ក្រុម​តំណាង​កម្ពុជា​ Asean ICT Award បញ្ចប់​ការ​ធ្វើ​បង្ហាញ មិន​ទាន់​ច្បាស់​ពី​លទ្ធផល

ពី​រដ្ឋធានី​រ៉ង់ហ្គូន​បាន​រាយការ​​ថា គម្រោង​កម្មវិធី​​ដែល​តំណាង​ពី​ប្រទេស​កម្ពុជា​ពីរ​ក្រុម បាន​បញ្ចប់​ការ​ធ្វើ​បទ​បង្ហាញ​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​ពាន​រង្វាន់ Asean ICT Award 2016។

 

ក្រុម​តំណាង​មក​ពី​កម្ពុជា​ពីរ​ក្រុម​មាន Cambo Ticket និង Tosfund ត្រូវ​បាន​គណៈកម្មការ Asean ICT Award ជ្រើសរើស សម្រាប់​ការ​ឡើង​ធ្វើ​បទ​បង្ហាញ​ចុងក្រោយ ដើម្បី​វាយ​តម្លៃ​មុន​ឈាន​ទៅ​សម្រេច​ជា​ជយលាភី។

 

ក្រុម​តំណាង​កម្ពុជា​ Asean ICT Award បញ្ចប់​ការ​ធ្វើ​បង្ហាញ មិន​ទាន់​ច្បាស់​ពី​លទ្ធផល

 

លោក គង់ សោមវ៉ាន់ដា ដែល​តំណាង​ឲ្យ​ក្រុម​គម្រោង TosFund បាន​ប្រាប់​ថា សម្រាប់​ពេល​នេះ ក្រុម​លោក​មិន​ទាន់​ទទួល​បាន​លទ្ធផល​យ៉ាង​ណា បន្ទាប់​ការ​ធ្វើ​បទ​បង្ហាញ​បាន​បញ្ចប់​ទាំង​ស្រុង។

 

“ខ្ញុំ​ក៏​មិន​ទាន់​ច្បាស់​គេ​ប្រកាស​លទ្ធផល​នៅ​ពេល​ណា​ដែរ។ ខុស​ពី​ឆ្នាំ​មុន ពេល​​គណៈកម្មការ​បូក​សរុប​ពិន្ទុ​រួច គេ​នឹង​ប្រកាស​លទ្ធផល​ភ្លាមៗ ប៉ុន្តែ​ឆ្នាំ​នេះ​ប្លែក​ជាង​ឆ្នាំ​មុន ដោយ​លទ្ធផល​គេ​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​ភ្លាមៗ​នោះ​ទេ”។

 

លោក​បន្ត​ថា តាម​លោក​ដឹង​លទ្ធផល​សម្រេច​ចុងក្រោយ អាច​ប្រកាស​ក្នុង​រយៈ​ពេល​មួយ​ខែ។ សម្រាប់​​គម្រោង​ដែល​ជាប់​ជា​ជយលាភី នឹង​ត្រូវ​គេ​ផ្តល់​ព័ត៌មាន​ដើម្បី​ទៅ​ទទួល​ពាន​ពាន​រង្វាន់​ដែល​នឹង​ប្រគល់​នៅ​ប្រទេស​ប្រ៊ុយណេ។

 

បេក្ខភាព​​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ បាន​លើក​យក​គម្រោង​ស្នាដៃ​បច្ចេកវិទ្យា​​នានាន​ដើម្បី​ប្រកួតប្រជែង​ក្នុង​ពាន​រង្វាន់ Asean ICT Award 2016។ ក្រុម​តំណាង​កម្ពុជា​ពីរ​ក្រុម​មាន TosFund និង Cambo Ticket ត្រូវ​បាន​គណៈកម្មការ​ជ្រើសរើស​ក្នុង​​ចំណោម​គម្រោង​កម្មវិធី​ជាង ៣០ ​ក្នុង​ពាន​រង្វាន់ Cambodia ICT Award ដើម្បី​ឈាន​ទៅ​ប្រកួតប្រជែង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ភូមា។

 

លោក គង់ សោមវ៉ាន់ដា មាន​ការ​រំពឹង​​ទុក​សម្រាប់​ការ​សម្រេច​បាន​លទ្ធផល​ល្អ បើ​ទោះ​បី​លោក​មិន​ទាន់​ដឹង​ពី​គម្រោង​កម្មវិធី​ប្រទេសដែល​ចូលរួម ដោយសារ​ការ​ប្រកួតប្រជែង​នេះ​ធ្វើ​ដោយ​សម្ងាត់។

 

ពាន​រង្វាន់ Asean ICT Award ជា​គម្រោង​ដែល​រៀប​ចំ​ឡើង​ដោយ​រដ្ឋ​មន្ត្រី​ទូរគមនាគមន៍​អាស៊ាន។ ​កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​ច្នៃប្រឌិត​លើ​​វិស័យ​បច្ចេកវិទ្យា​ និង​បំណង​ទទួល​ស្គាល់​សមិទ្ធផល​វិស័យ ICT ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​សហគ្រិន​នៅ​ទូទាំង​តំបន់​អាស៊ាន។ កម្មវិធី​នេះ​ក៏​ដើម្បី​ផ្តល់​ឱកាស​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម​និង​លើក​កម្ពស់​នៃ​ការ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ក្នុង​សហគមន៍​ឬ​ក្នុង​តំបន់​អាស៊ាន។

 

កាល​ពី​ឆ្នាំ ២០១៤ ក្រុម​តំណាង​កម្ពុជា Osja Studio ធ្លាប់​ដណ្តើម​បាន​មេដាយ​មាស​ផ្នែក Start Up ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ ASEAN ICT Awards ដែល​រៀបចំ​នៅ​ប្រទេស​ថៃ៕

 

ចុច​អាន៖ Osja Studio តំណាង​ឲ្យ​កម្ពុជា​ដណ្ដើម​​មេដាយ​មាស​​ផ្អើល​សមាជិកអាស៊ាន។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា