​គិតម៉េច​ជាមួយ​ហាង «រតនៈរចនាម៉ូដ» ដែលប្រើហិង្សាលើតារត់កង់៣

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ ​គ្រាន់តែ​ឈប់​ម៉ូតូ​ចត​មុខ​ផ្ទះ​គេ​បន្តិច ក៏​​ត្រូវ​ម្ចាស់ផ្ទះ​យក​ដំបង​មក​វាយ​ បណ្ដាល​ឱ្យ​​បុរស​រូប​នោះ​ រង​របួស​បាក់ដៃ​ខាងឆ្វេង បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល កាលពី​​វេលា​ម៉ោង​១០​ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣ ​សីហា ២០១៦​ស្ថិត​នៅ​មុខ​ផ្ទះ​​យីហោ «រតនៈ​រចនា​ម៉ូ​ដ» ជាហាង​​ទទួល​កាត់ដេរ​លក់ ​និង​ជួល​សម្លៀក​​បំពាក់ ស្ថិត​នៅ​ផ្លូវ​២៧១ ភូមិ​៦ ក្រុម​៣៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​វាយ​ឈ្មោះយឹ​ម សុខ​ខុន ​អាយុ​៥១​ឆ្នាំ ជាអ្នក​​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ជិត​បន្ទាយ​ទួល​ក្រសាំង ក្នុងភូមិ​យួន ឃុំ​លេខ​១ ខេត្តកណ្តាល ។

បើតាមជនរងគ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​បាន​ជិះ​រ៉ឺ​ម៉ក​​ម៉ូតូ​ត្រឡប់​​មក​ពី​ដឹក​ម៉ូយ​វិញ ហើយ​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ ​នៅ​ម្តុំ​ទួល​ក្រសាំង ដោយ​ធ្វើ​ដំណើរតាម​​ផ្លួ​វ​២៧១​ ក្នុងទិស​ដៅ​ពី​ជើង ​ទៅ​ត្បូង ។ ​លុះមក​ដល់​ចំណុច​​កើតហេតុ រូប​គាត់​​​ឈប់​ម៉ូតូ​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​ចំ​មុខ​ផ្ទះ​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​បើករថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក មក​ពីក្រោយ រួច​ហើយ​បាន​ស៊ី​ផ្លេ​ជា​ច្រើន​ដងឱ្យ​​គាត់​ចេញ ។ ពេល​នោះ​រូប​គាត់​បាន​​ស្រែក​ថា ហេតុ​អ្វី​បានជា​ស៊ី​ផ្លេ​ម្ល៉េះ? គ្រាន់តែ​ឈប់​មុខ​ផ្ទះ​មួយ​ភ្លែត​ហ្នឹង ពេល​និយាយ​រូប​គាត់​​​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​មុខ​​បន្តិច ។

​ពេល​នោះ​ដែរ​ ស្រាប់តែ​បុរស​ជា​អ្នក​បើករថយន្ត បាន​ចុះ​បើកទ្វារ​​ចូល​ទៅ​ក្នុងផ្ទះ​យីហោ «រតនៈ​រចនា​ម៉ូ​ដ» រួច​​​យក​ដំបង​ចេញ​មក​ក្រៅ រួច​បាន​ស្ទុះ​ទៅ​វាយ​គាត់​មួយ​ដំបង​ចំ​ដៃ​ខាងឆ្វេង បណ្តាល​ឱ្យ​​បាក់ដៃ​ និង​ហូរ​ឈាម ។ ភ្លាម​ៗ​នោះ ​ជន​បង្ក​បាន​យក​ដំបង​ទៅ​ទុក​ក្នុង​រថយន្តវិញ រួច​​បើករថយន្ត​ចេញ​ទៅ​បាត់​ស្រមោល ។

ពេល​នោះ​ដែរ ​បុរស​រង​គ្រោះ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជួយ​សាកសួរ​ និង​ផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​ទំនាក់​ទំនង​​ទៅ​ខាង​រថយន្ត​សង្គ្រោះ​ ឱ្យមក​ដឹក​ជន​រង​គ្រោះ​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​ពេទ្យ​រុ​ស្ស៊ី ។ ក្រោយ​ពេល​​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​មើល​កន្លែង តែ​ផ្ទះ​កើតហេតុ​បាន​បិទទ្វារ​ផ្ទះ​ស្ងាត់ឈឹង ​មិន​ហ៊ាន​ចេញ​មក​ក្រៅ​នោះ​ទេ ។

ដោយឡែក​ អ្នករ៉ឺ​ម៉ក​ម៉ូតូ​​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះរួច​ថា ​ចាំ​ព្រឹក​ឡើង​​ ឱ្យ​​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុ​ស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ។ រង់ចាំមើលថា តើអាជ្ញាធរ​មូលដ្ឋាន មានវិធានការបែបណា?