សង្គម​ស៊ីវិល​ចង់​ឃើញ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​មិន​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព ដែល​ហៅ​កាត់​ថា ភី.ឌី.ភី (PDP) ចង់​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​នៅ​ពេល​ខាង​មុខ ដោយ​មិន​ពិសា​គ្រឿង​ស្រវឹង។ បំណង​របស់​អង្គការ ភី.ឌី.ភី ដែល​សកម្ម​ក្នុង​ការងារ​លុប​បំបាត់​គ្រឿង​ស្រវឹង​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​ដែល​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ទៅ​ក្នុង​បញ្ជី​ថ្មី ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ខាង​មុខ។

ព្រះសង្ឃ មន្ត្រី​រដ្ឋាភិបាល ព្រម​ទាំង​និស្សិត និង​សិស្ស​សាលា​ប្រមាណ​ជាង ១០០​នាក់ បាន​រួម​គ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ក្នុង​បំណង​ផ្សព្វផ្សាយ​អប់រំ​ដល់​មហាជន​ឲ្យ​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រឿង​ស្រវឹង ព្រម​ទាំង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​បោះបង់​ចោល​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ទាំងនោះ​ផង។

យុទ្ធនាការ​ប្រឆាំង​គ្រឿង​ស្រវឹង​នេះ គឺ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព ក្នុង​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​តាក់តែង​ច្បាប់​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​ផង ព្រម​ទាំង​បន្លឺ​ជា​សញ្ញា​ដាស់តឿន​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប សូម​កុំ​ឲ្យ​ពិសា​គ្រឿង​ស្រវឹង​នៅ​ពេល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ខាង​មុខ​ផង។

យុទ្ធនាការ​ប្រឆាំង​គ្រឿង​ស្រវឹង ២០១៦ ៨៥៥
យុទ្ធនាការ​ប្រឆាំង​គ្រឿង​ស្រវឹង​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hang Savyouth

ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព គឺ​លោក សេង រិទ្ធី។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ថា លោក​ចង់​ផ្ញើ​សារ​ដ៏​សំខាន់​មួយ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ គឺ​សូម​យក​ប្រាក់​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ប្រសើរ​ជាង​ការ​យក​ទៅ​ទិញ​ស្រា​ផឹក។ លោក សេង រិទ្ធី ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​មាន​សិទ្ធិ​បោះឆ្នោត គឺ​នៅ​ពេល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ខាង​មុខ សូម​កុំ​ពិសា​ស្រា ពីព្រោះ​ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​បាត់បង់​ស្មារតី វា​ក៏​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​នានា​មិន​បាន​គិតគូរ​ដិតដល់​ទេ៖ «សូម​កុំ​ឲ្យ​ពិសា​គ្រឿង​ស្រវឹង យើង​នាំ​គ្នា​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​ទៅ។ គ្រឿង​ស្រវឹង​វា​មិន​មាន​អ្វី​ចំណេញ​ទេ»

អនុប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប លោក ពៅ សាខន បាន​យល់ស្រប​ថា លោក​មាន​បទពិសោធន៍​កន្លង​ទៅ មាន​ពលរដ្ឋ​ខ្លះ​បាន​ផឹក​ស្រា ហើយ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត បង្ក​ឲ្យ​មន្ត្រី​ចុះ​ឈ្មោះ​មាន​ការ​ពិបាក ដូចជា​បុគ្គល​នោះ​ភ្លេចភ្លាំង​ច្រើន និយាយ​ស្ដាប់​គ្នា​មិន​បាន និង​ពេល​ខ្លះ​ឡូឡា​នៅ​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត​ទៀត​ផង។

អធិការ​នគរបាល​ក្រុង​សៀមរាប លោក ទិត្យ ណារ៉ុង ឲ្យ​ដឹង​ថា កម្លាំង​របស់​លោក​ជាច្រើន​នឹង​ត្រៀម​ការពារ​នៅ​ជិត​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ ហើយ​ប្រសិន​បើ​ពលរដ្ឋ​ណា​ស្រវឹង​ទៅ​រំខាន​ដល់​អ្នក​ដទៃ គឺ​កម្លាំង​សន្តិសុខ នឹង​ប្រើ​សិទ្ធិ​ការពារ​កន្លែង​ចុះ​ឈ្មោះ​ដោយ​ស្រប​ច្បាប់៖ «ជាក់ស្ដែង បើ​សិន​ជា​គាត់​ស្រវឹង ហើយ​មាន​អាកប្បកិរិយា​មិន​អាច​ទទួល​បាន មិន​អាច​ចុះ​ឈ្មោះ​បាន គឺ​កម្លាំង​សន្តិសុខ​ត្រូវ​មាន​វិធានការ​យក​គាត់​ចេញ​ពី​កន្លែង​ចុះ​ឈ្មោះ​ជា​បណ្ដោះអាសន្ន»

ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ព្រះសង្ឃ កម្លាំង​ប៉ូលិស ព្រម​ទាំង​ក្រុម​យុវជន​ជាង ១០០​នាក់ បាន​ធ្វើ​យុទ្ធនាការ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប ហើយ​ចែក​ខិត្តប័ណ្ណ​ដែល​ប្រឆាំង​ការ​ប្រើ​គ្រឿង​ស្រវឹង​ជាច្រើន​រយ​សន្លឹក​ទៅ​ឲ្យ​មហាជន​នៅ​ក្នុង​ទីក្រុង។

ចាប់​តាំង​តែ​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៥ ក្រសួង​សុខាភិបាល នៃ​ប្រទេស​កម្ពុជា បាន​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សេចក្តី​ព្រាង​ច្បាប់​នោះ​ត្រូវ​បាន​រាំង​ស្ទះ​មិន​ទាន់​ចេញ​រួច​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។