ស៊ិន​ កក្កដា ​លេង​បាល់​ជម្នះ​ឪពុក​ រហូត​​ធ្វើ​ឲ្យ​គ្រួសារ​គាំទ្រ​ពេញ​ទំហឹង

​ខ្សែ​​បម្រើ​​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៦​ឆ្នាំ​កម្ពុជា ស៊ិន​ កក្កដា ​​ព្យាយាម​លេង​បាល់​​ទាំង​ជម្នះ​សម្ដី​ឪពុក​ ដែល​បាន​ហាម​ឃាត់​​ខ្លួន ​​រហូត​ពេល​នេះ​រូប​គេ​ត្រូវ​បាន​គ្រួសារ​គាំទ្រ​​ឲ្យ​ប្រកប​អាជីព​មួយ​​នេះ​ពេញ​ទំហឹង។

 

ស៊ិន​ កក្កដា ​លេង​បាល់​ជម្នះ​ឪពុក​ រហូត​​ធ្វើ​ឲ្យ​គ្រួសារ​គាំទ្រ​ពេញ​ទំហឹងស៊ិន កក្កដា (លេខ ១២)

 

​យុវជន​របស់​ក្លឹប​ភ្នំពេញ​ក្រោន​រូប​នេះ​​​មាន​ឪ​ពុក​ឈ្មោះ ស៊ិន ស៊ីណា និង​ម្ដាយ​ឈ្មោះ អិន ចន្ថា ​​ដែល​​កំពុង​រស់​នៅ​ស្រុក​កំណើត​ខេត្ត​កណ្ដាល។ ​គេ​មាន​​បង​ប្អូន​បង្កើត​​៤​នាក់​ក្នុង​នោះ​ស្រី២​នាក់​ ប្រុស​​២​​នាក់​ ហើយ​កក្កដា ជា​កូន​ទី​ពីរ​ក្នុង​គ្រួសារ។

 

យុវជន​​ដែល​ទើប​​វិវឌ្ឍ​ខ្លួន​មក​លេង​នៅ​​ U19 ​ភ្នំពេញ​ក្រោន​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា កាល​​ខ្លួន​នៅ​​​ក្មេង​​ចង់​លេង​បាល់​​ខ្លាំង ប៉ុន្តែ​​ឪពុក​ហាម​មិន​ឲ្យ​លេង​ឡើយ​ ដោយលោក​​​​ចង់​​តែ​ប្រឹង​រៀន​សូត្រ​​។ ​​​ចិត្ត​ស្រលាញ់​​បាល់ទាត់របស់គេ​រហូត​មាន​ពេល​ខ្លះ ​​លេង​ដោយ​លួច​លាក់​មិន​ឲ្យ​អ្នក​ផ្ទះ​ដឹង​ក៏​មាន។

​ថ្ងៃ​មួយ​​​នា​ពេល​ កក្កដា អាយុ​បាន​១២​ឆ្នាំ​​​ ​ដោយ​សារ​ខ្លួន​ទទូច​ចង់​លេង​បាល់ទាត់​​ខ្លាំង​ពេក រូប​គេ​​​ក៏​ទទួល​បាន​ការ​អនុញ្ញាត​ពី​ឪពុក​ជា​លើក​​ដំបូង​​ ដើម្បី​លេង​បាល់​ទាត់​ក្នុង​ពាន​រង្វាន់​របស់​អង្គការ​មួយ​ ដែល​​ពេល​នោះ​គេ​លេង​តំណាង​ឲ្យ​ខេត្ត​កណ្ដាល។ ក្នុង​វ័យ​​១២​​ឆ្នាំ​ ខ្លួន​ក៏​ត្រូវ​បាន​ក្រុម​ការ​​ងារ​របស់​ក្លឹប​ភ្នំពេញ​​ក្រោន​មើល​ឃើញ​​មាន​​ទម្រង់​លេង​ល្អ ទើប​​​​ក្លឹប​កំពូល​មួយ​នេះ​សម្រេច​កោះ​ហៅ​ឲ្យ​ចូល​ធ្វើតេស្ត​។

 

ស៊ិន​ កក្កដា ​លេង​បាល់​ជម្នះ​ឪពុក​ រហូត​​ធ្វើ​ឲ្យ​គ្រួសារ​គាំទ្រ​ពេញ​ទំហឹង

ស៊ិន កក្កដា (លេខ ១២)

 

