TrueMoney និង KOSIGN បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ស្តីពី​សហប្រតិបត្តិការ​លើ​សេវា​បង់វិក្កយបត្រ

តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ក្រុមហ៊ុន KOSIGN នឹង​ក្លាយ​ជា ដៃគូ​សហការ (Super Biller) ដែល​មាន​សិទ្ធិ​ផ្តល់​បន្ត​នូវ​សេវាកម្ម​បង់​វិក្កយបត្រ​របស់​ក្រុមហ៊ុន TrueMoney ទៅឲ្យ​ក្រុមហ៊ុន (Biller) ដទៃ​ទៀត។

 

ក្រុមហ៊ុន​ដែល​ជា Biller របស់ KOSIGN អាច​ប្រើ​ប្រាស់ Web Platform ឈ្មោះ​ថា WeBill  ដើម្បី​បង្កើត​វិក្កយបត្រ និង​គ្រប់​គ្រង​របាយការណ៍​នៃ​ការ​ទូទាត់​វិក្កយបត្រ​ជូន​អតិថិជន។ចំណែក​ឯ​អតិថិជន​របស់​ក្រុមហ៊ុន​ដែល​ជា Biller នៃ​ក្រុម​ហ៊ុន KOSIGN អាច​ធ្វើការ​បង់​វិក្កយបត្រ​របស់​ខ្លួន​តាម​រយៈ​ភ្នាក់ងារ TrueMoney នៅ​ទូទាំង​ប្រទេស​កម្ពុជា។

 

TrueMoney និង KOSIGN បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ស្តីពី​សហប្រតិបត្តិការ​លើ​សេវា​បង់វិក្កយបត្រ

 

បច្ចុប្បន្ន​សម្រាប់​សហគ្រាស​ធន​តូច​និង​មធ្យម ការ​ទូទាត់​វិក្កយបត្រ​នៅ​តែ​ជា​បញ្ហា​កង្វល់​នៅ​ឡើយ ដូច​ជា​កង្វះ​លទ្ធភាព​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ផ្ទាល់​ខ្លួន ភាព​ស្ទួន​នៃ​វិក្កយបត្រ អសុវត្ថិភាព នៃ​ប្រព័ន្ធ​គ្រប់​គ្រង និង​ចំណាយ​ពេល​វេលា​ច្រើន​ជា​ដើម។ ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ទាំង​នេះ ហើយ​ទើប​ក្រុមហ៊ុន KOSIGN បាន​បង្កើត WeBill Platform ឡើង​នៅ​លើ Cloud Environment។

 

តាម​រយៈ WeBill Platform នេះ Billers អាច​ការពារ​ភាព​ច្រំ​ដែល និង​ភាន់​ច្រឡំ​នៅ​ក្នុង​ការ​បង្កើត គ្រប់​គ្រង និង​ទូទាត់​វិក្កយបត្រ។ លើស​ពី​នេះ​ទៅ​ទៀត WeBill Platform ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវបច្ចេក​វិទ្យា Virtual Account ដែល​ជា​បច្ចេក​វិទ្យា​ដ៏​ពេញ​និយម​មួយ​នៅ​សាធារណៈរដ្ឋ​កូរ៉េ និង​ទ្វីប​អឺរ៉ុប ដោយ​សារ​សុវត្ថិភាព និង​សមត្ថភាព​ដ៏​ខ្ពស់​របស់​វា។

 

លោក គង់ មាន នាយក​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន TrueMoney ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា៖ ទ្រូម៉ាន់នី គឺ​ជា​ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​ក្រោម​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុន​អន្តរជាតិ Charoen Pokphand Group ដែល​ហៅ​កាត់​ថា CP Group  មាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​ថៃ។ ហើយ​ក៏​ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​សហការ​ជា​ដៃ​គូ ជាមួយ​នឹង​ធនាគារ ហ្វីលីព ព្រម​ទាំង​ទទួល​បាន​អាជ្ញាប័ណ្ណ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​លើ​សេវាកម្ម ដាក់​ប្រាក់ ដក​ប្រាក់ ដាក់​លុយ​ទូរស័ព្ទ បង់​វិក្កយបត្រ   ​បើក​ប្រាក់​បៀរវត្សរ៍ ​សេវាកម្ម​ផ្ទេរ​ប្រាក់​និង​ការ​ទូទាត់​សាច់​ប្រាក់​ទូទៅ។

 

TrueMoney និង KOSIGN បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ស្តីពី​សហប្រតិបត្តិការ​លើ​សេវា​បង់វិក្កយបត្រ

 

