សុខ​ចិត្ត​កាត់​ដៃ​ជើង​ចោល ព្រោះ​ចង់​បាន​លុយ​ធានា​រ៉ាប់រង ១៥ម៉ឺន​ដុល្លារ

ស្រ្តី​ជន​ជាតិ​វៀតណាម​ម្នាក់ បាន​បញ្ចុះ​បញ្ចូល​មិត្ត​ភក្តិ​ម្នាក់ ឲ្យ​កាត់​ដៃ និង​ជើង​របស់​នាង​ចោល ដូច្នេះ​នាង​អាច​ធ្វើ​ពុត​ជា​ត្រូវ​រថភ្លើង​បុក ដើម្បី​​បន្លំ​យក​ប្រាក់​ធានា​រ៉ាប់​រង។

 

សុខ​ចិត្ត​កាត់​ដៃ​ជើង​ចោល ព្រោះ​ចង់​បាន​លុយ​ធានា​រ៉ាប់រង ១៥ម៉ឺន​ដុល្លារ

 

កាល​ពី​ខែ​ឧសភា ស្រ្តី​ជន​ជាតិ​វៀតណាម វ័យ​៣០​ឆ្នាំ ឈ្មោះ Ly Thi N ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​លើ​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ដែល​ឆ្លង​កាត់​ទៅ​ទីក្រុង​ហាណូយ។ ក្រោយ​មក បុរស​ម្នាក់​ឈ្មោះ Doan Van D បាន​ទូរសព្ទ​ហៅ​រថយន្ត​សង្គ្រោះ ដោយ​និយាយ​ថា គាត់​មិន​ដែល​ស្គាល់​ស្រ្តី​រង​គ្រោះ​ឡើយ តែ​បាន​ប្រទះ​ឃើញ​នាង​ដោយ​ចៃដន្យ។ ប៉ុន្តែ​ប៉ូលិស​បាន​សង្ស័យ​ទៅ​លើ​បុរស​រូប​នេះ ជា​ពិសេស​នៅ​ពេល​ពិនិត្យ​មើល​លើ​កិច្ចការ​ផ្ទាល់​ខ្លួន​របស់​ស្រ្តី​ ឈ្មោះ Ly Thi N។

 

យោង​តាម​សារព័ត៌មាន​វៀតណាម Thanhiennews បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​របស់​ស្រ្តី​ឈ្មោះ Ly Thi N កំពុង​ជួប​ការ​លំបាក និង​ត្រូវ​ការ​ប្រាក់ មុន​ពេល​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង។ នៅ​ទី​បំផុត នាង​បាន​ឆ្លើយ​សារភាព​ប្រាប់​ប៉ូលិស​ថា នាង​បាន​ចំណាយ​លុយ ៥០​លាន​ដុង (២២០០​ដុល្លារ) ឲ្យ​ទៅ លោក Doan Van D ដើម្បី​កាត់​ដៃ និង​ជើង​របស់​នាង​ចេញ ហើយ​សម្តែង​តាម​ល្បិច​របស់​នាង។ ស្រ្តី​រូប​នេះ​បាន​ជឿជាក់​ថា នាង​អាច​ទទួល​បាន​លុយ ចំនួន ១៥០ ០០០ដុល្លារ ដោយ​ការ​ទាម​ទារ​លើ​ការ​ធានា​រ៉ាប់​រង​សុខភាព​របស់​នាង។

 

ករណី​មួយ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​ក្តៅ​គគុក នៅ​លើ​បណ្តាញ​សង្គម ក្នុង​ប្រទេស​វៀតណាម។ អ្នក​ប្រើ​ប្រាស់​ម្នាក់​បាន​សរសេរ​ថា «អស់​លុយ ៥០​លាន​ដុង ដៃ​ម្ខាង និង​ជើង​ម្ខាង ហើយ​ឥឡូវ​ប្រឈម​នឹង​ការ​ជាប់​គុក​ទៀត… គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់»៕

 

សុខ​ចិត្ត​កាត់​ដៃ​ជើង​ចោល ព្រោះ​ចង់​បាន​លុយ​ធានា​រ៉ាប់រង ១៥ម៉ឺន​ដុល្លារ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail