​មន្ត្រី​ផ្នែក​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា នៃ​ប្រទេស​អាស៊ាន ចូលរួម​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​ និពន្ធដោយ : ម៉ៅ សុផា       August-24-2016, 4:46 pm         246

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​មន្ត្រី​ផ្នែក​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា នៃ​ប្រទេស​អាស៊ាន ចូលរួម​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​​ភ្នំពេញ​៖ មន្ត្រី​ជំនាញ ដែល​បម្រើ​ការងារ​ឲ្យ​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ បាន​ចូលរួម​សិក្ខាសាលា​មួយ ដើម្បី​ចែករំលែក​បទពិសោធ​គ្នា​ទៅវិញទៅមក ទាក់ទង​នឹង​កិច្ចការ​ផ្នែក​អង្គការនីតិបញ្ញត្តិ​។ សិក្ខាសាលា​នេះ រៀបចំឡើង​ដោយ​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​កម្ពុជា ដែលមាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦​។

​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​និង​ជា​អគ្គលេខាធិការ​នៃ​រដ្ឋសភា បាន​លើកឡើងថា មន្ត្រី​ផ្នែក​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​ចំនួន​៣​រូប ក្នុងប្រទេស​នីមួយៗ ដែលជា​សមាជិក​អាស៊ាន ត្រូវបាន​បញ្ជូន មកកាន់​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​ចំណេះដឹង​និង​បទពិសោធ​ឲ្យ​គ្នា​ទៅវិញទៅមក​។ យ៉ាងណាក៏ដោយ លោក ឡេង ប៉េងឡុង មិនបាន​បញ្ជាក់​ពី​ប្រធានបទ​អ្វី​ឲ្យ​ច្បាស់លាស់ ដែល​ត្រូវបាន​លើក​ទៅ​ពិភាក្សា​នោះទេ ដោយ​លោក​គ្រាន់តែ​ប្រាប់ថា សិក្ខាសាលា​នេះ គឺ​ផ្តោតទៅលើ​បទពិសោធ​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​ក្នុង​អគ្គលេខាធិការ​នៃ​រដ្ឋសភា​។

​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង គឺ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​ដែល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋសភា ជាពិសេស​នោះ​គឺ​មន្ត្រី​នៃ​អគ្គលេខាធិការ​រដ្ឋា​ន​តែម្តង​។ លោក បន្តទៀតថា មន្ត្រី​ជំនាញ​ពី​បណ្តា​ប្រទេស​ទាំង​១០ ដែលជា​សមាជិក​អាស៊ាន នឹងមាន​ឱកាស ដើម្បី​ចែករំលែក​ពីបទ​ពិសោធ​របស់​ខ្លូន ផ្នែក​កិច្ចការងារ​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ ហើយ​ពួកគេ​ក៏​អាច​ទទួលបាន​នូវ​ការយល់ដឹង​ពី​របៀប​ធ្វើ​ការងារ របស់​ប្រទេស​នីមួយៗ ផងដែរ​។

​សូមបញ្ជាក់ថា វា ជា​លើក​ទី​២​ហើយ ដែល​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​សិក្ខាសាលា​ខាងលើ​។ សិក្ខាសាលា​លើក​ទី​១ ត្រូវបាន​រៀបចំ​ឡើយ នៅ​វិមាន​រដ្ឋសភា​កម្ពុជា កាលពី​ខែសីហា ឆ្នាំ​២០១៥ កន្លងទៅ​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​រដ្ឋសភា​កម្ពុជា​៕