ឡាវ ដាក់​ក្តីសង្ឃឹម​ខ្ពស់​លើ​គម្រោង​ផ្លូវ​រថភ្លើង​ជាមួយនឹង​ចិន និពន្ធដោយ : ថ្មីៗ       August-24-2016, 5:03 pm         834

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឡាវ ដាក់​ក្តីសង្ឃឹម​ខ្ពស់​លើ​គម្រោង​ផ្លូវ​រថភ្លើង​ជាមួយនឹង​ចិន​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បង្ហាញ​ក្តី​រំពឹង​ខ្ពស់ និង​វិជ្ជមាន​ចំពោះ​គម្រោង​ផ្លូវ​រថភ្លើង​ឡាវ​-​ចិន ថា នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ឡាវ ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឲ្យ​រឹងមាំ​, សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​និង​យុទ្ធសាស្ត្រ​ត​ភ្ជាប់​, ការបង្កើន​វិនិយោគ​បរទេស និង​កាត់បន្ថយ​តម្លៃ​នៃ​ការផលិត​ផងដែរ​។

​យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឡាវ ដែល​បាន​ចុះផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ឡាវ KPL នៅ​ថ្ងៃទី​២៤ ខែសីហា គម្រោង​ផ្លូវ​រថភ្លើង​ឡាវ​-​ចិន នឹង​ជួយ​ឡាវ​ធានា​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​រឹងមាំ ដែល​អាច​ជំរុញ​ឲ្យ​ឡាវ សម្រេច​ដល់​គោលដៅ​នៃ​ការ​ប្រែក្លាយ​ពី​«​ប្រទេស​ដែល​គ្មាន​សមុទ្រ​មួយ​សោះ​ទៅជា​ប្រទេស​ដែលមាន​ការតភ្ជាប់​»​។ ហើយ​គម្រោង​នោះ ក៏​នឹង​ជួយ​ក្នុង​ការសម្រេច​យុទ្ធសាស្ត្រ​នៃ​ការតភ្ជាប់ និង​ប្រតិបត្តិការ​ខាងក្រៅ ជាមួយនឹង​បណ្តា​ប្រទេស​អាស៊ាន និង​ចិន​របស់​ឡាវ​ផងដែរ​។

​របាយការណ៍​ដដែល​នោះ ក៏បាន​បន្ថែម​ដែរ​ថា គម្រោង​រថភ្លើង នឹង​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ការទាក់ទាញ​វិនិយោគ​បរទេស ដែលជា​លទ្ធផល គម្រោង​នោះ ក៏​ជំរុញ​ឲ្យ​មានការ​កើនឡើង​នៃ​ផលទុន បច្ចេកវិទ្យា​ទំនើប និង​ធនធានមនុស្ស​នៅក្នុង​ប្រទេស​ផងដែរ​។ លើសពីនេះទៅទៀត គម្រោង​រថភ្លើង​រយៈ​ចម្ងាយ​នោះ ក៏​នឹង​ជួយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម ទេសចរណ៍ និង​បង្កើន​ការងារ​កាន់តែច្រើន​ទៀតផង​។​

​សូម​ជម្រាប​ផងដែរ​ថា គម្រោង​ផ្លូវ​រថភ្លើង​ឡាវ​-​ចិន​រយៈពេល​ប្រាំ​ឆ្នាំ បានចាប់ផ្តើម​ដំណើរការ​សាងសង់​តាំងពី​ចុងឆ្នាំ​២០១៥​មកម្ល៉េះ​។ គម្រោង​ផ្លូវ​រថភ្លើង​នេះ មាន​ចម្ងាយ​សរុប ៤២៧.២​គី​ឡី​ម៉ែត ដែលជា​ការតភ្ជាប់​ពី​ព្រំដែន​ឡាវ​-​ចិន​រហូតដល់​រដ្ឋធានី​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​៕