ក្រសួងដែនដីសុំឲ្យអាមេរិកជួយក្រុមការងារដោះស្រាយវិវាទដីធ្លី

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកពិនិត្យលទ្ធភាពផ្តល់ជំនួយហិរញ្ញប្បទានជាថវិកាលើកទឹកចិត្តដល់ក្រុមការងារដោះស្រាយវិវាទដីធ្លីដែលកំពុងបំពេញការងារដោះស្រាយវិវាទដីធ្លីខណៈដែលក្រសួងប្រកាសថាបញ្ហាជម្លោះដីធ្លីនៅសល់ ៨០០ ករណីទៀតនៅទូទាំងប្រទេស។

កាលពីល្ងាចថ្ងៃចន្ទលោក ជា សុផារ៉ា បានអនុញ្ញាតឲ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

ក្នុងជំនួបលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានជម្រាបពីការងារអាទិភាពរបស់ក្រសួងដែនដីថាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសដែលផ្តល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិការកៀរគរវិនិយោគទុនក្នុងវិស័យដីធ្លីការបង្កើនចំណូលពន្ធរដ្ឋ និងការកាត់បន្ថយជម្លោះនឹងឈានទៅដល់ការបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស។

លោកបានជម្រាបលោក William A. Heidt ថាការដោះស្រាយវិវាទដីធ្លីដែលមានរហូតដល់ជាង ៧០០០ ករណីកាលពី ៤ ខែមុនរហូតមកដល់ពេលនេះគឺនៅសល់ប្រមាណ ៨០០ ករណីហើយក្រសួងកំពុងខិតខំជំរុញការងារដោះស្រាយវិវាទដីធ្លីឲ្យបានកាន់តែឆាប់តាមរយៈក្រុមការងារចុះដោះស្រាយវិវាទដីធ្លីទាំង ៣៦ ក្រុម។

នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តីបានស្នើសុំលោកឯកអគ្គរដ្ឋទូតពិនិត្យលទ្ធភាពផ្តល់ជំនួយហិរញ្ញប្បទានជាថវិកាលើកទឹកចិត្តដល់ក្រុមការងារចុះដោះស្រាយវិវាទដីធ្លីដែលត្រូវចុះដោះស្រាយវិវាទដីធ្លីផ្ទាល់នៅតាមបណ្តារាជធានីខេត្តដោយបន្ថែមលើថវិកាលើកទឹកចិត្តចំនួន ១ លានរៀលដែលក្រសួងបានផ្តល់ជូនសម្រាប់ក្រុមនីមួយៗដែលបានដោះស្រាយវិវាទដោយជោគជ័យ។

ឆ្លើយតបនឹងសំណើនេះលោក William A. Heidt ថ្លែងថាលោកនឹងយកសំណើរបស់ទេសរដ្ឋមន្រ្តីទៅពិនិត្យដើម្បីរកកញ្ចប់ថវិការបស់ស្ថានទូតហើយនឹងជូនដំណឹងមកក្រសួងវិញក្នុងពេលឆាប់ៗនេះ។

កាលពីម្សិលមិញផងដែរមានប្រជាពលរដ្ឋចំនួន ១៧០ គ្រួសារមកពីឃុំចំនួនពីរគឺឃុំភូមិថ្មី និងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបាននាំគ្នាទៅតវ៉ានៅសាខាខេត្តបន្ទាយមានជ័យទាមទារឲ្យរកដំណោះស្រាយជម្លោះដីធ្លីជូនពួកគាត់ដែលត្រូវខាងក្រុមហ៊ុន លី សំអាន រំលោភយកដីធ្លីពួកគាត់តាំងពីឆ្នាំ ២០០៧។

លោកតា ម៉ាប់ តំណាងប្រជាពលរដ្ឋបានឲ្យដឹងថាខាងក្រុមហ៊ុន លី សំអាន បានរំលោភលើដីប្រជាពលរដ្ឋចំនួន ១៧០ គ្រួសារក្នុងឃុំចំនួនពីរនៅស្រុកថ្មពួកលើផ្ទៃដីចំនួន ២៩៣ ហិកតាតាំងពីឆ្នាំ ២០០៧។

លោកបានបន្តថា៖ «រហូតមកទល់ពេលនេះពួកយើងគ្មានដំណោះស្រាយនោះទេទើបនាំគ្នាមកសាលាខេត្តឲ្យជួយអន្តរាគមន៍»។

បើតាមប្រជាពលរដ្ឋបន្ទាប់ពីពួកគាត់បានឈរលើកបដានៅមុខសាលាខេត្តលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានចេញមកប្រាប់ប្រជាពលរដ្ឋថាខាងសាលាខេត្តនឹងកោះហៅខាងក្រុមហ៊ុន និងប្រជាពលរដ្ឋឲ្យមកជួបគ្នារកដំណោះស្រាយនៅថ្ងៃទី ២៦ សីហាខាងមុខនេះ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


ក្រសួងដែនដីសុំឲ្យអាមេរិកជួយក្រុមការងារដោះស្រាយវិវាទដីធ្លី

លោក ហ៊ុន សែន ព្រមានអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ

ក្រសួងដែនដីសុំឲ្យអាមេរិកជួយក្រុមការងារដោះស្រាយវិវាទដីធ្លី

​លិខិតមិត្តអ្នកអាន៖ តើក្នុងរយៈពេល២០-៣០ឆ្នាំក្រោយ ប្រទេសកម្ពុជានឹងទៅយ៉ាងណា បើគ្មានសម្រេច?