បច្ចុប្បន្នក្រុមហ៊ុន​ទ្រូម៉ាន់នី កំពុង​តែ​មាន​កេរ្ត៍​ឈ្មោះ​ល្បី ខាង​សេវាកម្ម​ផ្ទេរ​ប្រាក់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សារ​តែ​ក្រុមហ៊ុន​ទទួល​បាន​ទំនុក​ចិត្ត​ខ្ពស់​ពី​អតិថិជន តាម​រយៈ​ការ​ផ្តល់​ភាព​ងាយ​ស្រួល សុវត្ថិភាព​ខ្ពស់ និង​ថ្លៃ​សេវា​សមរម្យ  ដោយ​ចំណាយ​ត្រឹម​តែ ២៥០០៛ តែ​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ទេរ​ប្រាក់​ម្តង។ ​ចាប់​តាំង​ពី​ក្រុមហ៊ុន​ឈាន​ជើង​មក​ប្រទេស​កម្ពុជា​រហូត​មក​ទល់​ពេល​នេះ​យើង​មាន​ភ្នាក់ងារ​ជិត​៥០០០ ទីតាំង​នៅ​ចាំ​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​ទូទាំង​ប្រទេស។​ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ទ្រូម៉ាន់នី មាន​ការិយាល័យ​នៅ​៦​ប្រទេស ដូច​ជា​ប្រទេស​កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម ហើយ​ក្រុមហ៊ុន​នឹង​ពង្រីក​អាជីវកម្ម​ខ្លួន​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ទូទាំង​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

 

បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នៅ​ថ្ងៃ​នេះ ក្រុម​ហ៊ុន KOSIGN មាន​សិទ្ធិ​ផ្តល់​បន្ត​នូវ​សេវា​កម្ម​បង់​វិក្កយបត្រ​របស់​ក្រុមហ៊ុន TrueMoney ទៅ​ឲ្យ​ក្រុមហ៊ុន ​(Biller) ដទៃ​ទៀត។ ហើយ​អតិថិជន​ នៃ Biller របស់​ក្រុមហ៊ុនKOSIGN អាច​ធ្វើការ​បង់​វិក្កយបត្រ​របស់​ខ្លួន​តាម​រយៈ​ភ្នាក់ងារ TrueMoney នៅ​ទូទាំង​ប្រទេស​កម្ពុជា។កិច្ច​សហការ​នេះ​នឹង​នាំ​មក​នូវ​អត្ថ​ប្រយោជន៏​ជា​ច្រើន​ដល់​ក្រុមហ៊ុន​ទាំងពីរ​ ជា​ពិសេស​អតិថិជន​របស់​ក្រុមហ៊ុនKOSIGN។

 

TrueMoney និង KOSIGN បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ស្តីពី​សហប្រតិបត្តិការ​លើ​សេវា​បង់វិក្កយបត្រ

 

លោក Jung Tae Sung នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KOSIGN ដែល​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ (Fintech) មួយ​ដែល​មាន​ទី​ស្នាក់ការ​កណ្ដាល​នៅ​សាធារណៈរដ្ឋ​កូរ៉េ បាន​ថ្លែង​ថា KOSIGN មាន​ផ្តល់​សេវាកម្ម​ជា​ច្រើន​ដូច​ជា​សេវាកម្ម​ជួល​ម៉ាស៊ីន ATM/BDM, សេវា​កម្ម Multi-Banking, សេវា​កម្ម​បង់​វិក្កយបត្រ, សេវាកម្ម​គ្រប់​គ្រង​ប្រាក់​បៀវត្សន៍ និង​សេវាកម្ម​ផ្នែក Fintech ជា​ច្រើន​ទៀត ដែល​រាល់​សេវាកម្ម​ទាំង​អស់​នេះ KOSIGN អនុញ្ញាត្ត ឲ្យ​អតិថិជន​ជា​អ្នក​គ្រប់​គ្រង​ដោយ​ខ្លួន​គាត់​ផ្ទាល់​តាម​រយៈ Web Platform ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​ឲ្យ។

 

លោក​បាន​បន្ត​ទៀត​ថា បើ​តាម​ការ​ប៉ាន់​ប្រមាណ ទំហំ​ទីផ្សារ​នៃ​ការ​បង់​ប្រាក់​តាម Online ក្នុង​ប្រទេស​កម្ពុជា​អាច​កើន​ឡើង​រហូត​ដល់​១ពាន់​លាន​ដុល្លារ​អាមេរិច​ក្នុង​មួយ​ឆ្នាំ។ កិច្ច​សហ​ប្រតិបត្តិការ​រវាង TrueMoney និង KOSIGN លើ​សេវាកម្ម​បង់​វិក្កយបត្រ​នេះ​នឹង​ក្លាយ​ជា​ជំហ៊ាន​ដំបូង​ដើម្បី​ឈាន​ទៅ​រក​គោលដៅ​មួយ​នោះ។ ជា​ចុង​ក្រោយ លោក​បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​សេវាកម្ម​នេះ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​សេវាកម្ម​ផ្សេងៗ​បន្ត​ទៀត​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

 

ដើម្បី​ស្វែង​យល់ឲ្យ​កាន់​តែ​ច្បាស់​ពី WeBill Platform សូម​ចូល​ទៅ​កាន់​វិបសាយ www.kosign.com.kh/intro/webill ឬ​ទាក់ទង​តាម​រយៈ​លេខ​ទូរស័ព្ទ 023 900 530៕

 

អត្ថបទៈ ពាណិជ្ជកម្មា