៤​ចំណុច​ឈាន​ទៅ​រក​ភាព​ជោគជ័យ ពី​អ្នក​ជំនួញ​ជើង​ចាស់ អៀង សុធារ៉ា

លោក អៀង សុធារ៉ា ដែល​ជា​ម្ចាស់​ចម្ការ​​បន្លែ​ធម្មជាតិ​សរីរាង្គ Eco Agri Farm នៅ​ស្រុក​ស្រែ​អំបិល ជា​ម្ចាស់​រមណីយដ្ឋាន​ពិកនិក និង​ជា​អ្នក​ជំនួញ​ពហុវិស័យ​ជើង​ចាស់​មួយ​រូប បាន​ចែក​រំលែក​បទ​ពិសោធន៍ ៤ចំណុច ដែល​អាច​ឲ្យ​មនុស្ស​ទូទៅ​អនុវត្ត​ឈាន​ទៅ​រក​ភាព​ជោគជ័យ​បាន។

 

៤​ចំណុច​ឈាន​ទៅ​រក​ភាព​ជោគជ័យ ពី​អ្នក​ជំនួញ​ជើង​ចាស់ អៀង សុធារ៉ា

 

៤​ចំណុច​ដែល​លោក អៀង សុធារ៉ា លើក​ឡើង​មាន ឆន្ទៈ វិរិយៈ ចិត្តៈ និង​វិមំសា ដែល​ជា​ធម៌​ព្រះពុទ្ធ ប៉ុន្តែ​លោក​បាន​ពន្យល់​តាម​សង្គម​ជាក់​ស្ដែង។

 

១. ឆន្ទៈ

លោក អៀង សុធារ៉ា បាន​បញ្ជាក់​ថា ឆន្ទៈ គឺ​ជា​សេចក្ដី​ស្រលាញ់ និង​មាន​ចិត្ត​ចង់​ធ្វើ ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ពី​អ្នក​ដទៃ។ អ្នក​ជំនួញ​ជើង​ចាស់​រូប​នេះ​បាន​បន្ថែម​ទៀត​​ថា ប្រសិន​បើ​មាន​អ្នក​ដទៃ​បង្ខំ​ឲ្យ​ធ្វើ​ខុស​ពី​ចិត្ត​ខ្លួន មិន​មែន​ជា​​ឆន្ទៈ​ឡើយ ហើយ​ភាគ​ច្រើន​ក៏​មិន​ទទួល​បាន​ជោគជ័យ​ដែរ។ “ខ្ញុំ​ឧទាហរណ៍​ប្អូនៗ​ឆ្លើយ​ថា​ចង់​រៀន​ពេទ្យ ប៉ុន្តែ​ម្នាក់​ថា​អត់​ទេ ខ្ញុំ​ចង់​រៀន​កសិកម្ម… ការ​ដែល​យើង​ស្រលាញ់​កសិកម្ម និង​ការ​ដែល​យើង​ស្រលាញ់​ពេទ្យ​ហ្នឹង ទាល់​តែ​យើង​មាន​ហេតុផល​គ្រប់​គ្រាន់”។ លោក សុធារ៉ា និយាយ។

 

២. វិរិយៈ

ត្រង់​ចំណុច​នេះ លោក អៀង សុធារ៉ា បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​ចង់​ធ្វើ​ហើយ មាន​ឆន្ទៈ​ហើយ ប៉ុន្តែ​មិន​ដែល​ព្យាយាម​ធ្វើ ជួន​កាល​ធ្វើ​ម្ដង​ក៏​ឈប់​ទៅ​វិញ។ ចំពោះ​អ្នក​ដែល​មាន វិរិយៈ គឺ​ធ្វើ​រហូត ព្រោះ វិរិយៈ មាន​ន័យ​ថា ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង​ធ្វើ បើ​ទោះ​បី​គេ​ប្រាប់​ថា​មិន​កើត​ក៏​នៅ​តែ​ប្រឹង។ ការ​ព្យាយាម​មិន​សុទ្ធតែ​ទទួល​បាន​ជោគ​ជ័យ​ទេ ប៉ុន្តែ​ភាព​ជោគជ័យ​ភាគ​ច្រើន គឺ​កើត​ចេញ​ពី​ការ​ព្យាយាម។

 

៣. ចិត្តៈ

មាន​ចំណុច​ទាំង២ ខាង​លើ​ហើយ ត្រូវ​មាន​ចិត្ត​ធ្វើ ដោយ​ដោយ​មិន​ខ្វល់​នឹង​ពាក្យ​គេ​ថា។ លោក អៀង សុធារ៉ា បាន​និយាយ​ថា៖ “បើ​ឧទាហរណ៍​ពិកនិក​មាន​អ្នក​បង្អាប់​ច្រើន​ណាស់ គេ​ថា​កុំ​ធ្វើ ពិកនិក​នេះ​ធ្វើ​ធើ​អី ពិបាក​ណាស់ កសិកម្ម​ហ្នឹង​កុំ​ធ្វើ​ពិបាក​ណាស់ យើង​ធ្វើ​ទៅ នៅ​តែ​ព្យាយាម​ទៅ… សម្រេច​ថា​ធ្វើ​អី យើង​ប្ដេជ្ញា​ថា​ធ្វើ​ហ្នឹង គេ​ហៅ​ថា​ចិត្តៈ​ហ្នឹង​ឯង”។

 

៤. ​វិមំសា

ម្ចាស់​ចម្ការ​​បន្លែ​ធម្មជាតិ​សរីរាង្គ បាន​ពន្យល់​ថា ធ្វើ​អ្វី​តែង​មាន​ខុស ដូច​នេះ​ហើយ​យើង​ត្រូវ​កែ​រហូត ហៅ​ថា​វិមំសា។ ការ​ស្វែងរក​ចំណុច​ខុស ហើយ​កែ​តម្រូវ​ឡើង​វិញ នឹង​ធ្វើ​ឲ្យ​អ្វី​ៗ​រឹតតែ​ប្រសើរ​ឡើង ហើយ​ក៏​អាច​ស្វែង​រក​ភាព​ជោគជ័យ​ដែរ។ លោក​បាន​លើក​ឧទាហរណ៍​ថា សិស្ស​ក្នុង​ថ្នាក់​រៀន​មួយ បើ​មាន​ទាំង ៣​ចំណុច​ខាង​លើ​ហើយ តែ​រៀន​មិន​ពូកែ ត្រូវ​មើល​ទម្លាប់​សិស្ស​ពូកែ រួច​ចេះ​ប្ដូរ​តាម​គេ ដើម្បី​រៀន​ឲ្យ​ពូកែ​ដូច​គេ៕

​ 

អត្ថបទ៖ គង់ វិសាល