លែងលះ​ផ្តាច់និស្ស័យ​2​ឆ្នាំ ចង់ត្រឡប់ក្រោយ ហួសពេល​ហើយបង

លែងលះ​ផ្តាច់និស្ស័យ​2​ឆ្នាំ ចង់ត្រឡប់ក្រោយ ហួសពេល​ហើយបង



រាជធានីភ្នំពេញ ៖ ពិតជារឿងគួរឲ្យចាប់អារម្មណ៍ ដែលគ្រួសារមួយ បន្ទាប់ពីចាប់ដៃគ្នាជាប្ដីប្រពន្ធអស់រយៈពេល១០ឆ្នាំ រហូតមានកូនប្រុស២នាក់ក្នុងបន្ទុកគ្រួសារទៅហើយ ស្រាប់តែបែរជារស់នៅលែងចុះសម្រុងគ្នា ផ្ដាច់សង្វាសជាប្ដី
ជាប្រពន្ធនឹងគ្នា ។ ប៉ុន្តែអ្វីដែលបង្កឲ្យភ្ញាក់ផ្អើលនោះ គឺក្រោយពេលបែកបាក់គ្នារយៈពេល២ឆ្នាំ រហូតខាងស្រីដែលជាអតីតប្រពន្ធបានសម្រេចចិត្តយកប្ដីថ្មីម្នាក់ទៀតទៅហើយនោះ ស្រាប់តែបុរសជាអតីតប្ដី ទំនងជាអស់ផ្លូវដើរ បានវិលទៅរកឆ្នាំងចាស់វិញ ។

ទោះបីជាបែបណា នាងជាប្រពន្ធ មិនបានព្រមនោះទេ ព្រោះនាងមានប្ដីថ្មីហើយ ទើបធ្វើឲ្យបុរសជាអតតីប្តីរកគ្រប់ល្បិចកល ដើម្បីបានរស់នៅជាមួយនាងវិញ ហើយចុងក្រោយនេះ ប្រើល្បិចដណ្ដើមយកកូនប្រុស២នាក់ ដែលកំពុងរស់នៅជាមួយប្រពន្ធឲ្យទៅនៅជាមួយខ្លួន ក្នុងគោលបំណងឲ្យនាងជាអតីតប្រពន្ធ ទៅតាមរស់នៅជាមួយខ្លួនវិញ ។

ទោះបីជាបែបណានាងនៅតែមិនព្រមដដែល ទើបនាំគ្នា រត់រកនគរបាលប៉ុស្ដិ៍ចោមចៅឲ្យ
ជួយរកយុត្តិធម៌ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៣ សីហា ។

ការទៅរកនគរបាលឲ្យជួយក៏ត្រូវបានណែនាំឱ្យទៅរកមន្ត្រីសាលាសង្កាត់វិញ ព្រោះនេះគឺជារឿងរដ្ឋប្បវេណី មិនមែនជារឿងព្រហ្មទណ្ឌ ដែលជាតួនាទីនគរបាលឡើយ ។

អតីតប្ដីប្រពន្ធមួយគូនោះស្ត្រីឈ្មោះ សូ សី អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើត នៅក្នុងភូមិច្រកទ្រាល ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រីឯភាគីបុរសឈ្មោះ វង់ ណាក់ អាយុ៣៥ឆ្នាំ ប្រកបរបរអ្នកបើកបររថយន្ត មានស្រុកកំណើតនៅភូមិត្រពាំងគាប ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

អតីតប្រពន្ធបាននិយាយថា នាងបានរៀបការជាមួយឈ្មោះ វង់ ណាក់ កាលពីអំឡុងឆ្នាំ២០០៦ ប៉ុន្តែក្រោយពេលរស់នៅជាមួយគ្នាជាប្តីប្រពន្ធបានរយៈពេល១០ឆ្នាំ មានកូនប្រុសចំនួន២នាក់ ស្រាប់តែមានការប្រេះឆាគ្នាកើតឡើង ប៉ុន្តែនាងមិនបាននិយាយថា មានរឿងរ៉ាវអ្វីខ្លះទេ ។

បន្ទាប់មកក៏បានឈានដល់ការលែងលះគ្នា ដែលគិតមកទល់នឹងពេលនេះ ការលែងលះមានរយៈពេល២ឆ្នាំមកហើយ និងបានលែងលះគ្នាដាច់ស្រេចដោយមានការធ្វើកិច្ចសន្យា ផ្តិតមេដៃព្រមព្រៀងគ្នានៅចំពោះមុខអាជ្ញាធរភូមិ ឃុំ និងស្រុក និងបានព្រមព្រៀងឲ្យនាងយកកូនទាំង២នាក់ទៅចិញ្ចឹមទៀតផង ។ ស្ត្រីខាងលើបានបន្តថា ក្រោយពេលលែងលះគ្នាដាច់ស្រេច នាងបានសម្រេចចិត្ត យកប្ដីថ្មីម្នាក់ទៀត និងបានទទួលរ៉ាប់រងចិញ្ចឹមកូនទាំងពីរនាក់ យ៉ាងលំបាកបំផុត និងបានសងបំណុលធនាគារ ជំនួសអតីតប្ដីម្នាក់នេះទៀតផង ។ ពេលនេះឮថា គាត់បានជំពាក់បំណុលធនាគារទៀតហើយ ទើបរត់មករកនាងម្ដងទៀត ។ ក្រោយពេលលែងលះគ្នា នាងបានរៀបការប្ដីថ្មីដោយបើកចំហ ប៉ុន្តែបុរសដែលជាអតីតប្ដីនោះ មិនបានតាមមករករឿងនោះទេ គឺបានបើកដៃឲ្យរៀបការតាមសម្រួលទៀតផង ។

លុះពេលថ្មីៗកន្លងមកនេះ ស្រាប់តែប្រែប្រួលចិត្ត បានទៅសុំឲ្យនាងរួមរស់ជាមួយគ្នាវិញ ដែលនាងមិនយល់ពីចរិតបាតដៃខ្នងដៃនោះឡើយ ហើយនាងក៏មិនបានយល់ព្រមនោះទេ ព្រោះពេលនេះនាងមានប្ដីថ្មីទៀតរួចទៅហើយ នាងត្រូវការកសាងអនាគត និងមិនអាចធ្វើអ្វីតាមតែចិត្តនឹកឃើញនោះទេ ។

រឿងដែលការប្រើល្បិចរបស់អតីតប្តីនេះ ខណៈពេលដែលនាង និងកូនទាំង២នាក់ កំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៤ទៅផ្ទះ ស្រាប់តែអតីតប្តីរូបនោះឃើញ បានដេញតាមចាប់ដណ្តើមយកកូនពីនាង និងសុំរួមរស់ជាមួយនាងវិញប៉ុន្តែនាងនៅតែមិនព្រម ។ ដោយខ្លាចមានគ្រោះថ្នាក់ ទើបធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ហើយអតីតប្តីក៏បានទៅតាមដែរ ដោយនាងបានទាមទារយកកូនទាំងពីរនាក់នោះវិញ មិនឲ្យទៅរស់នៅអតីតប្តីនោះឡើយ ។

ដោយឡែកបុរសជាអតីតប្ដីនោះ បានបដិសេធរាល់ការចោទប្រកាន់របស់នាងជាអតីតប្រពន្ធទាំងស្រុង ប៉ុន្តែមិនបានអត្ថាធិប្បាយបែបណានោះឡើយ ហើយនៅពេលដែលស្ត្រីជាអតីតប្រពន្ធ កំពុងនិយាយពីបញ្ហាក្នុងគ្រួសារ ប្រាប់នគរបាល បុរសនោះបានត្រឹមតែទូរស័ព្ទហៅឪពុកម្ដាយរបស់ខ្លួនឲ្យធ្វើដំណើរមកកាន់ប៉ុស្ដិ៍ចោមចៅ ជួយនិយាយជាមួយអតីតប្រពន្ធឲ្យយល់ព្រមរួមរស់ជាមួយខ្លួនវិញប៉ុណ្ណោះ ។ អ្វីៗ គឺហួសពេលអស់ទៅហើយ ដោយសារតែអតីតប្រពន្ធមានប្តីថ្មីទៅហើយ ពិតជាមិនអាចត្រឡប់ក្រោយបាននោះទេ ៕