សភាពកម្ពុជាស្នើសុំអន្តរជាតិមិនឲ្យបញ្ចូលបញ្ហាសមុទ្រចិនខាងត្បូង

មហាសន្និបាតអន្តរសភាអាស៊ាន អាចនឹងពុំមានការដាក់បញ្ចូល របៀបវីរៈលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូងចូលទៅក្នុងការប្រជុំ។ នេះបើតាមការស្នើសុំរបស់រដ្ឋសភាកម្ពុជា ដោយសំអាងទៅលើការគោរពរដ្ឋធម្មនុញ្ញរបស់អាស៊ាន។ គួររំលឹកថាមហាសន្និបាតនេះនឹងប្រារព្ធឡើង នាខែកញ្ញាខាងមុខនេះ នៅក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

អត្តបទដោយ ហង់ យុត្តិវង្ស ចេមី

រដ្ឋសភាកម្ពុជានឹងផ្ញើលិខិតទៅកាន់ប្រធានអន្តរសភាAIPA ដើម្បីមិនឱ្យលើកយកបញ្ហាសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស់ដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់សភាអាស៊ាននោះទេ។ លោកសុខ ឥសាន សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានអះអាងថាការដាក់របៀបវារៈសមុទ្រចិនខាងត្បូងចូលក្នុងកិច្ចប្រជុំសភា នឹងអាចរំលោភរដ្ឋធម្មនុញ្ញអាស៊ាន។ រដ្ឋធម្មនុញ្ញអាស៊ាន ដែលមិនអនុញ្ញាតឲ្យសមាជិករបស់ខ្លួន យកបញ្ហាប្រទេសជាសមាជិកដទៃមកជជែកវែកញែកនៅក្នុងការប្រជុំនោះទេ។

ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកវិភាគយុទ្ធសាស្ត្រនយោបាយការបរទេស បានលើកឡើងថាកម្ពុជាគឺកំពុងប្រកាន់ជំហរកាន់ជើងប្រទេសចិន ដែលជាមិត្តចាក់ទឹកមិនលិចរបស់ខ្លួន និងជាប្រទេស ដែលផ្តល់ជំនួយធំជាងគេមកកាន់កម្ពុជា។ លោក សុខ ឥសាន អះអាងថា រដ្ឋសភាកម្ពុជាមិនលូកដៃចូលទៅក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនោះទេ ព្រោះជាជម្លោះទ្វេភាគីតែប៉ុណ្ណោះ។ ហើយថា សមាជិកណាដែលមានបញ្ហាជាមួយប្រទេសចិន គួរតែយកបញ្ហានេះទៅ ជជែកពិភាក្សាដោះស្រាយទ្វេភាគី ជាមួយប្រទេសចិនដោយផ្ទាល់។ លោកសុខ ឥសានបន្ថែមថា ជំហឯករាជ្យមិនពាក់ព័ន្ធនឹងសំណុំជម្លោះសមុទ្រចិនខាងត្បូង មិនមែនតែកម្ពុជាមួយទេ ដែលជំទាស់លើបញ្ហានេះ កន្លងមកក៏មានប្រទេសមួយចំនួនធ្លាប់ជំទាស់ទៅលើរឿងនេះដូចគ្នាដែរ។

ការស្នើរបស់កម្ពុជានេះ គឺបានធ្វើឡើងខណៈដែលកិច្ចប្រជុំអន្តរសភាអាស៊ានគ្រោងនឹងប្រជុំនៅខែកញ្ញា ខាងមុខ នៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ។

សូមបញ្ជាក់ថា បញ្ហាសមុទ្រសមុទ្រចិនខាងត្បូង គឺជារឿងសំណុំរឿងដ៏ចម្រូងចម្រាស់មួយរវាងសមាជិកអាស៊ាន ដែលពាក់ព័ន្ធនឹងជម្លោះ និងសមាជិកអាស៊ាន ដែលមិនពាក់ព័ន្ធនឹងជម្លោះជាមួយមហាយក្សចិន៕

ប្រភព៖ RFI


Related Posts