មូលហេតុអភិបាល​​​រដ្ឋ​​ឥណ្ឌា ​​មិន​ហ៊ាន​លុយ​​ទឹកពេលចុះពិនិត្យទឹកជំនន់

សារព័ត៌​មាននៅ​ក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២៣ សីហា ២០១៦ ផ្សាយ​ថា លោក  Shivraj Singh Chouhan អភិបាល​រដ្ឋ  Madhya Pradesh ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា ស្ថិត​ក្នុង​ឯកសណ្ឋាន​ពណ៌​ស បាន​ទៅ​ត្រួតពិនិត្យ​គ្រោះ​មហន្តរាយ​ទឹកជំនន់ ប៉ុន្តែ​មិន​ហ៊ាន​ចុះ​លុយ​ទឹក ដូច្នេះ​ឱ្យ​មន្ត្រី​នាំ​គ្នា​សែង ។ រូបភាព​នោះ​បាន​ផ្សាយ​លើ​ទំព័រ​មុខ​កាសែត​ហើយ​រង​ការ​រិះគន់ និង​សើចចំអក​យ៉ាង​អាម៉ាស់ ។

មន្ត្រី​ជំនាញ​របស់​រដ្ឋ​បាន​កែតម្រូវ​ថា លោក Chouhan រង​របួស និង​ឈឺ​ជើង​មិន​អាច​ដើរ​លុយ​ទឹកបាន ហើយ​ម្យ៉ាង​ ត្រូវ​ការពារ​សុវត្ថិភាព​ ព្រោះ​បារម្ភ​​អាច​មាន​ពស់ពិស ឬ​សត្វ​សាហាវ​យាយី ។ ចំណែក​វី​ដេ​អូ​ឃ្លី​ប​ផ្ទាល់​របស់​អភិបាល​រដ្ឋ​បាន​ថត​សកម្មភាព​ត្រួតពិនិត្យ​ពី​គ្រោះ​ទឹកជំនន់​នោះ ប៉ុន្តែ​មិន​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ ។

បច្ចុប្បន្ន​ពលរដ្ឋ​ឥណ្ឌា​ជា​ច្រើន​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់ ។ មាន​អ្នក​ស្លាប់​សរុប​ចំនួន​៤០​នាក់ និង​ជាង​២៥.០០០​នាក់ ភៀសខ្លួន​ចេញពី​ភូមិឋាន ។ រដ្ឋ​Madhya Pradesh រង​ការ​ខូចខាត​ខ្លាំង​ជាងគេ ៕