តារា​ល្បី​ៗ​ត្រៀម​ចូលរួម​ក្នុង​កម្មវិធី «​តន្ត្រី​សប្បុរសធម៌​» ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សន វិ​ជ្ជ​បុត្រ ត្រៀមខ្លួន​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​មួយ​ដោយ​មានការ​ចូលរួម​ពី​តារា​ល្បី​លំដាប់​ប្រទេស​ជា​ច្រើន​នាក់ ។ កម្មវិធី​នោះ​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៧ នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ជ្រោយចង្វា​រាជធានី​ភ្នំពេញ ។

ដោយសារ​តែ​មើលឃើញ​ពី​តម្រូវការ​ប្រាក់​ជា​ប្រចាំ​របស់​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា ក្រុម​តារា​កម្ពុជា​ចំនួន​២៤​នាក់​នឹង​ជួបជុំ​គ្នា​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដែល​អាច​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ធំ​មួយ​ប្រចាំឆ្នាំ ។ កម្មវិធី​នោះ​ក្រោម​ការ​រៀបចំ​ដោយ​ក្រុម​គ្រួសារ​តារា​កម្ពុជា ។

និស្សិត​នៅ​សាលា​ន័​រ​តុ​ន​កំពុង​តែ​រង់ចាំ​ការ​មក​ដល់​នៃ​កម្មវិធី​តន្ត្រី​នោះ ព្រមទាំង​បាន​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​មហាជន ឪពុក​ម្តាយ និង​មិត្តភក្តិ​ឱ្យ​ចូលរួម ប្រាថ្នា​បានការ​បរិច្ចាគ​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ។

លោក​សន វិ​ជ្ជ​បុត្រ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា ក្នុង​ឱកាស​នោះ​លោក​ត្រៀម​ចម្រៀង​ចំនួន​២​បទ​ចូលរួម​ច្រៀង​អម​ជាមួយ​តារា​ដទៃ​ទៀត ។ នេះ​ជា​កម្មវិធី​ធំ​ព្រោះ​រំលេច​ដោយ​តារា ល្បី​ៗ​ចូលរួម ។

លោក​សន វិ​ជ្ជ​បុត្រ អំពាវនាវ​ដល់​មហាជន​ឱ្យ​ជួយ​រំលែក​ប្រាក់​ម្នាក់​១​ដុល្លារ ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ជា​រៀង​រាល់​ខែ​ឱ្យ​បាន​ទៀងទាត់ ព្រោះ​ប្រជាជន​នៃ​ប្រទេស​យើង​មាន​ចំនួន​ដល់​ទៅ​ជិត​១៥​លាន​នាក់ ដូច្នេះ​បើ​ម្នាក់​១​ដុល្លារ​អាច​ជួយ​បាន​ច្រើន ។

លោក​សន វិ​ជ្ជ​បុត្រ នឹង​បន្ត​ផ្សព្វ ផ្សាយ​ថែម​ទៀត​ដល់​បណ្តា​សប្បុរសជន​ដែល​ស្គាល់​លោក​នៅ​ក្នុង និង​ក្រៅ​ស្រុក​ក្រែង​អាច​បាន​ប្រាក់​សប្បុរសធម៌​យក​ទៅ​ជួយ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា ។ លើស​ពី​នេះ​លោក​វិ​ជ្ជ​បុត្រ ចង់​ឲ្យ​មហាជន​យល់​ថា យក​កូន​ទៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ទេ ដូច្នេះ​ប្រាក់​មួយ​ដុល្លារ​គួរតែ​ជួយ​ឧបត្ថម្ភ ។

លោក​កែវ បញ្ញា ម្ចាស់​ហាង​កាត់ដេរ PEnter ឲ្យ​ដឹង​ថា ក្នុង​កម្មវិធី​នោះ ក្រុម​អ្នកសិល្បៈ​នឹង​ដើរ​លើ​កម្រាលព្រំ​ក្រោម​ការ​សាទរ​ពី​ទស្សនិកជន ពិសេស​ក្រុម​និស្សិត​ន័​រ​តុ​ន និស្សិត ដូច្នេះ​លោក​ត្រៀម​ឈុត បង្ហាញ​ម៉ូ​ដ​ចំនួន​៩​ឈុត ដែល​រចនា​យ៉ាង​ពិសេស​សម​ទៅ​នឹង​កេរ្តិ៍ឈ្មោះ​តារា​ល្បី ។ តារា​ទាំង​៩​ដួង​គ្រង​ឈុត​សម្លៀក​បំពាក់​របស់​លោក​មាន​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​, ទឹម រ​ដ្ឋា​, សា​រ៉ា​យ ស​ក្ខ​ណា​, ថន ល​ក្ខិ​ណា​, មាន សូ​នី​តា​, ព្រី​ម លី​ហ្សា​, ដួង មា​និ​ច​, កែវ ច័ន្ទ​កេ​សី និង​ចាន់ គង់​កា ។

ក្នុង​កម្មវិធី​នោះ​មានការ​តាំង​លក់​ផលិតផល​រយៈពេល​២​ថ្ងៃ​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៨​យប់ ហើយ​ការ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៦ ប្រជុំ​ដោយ​តារា​ល្បី​ៗ ព្រម​ទាំង​​មានកម្ម​វិធី​កម្សាន្ត​ជា​ច្រើន​ទៀត ៕