ម្ចាស់ផ្ទះវេរប្រាក់វីងមួយកន្លែង​ នៅក្រុងបាត់ដំបង ត្រូវជនសង្ស័យ២នាក់ ឆ្ពឹនភ្នែកយកលុយ១៧ដុល្លារ ដូរយកលុយជិត៨លានរៀលទៅបាត់

(បាត់ដំបង)៖ ជនសង្ស័យ២នាក់ បានប្រើល្បិចបោកប្រាស់ ធ្វើសកម្មភាពបន្លំយកប្រាក់ ពីម្ចាស់ផ្ទះវេរប្រាក់វីង បានសម្រេចមួយកន្លែង ក្នុងក្រុងបាត់ដំបង ចំនួន១៧០០ដុល្លារ គេចដោយសុវត្តិភាព។

បុរសសង្ស័យ២នាក់នោះ បានជិះម៉ូតូ១គ្រឿងចំណាយប្រាក់តែ១៧ដុល្លារ ដោយចេះឆ្ពឹនភ្នែក ធ្វើឲ្យម្ចាស់ហាងវេរប្រាក់វីង ភ្លាត់ស្នៀតបាន។

សមត្ថកិច្ចប្រាប់ឱ្យដឹងថា ម្ចាស់ហាងវេរប្រាក់វីង ដែលជាជនរងគ្រោះមាន ឈ្មោះ លឹម ជូឈឹក ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឱ្យដឹងថា នៅ២ រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ មានបុរស២នាក់ ដែលមានវ័យចំណាស់ ទៅហើយពាក់មួកសុវត្ថិភាព បានជិះម៉ូតូ១គ្រឿងឌុបគ្នា មកកន្លែងហាងវេរប្រាក់របស់គាត់។ ដោយប្រាប់គាត់ថា មកវេរប្រាក់ផង មកបើកប្រាក់វីងផង និង មកដូរប្រាក់ថែមទៀត។ សកម្មភាពពួកគេដោយធ្វើយ៉ាងណាឱ្យគាត់ម្ចាស់ហាងវេរ និងដូរប្រាក់រងគ្រោះ រវល់វក់វីភ្លេចខ្លួន និងបន្លំថា ដូរប្រាក់១៧០០ដុល្លារ ដូរយកលុយរៀល។

ជនរងគ្រោះក៏បានផ្តល់ប្រាក់ សរុបបានចំនួន ៦លាន៩៧ម៉ឺនរៀល និងបានយកប្រាក់ដុល្លា១៧០០ដុល្លារ យកមកដាក់ទូ ខណៈនោះពួកគេក៏ធ្វើជាលេសថែមទៀត ចង់ដូរប្រាក់បន្ថែម និងចង់វេរប្រាក់ និងដកប្រាក់ទៀតផង ពេលបន្លំយកបានហើយ ជនសង្ស័យទាំង២នាក់នោះ ក៏ជិះម៉ូតូចេញគេចខ្លួនបាត់។

លុះមួយសន្ទុះក្រោយមកម្ចាស់ ហាងវេរប្រាក់យកប្រាក់ទាំងនោះចេញ ពីក្នុងទូ យកមករាប់ឡើងវិញ ក៏ស្រាប់តែឃើញក្រដាស់ប្រាក់១៧០០ដុល្លារទាំងនោះ សុទ្ធតែក្រដាសប្រាក់ប្រភេទ១ដុល្លារចំនួន១៧សន្លឹក ស្មើនឹង១៧ដុល្លាទៅវិញ ឃើញបែបនោះម្ចាស់វេរប្រាក់រងគ្រោះ រន្ធត់ចិត្តស្ទើរតែសន្លប់ទាំងជំហរ។

ភ្លាមៗនោះដែរ កម្លាំងកងអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅកាន់ទីតាំងកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព និងពិនិត្យលើរូបភាព ដើម្បីកំណត់មុខសញ្ញាឆបោកនេះផង។

បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យទាំង២នាក់ ដែលមានរូបតាមកាមរ៉ាសុវត្ថិភាព ថតបានតាមក្រោយ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនស្ថិតនៅចំណុច សាខាWing (ដាក់ដក វេលុយ) ក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

មន្រ្តី អ. ហ ខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តស្វាយរៀង សហការ ជាមួយកម្លាំងជំនាញ ព្រហ្មទណ្ឌកង រាជអាវុធហត្ថ លើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តស្វាយរៀង តាចចាប់ខ្លួន ក្រោយពី ចេញតាមដាន មុខសញ្ញានេះយ៉ាង យកចិត្តទុកដាក់រួចមក។

មន្រ្តី អ.ហ បានបន្តទៀតថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួននេះមាន ឈ្មោះ សួន មន្នីលីណា (ហៅម៉ាប់) ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង ។ បើតាមមន្រ្តី អ.ហ ជនសង្ស័យ បានទូរស័ពុ្ទ ឆបោកថា ខ្លួនជាជំនួយការថ្នាក់ ដឹកនាំរដ្ឋាភិបាល ដើម្បីទាមទារ ប្រាក់មួយចំនួន យកទៅក៏សាងសាលារៀន និងដំឡើងមុខងារឲ្យ។

តាមចម្លើយសារភាព សួន មន្នីលីណា បាននិយាយថា ឪពុកខ្លួនជាអ្នកទូរស័ព្ទ ទៅឆបោក ហើយឲ្យខ្លួនជាអ្នក ទៅដកលុយតាម Wing ក្នុងខេត្តស្វាយរៀង។

ជនរងគ្រោះមាន អាស័យដ្ឋាន នៅរាជធានីភ្នំពេញហើយ បានដាក់ពាក្យបណ្តឹងនៅ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដូចនេះជនសង្ស័យ ត្រូវបានបញ្ជួនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដើម្បីក៏សាងសុំណុំរឿង តាមនីតិវិធីច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម្ចាស់ផ្ទះវេរប្រាក់វីងមួយកន្លែង​ នៅក្រុងបាត់ដំបង ត្រូវជនសង្ស័យ២នាក់ ឆ្ពឹនភ្នែកយកលុយ១៧ដុល្លារ ដូរយកលុយជិត៨លានរៀលទៅបាត់

ម្ចាស់ផ្ទះវេរប្រាក់វីងមួយកន្លែង​ នៅក្រុងបាត់ដំបង ត្រូវជនសង្ស័យ២នាក់ ឆ្ពឹនភ្នែកយកលុយ១៧ដុល្លារ ដូរយកលុយជិត៨លានរៀលទៅបាត់