ស៊យធំ! កាច់.កម៉ូតូបាន តែអត់ក្បាលប៊ូស៊ី អូសរត់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​ប្រជា​ពល​ដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន​​ស្ទើរ​ស្លាប់ បន្ទាប់​ពី​កាច់​សោ​.​ក​ម៉ូតូ​បាន​​សម្រេច តែ​បញ្ឆេះ​មិន​ឆេះ​អូស​​រត់ ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ផ្អើល​តែ​ម្តង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ផាត់ តា​រី ហៅ​សៀង សា​វុ​ធ អាយុ​៣០​ឆ្នាំ មាន​ទី​លំ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ មានស្រុក​កំណើត​នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​កាច់​សោ​.​ក​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BW-5351 ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​ឌី​ង ចាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តាកែ ឃុំ​កំពង់អំពិល ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ បាន​ចត​ម៉ូតូ​ទុកក្បែរ​កន្លែងធ្វើការដោយចាក់សោ​.​ក​ត្រឹមត្រូវ តែ​ជន​រង​គ្រោះ​មាន​ភាព​វៃឆ្លាតបាន​ដក​ក្បាល​ប៊ូស៊ី​ចេញ ​ដើម្បី​ការពារ ។ លុះ​នៅ​វេលា​កើតហេតុ​​ ជនសង្ស័យ​រូប​នោះ មក​ធ្វើ​សកម្មភាព​កាច់​សោ​.​កបាន​សម្រេច ក៏​ធាក់​បញ្ឆេះ​​អត់​ឆេះជន​នោះ​ក៏​អូស​ម៉ូតូ​​រត់ ក៏​ត្រូវ​ជនរ​ង​គ្រោះ​ឃើញ​ទាន់​ស្រែក «​ចោរ​ៗ» ផ្អើល​នាំ​ព័ទ្ធ​ចាប់​ដោយ​​ដាក់​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន​​តាម​កំហឹង​តែ​ម្តង ។