកតំបន់ ក៏ដូចជានៅក្នុងឆាកពិភពលោក ត្រូវបានគេមើលឃើញថាប្រទេសកម្ពុជាមានបញ្ហារំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ហើយជាពិសេសក៏មានការបញ្ជាក់ពីខាងអង្គការសហប្រជាជាតិផងដែរ ហើយជាពិសេសសំខាន់អត់ចំណេញសន្លឹកឆ្នោតនៃគណបក្សកាន់អំណាចនោះទេ”។

បណ្តុំអង្គការចំនួន៦០កាលពីថ្ងៃទី១៨ ខែសីហា បានកត់សំគាល់ថាយុទ្ធនាការអហិង្សាថ្ងៃចន្ទពណ៌ខ្មៅមានមនុស្សយ៉ាងតិច២០នាក់ត្រូវបានចាប់ខ្លួនរួចដោះលែងវិញនៅថ្ងៃដដែល ខណៈពួកគេធ្វើយុទ្ធនាការនេះតាំងពីខែឧសភា ដើម្បីសុំដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា។ ប៉ុន្តែមានតែសកម្មជនដីធ្លីពីរនាក់ចុងក្រោយនេះគឺអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ដែលត្រូវបានកាត់ទោស៕

ប្រភព៖ VOD


Related Posts