​​​​​​ការ​កោះ​ហៅ​របស់​ក្លឹប​កំពូល​របស់​កម្ពុជា​​មួយ​​នេះ ​មាន​ការ​អាក់រអួល​បន្តិច ​ពី​ព្រោះ​​ឪពុក​របស់​ កក្កដា មិន​ព្រម​ឲ្យ​ចូល​ធ្វើតេស្ត​។ ​ប៉ុន្តែ​ក្រោយ​មក​រូប​គេ​អាច​ នឹង​ត្រូវ​បាន​ឪ​ពុក​ម្ដាយ​អាណិត​​​​ ​ដោយ​សារ​ការ​​​​​ធ្លាក់​ទឹក​មុខ និង​សម្ដែង​អាកប្បកិរិយា​ខក​ចិត្ត​ទៅ​កាន់​អ្នក​មាន​គុណ​ទាំង​ពីរ។ ទី​បំផុត​ឪ​ពុក​របស់​គេ​ក៏​ព្រម​ឲ្យ​ធ្វើតេស្ត​​​ ហើយ​ជាប់​​លេង​​ U-13 ​របស់​ភ្នំពេញ​ក្រោន​នា​ឆ្នាំ​២០១៣។

 

​ហ្វឹក​ហាត់​​ជា​មួយ U-13 ​ក្រោន​បាន​ប្រហែល​​​​​៤ខែ​ កីឡាករ​ដែល​មាន​ជំនាញ​ជើង​​​ឆ្វេង​រូប​នេះ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ជម្រើស​​ជាតិ​​ក្រោម​អាយុ ១៤​ឆ្នាំ​​នា​ឆ្នាំ​២០១៣។ ​​ចុង​​ឆ្នាំ​២០១៤​ ​ស៊ិន កក្កដា ​ក៏​បាន​​​​ជាប់​លេង​ឲ្យ​ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៦​ឆ្នាំ​ ហើយ​រហូត​មក​ដល់​ពេលនេះ​ រូប​គេ​​​រក​គ្រាប់​បាល់​​បាន​​២​​​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​ផង​ដែរ។

 

​បច្ចុប្បន្ន​កីឡាករ​រូប​នេះ​មាន​អាយុ ១៦​ឆ្នាំ​​​​​ ដែល​ត្រូវ​បាន​ភ្នំពេញ​ក្រោន​អនុញ្ញាត​ឲ្យ​លេង​ក្នុង​ក្រុម​​​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​​ ​​​ដើម្បី​​ត្រៀម​លេង​ពាន​រង្វាន់​ 2016 Asia Champion Trophy U-19 ។ ​នា​ពេល​អនាគត​​កីឡាករ​មាន​ដើម​កំណើត​មក​ខេត្ត​កណ្ដាល​រូប​នេះ​ ចង់​ទៅ​លេង​​ក្លឹប​ក្រៅ​ប្រទេស​​ជាង​នៅ​កម្ពុជា​រួម​ទាំង​​ប្រទេស​ថៃ​ជា​ដើម។

 

​​​​​​​កម្រិត​សិក្សា​ចូល​វិស្សមកាល​វិញ​​ ​​យុវជន​​ដែល​ជួយ​ឲ្យ​ U-16 ​កម្ពុជា​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន AFF U-16 Championship 2016 ​រូប​នេះ​​រៀន​ថ្នាក់​ទី១១ ​នៅ​សាលា​រដ្ឋ​(មិន​ទាន់​ដឹង​ឈ្មោះ​សាលា) ដោយ​​​ផ្លាស់ប្ដូរ​ពី​សាលា​​​ឯក​ជន​​ប៊ែលធី​។ ​ពេល​នេះ​រូប​គេ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​សារ​ឪពុក​ម្ដាយ​លែង​ហាម​ឃាត់​​ និង​ថែម​ទាំង​គាំទ្រ​​ឲ្យ​លេង​បាល់​ទាត់​ ​ហើយ​ក៏​​អនុញ្ញាត​ឲ្យ​ប្រកប​អាជីព​នេះ​នា​ពេល​អនាគត​ទៀត​ផង៕

 

ស៊ិន​ កក្កដា ​លេង​បាល់​ជម្នះ​ឪពុក​ រហូត​​ធ្វើ​ឲ្យ​គ្រួសារ​គាំទ្រ​ពេញ​ទំហឹងស៊ិន កក្កដា (លេខ ១២)

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​