បក្ស​ប្រឆាំង​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ផ្ដល់​បញ្ជី​ឈ្មោះ​ជនបរទេស​ដែល​មាន​សញ្ជាត​ខ្មែរ​ស្រប​ច្បាប់

ក្រុម​សមាជិក​សភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ផ្ដល់​បញ្ជី​ឈ្មោះ​ជនបរទេស​ទាំង​អស់​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្រប​ច្បាប់​ដោយ​មាន​ព្រះរាជក្រឹត្យ​បញ្ជាក់​ត្រឹមត្រូវ។

​ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​ដាក់​ជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ដើម្បី​ផ្ញើ​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា។ ​លិខិត​ដដែល​បាន​បញ្ជាក់​ថា វត្ថុបំណង​នៃ​សំណើ​នេះ គឺ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ដើម្បី​កុំ​ឲ្យ​មាន​ការ​សង្ស័យ​ខុស​ពី​ចំនួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​ទទួល​បាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ តាម​រយៈ​អំពើ​ពុករលួយ ឬ​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ។

​អ្នក​តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បញ្ជី​ឈ្មោះ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្រប​ច្បាប់​នេះ គឺ​មាន​ប្រយោជន៍​ច្រើន​ណាស់​ដើម្បី​ធ្វើ​ឲ្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ភាព​ត្រឹមត្រូវ សុក្រឹត មាន​តម្លាភាព និង​កុំ​ឲ្យ​មាន​ករណី​ជនបរទេស ឬ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​មក​បន្លំ​ចុះ​ឈ្មោះ​បោះឆ្នោត​ដូច​ពេល​កន្លង​មក៖ «ទិដ្ឋភាព​ក្នុង​ប្រទេស​យើង​បច្ចុប្បន្ន យើង​នៅ​ជួប​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ជា​ច្រើន ហើយ​យើង​ក៏​ឃើញ​រដ្ឋាភិបាល​ចាប់​ផ្ដើម​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​នេះ។ ក្នុង​នាម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យើង​ចង់​ចូលរួម​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​បម្រើ​ដល់​ប្រទេស​ជាតិ​យើង​ឲ្យ​បាន​ពិត​ប្រាកដ»

​ប្រធាន​រដ្ឋសភា​បាន​ទទួល​សំណើ​របស់​របស់​ក្រុម​គណបក្ស​ប្រឆាំង​នេះ​ហើយ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា និង​បាន​បញ្ជូន​បន្ត​ទៅ​លោក ស ខេង ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។