មិត្តភក្តិ​ឲ្យ​លុយ និង​ម៉ូតូ​ជិះ​ទៅ​ទិញ​ស្រា​បៀរ​បែរ​យក​ទៅ​បាត់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល ក្រុង​សិរី​សោភ័ណ នៃ​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង ធ្វើការ​ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ នៅ​ឃុំ​ពង្រ ស្រុក​រលៀប្អៀរ ខេត្តកំពង់ឆ្នាំង រួច​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ច្បាប់​។​លោក​វរសេនីយ៍ត្រី ស៊ីវ សុ​ជាតិ អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះ ថោ​ង សំ​អៀ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរ​ជា​កម្មករ​។

ជន​នេះ​កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៦​នាទី​យប់ បាន​លួច​យក​មក​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1O-5441 ជា​របស់​ឈ្មោះ ឆ​ន លឿម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​២ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរ​ជា​ជាងសំណង់​។ លោក​អធិការ​នគរបាល​ក្រុង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ និង​ជនល្មើស​គឺ​ធ្វើការ​ជាមួយ​គ្នា នៅ​យប់​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ និង​ជនល្មើស​បាន​ជិះ​ម៉ូតូ​ទាំង​២​នាក់ ទៅ​ភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ដើម្បី​ទៅ​លេង​ផ្ទះ​សង្សា​របស់​គេ។

ពេល​ជិះ​ដល់​ស្ពាន​ទី​២ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​១ សង្កាត់​ព្រះ​ពន្លា  ឈ្មោះ​ឆ​ន លឿម ចុច​ទូរស័ព្ទ​ទៅ​សង្សា​របស់​គេ​មិន​ចូល ក៏​ឲ្យ​លុយ​១​ម៉ឺន និង​ម៉ូតូ​ទៅ​ឈ្មោះ ថោ​ង សំ​អៀ​ត ជនសង្ស័យ​នេះ​ជិះ​មក​ទិញ​ស្រា​បៀរ​លី​អូ​ផឹក​ទាំងអស់​គ្នា ក៏​ស្រាប់តែ​បាត់​មិនឃើញ​ត្រឡប់​ទៅ​វិញ បាន​មក​ប្តឹង​សមត្ថកិច្ច នគរបាល​ក្រុង ហើយ​ទើប​សមត្ថកិច្ច​នគរបាល​យើង​បាន​សួរនាំ​ពី​ភិនភាគ និង​ទីលំនៅ​ពី​ជន​រង​គ្រោះ ទើប​យើង​ផ្តល់​ព័ត៌មាន រួម​ទាំង​ភិនភាគ​ទៅ​កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង ចាប់​បាន​នៅ​ថ្ងៃ​ទី​២១ ខែសីហា។

ខណៈ​ពេល​គេ​នៅផ្ទះ​ប្រពន្ធ​របស់​នៅ​ឃុំ​ពង្រ ស្រុក​រលៀប្អៀរ ខេត្តកំពង់ឆ្នាំង ដោយ​សកម្មភាព​នេះ​ជនសង្ស័យ​បាន​ប្រព្រឹត្ត​នៅ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ប្រគល់​ជនសង្ស័យ និង​ម៉ូតូ​មក​ឲ្យ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជា​អ្នក​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