ដីស្រែបង្គាខ្មែរថៅកែយួន ប្រមាណ400ហិកតានៅតាមព្រំដែនខេត្តកំពត

ដីស្រែបង្គាខ្មែរថៅកែយួន ប្រមាណ400ហិកតានៅតាមព្រំដែនខេត្តកំពត



ខេត្តកំពត ៖ មិនមែនតែដីស្រែដីគោកជាប់ព្រំដែនវៀតណាមទេ ដែលកសិករខ្មែរមួយចំនួនបានជួលឱ្យកសិករវៀតណាម ដោយទទួលប្រាក់៥០០ដុល្លារ សម្រាប់១ហិកតា ក្នុងរយៈពេល១ឆ្នាំ តែសូម្បីតែដីទឹក ដូចជាស្រែបង្គាក៏ខ្មែរមិនមានលទ្ធភាពចិញ្ចឹមដែរ បានជួលឱ្យគេហើយ ខ្លួនឯងដេកស៊ីតែម្តង ។

ជនជាតិវៀតណាមជាច្រើនគ្រួសារដែល
ជួលដីស្រែពលរដ្ឋខ្មែរចិញ្ចឹមបង្គាចំនួនជាង៤០០ហិកតា នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ក៏កំពុងបង្ហាញថា គឺជាបញ្ហាស្មុគស្មាញ ខណៈម្ចាស់ដីគ្មានលទ្ធភាព ។

មុននេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានហាមដាច់ខាត មិនឱ្យមានការជួលដីជាប់ព្រំដែនឱ្យវៀតណាមទេ ។
កាលពីព្រឹកថ្ងៃទី២៣ សីហា តាមការកត់សម្គាល់មួយឈុត គេឃើញជនជាតិវៀតណាមបាននាំគ្នាចាកចេញពីផ្ទះរបស់ខ្លួន ដែលធ្វើនៅលើដីទួលភ្លឺស្រែបង្គា ខណៈពេលឮដំណឹងថា លោក ចាន់ ចេស្តា អភិបាលខេត្តកំពត ចុះទៅពិនិត្យមើលស្រែបង្គានៅជាយដែននេះ ។

ប៉ូលិសវរសេនាតូចលេខ៦០ ការពារព្រំដែនគោក ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំបឹងសាលាខាងត្បូង  និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំបឹងសាលាខាងជើង រួមទាំងទាហានវរសេនាតូចលេខ៣០២ ការពារព្រំដែនគោក បានត្រៀមខ្លួនជាស្រេចក្នុងការជូនដំណើរលោកអភិបាលខេត្ត រួមទាំងមន្ត្រីសាលាស្រុកកំពង់ត្រាច ចុះទៅកាន់គោលដៅនោះ ។ ប៉ុន្តែចាំមើលរហូតដល់ម៉ោង១១ព្រឹក ទើបនគរបាលគ្រប់អង្គភាព ត្រូវរំសាយកងកម្លាំងទៅវិញ ព្រោះលោកអភិបាលខេត្តមិនបានមកទេ គឺលោកអញ្ជើញមកប្រជុំត្រឹមមន្ត្រីសាលាស្រុកកំពង់ត្រាច រួមទាំងមន្ត្រីមកពីសាលាស្រុកបន្ទាយមាសតែប៉ុណ្ណោះ ។

លោក អ៊ុម ស៊ីណាត អភិបាលស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា លោក ចាន់ ចេស្តា អភិបាលខេត្តបានអញ្ជើញមកប្រជុំជាមួយមន្ត្រីដែលមានស្រុកជាប់ព្រំដែនជាមួយប្រទេសវៀតណាម ក្នុងនោះក៏មានលោក មួង នឿន អភិបាលស្រុកបន្ទាយមាស បានចូលរួមផងដែរ ។

លោក អ៊ុម ស៊ីណាត មានប្រសាសន៍ថា មកពីមន្ត្រីខាងក្រោមស្តាប់មិនច្បាស់ថាលោកអភិបាលខេត្តទៅពិនិត្យមើលស្រែបង្គា តាមពិតទៅ មិនមានគម្រោងទៅទេគឺលោកមកប្រជុំត្រឹមតែសាលាស្រុកប៉ុណ្ណោះ ហើយលោកក៏ត្រឡប់ទៅវិញពេលប្រជុំចប់ ។

មន្ត្រីយោធាម្នាក់នៅវរសេនាតូចលេខ៣០២ ការពារព្រំដែនសុំមិនបញ្ចេញឈ្មោះបាននិយាយថា តាមរបាយការណ៍មួយបានបង្ហាញថា ផ្ទៃដីស្រែចំនួន១គីឡូម៉ែត្រ៤ជ្រុង ក្នុងនោះមានដីស្រែខាងឃុំព្រែកក្រឹសផង ត្រូវបានជនជាតិវៀតណាមជាអ្នកជួលធ្វើស្រែបង្គា ប៉ុន្តែឥឡូវនេះមានផ្ទៃដីស្រែតែ៤០០ហិកតាទេ ខាងជនជាតិវៀតណាម កំពុងតែកាន់កាប់ ។

ដោយសារតែមិនមានមន្ត្រីណាទៅអើតមើលស្រែខ្មែរជួលដីឱ្យយួនធ្វើស្រែចិញ្ចឹមបង្គានោះ អ្នកយកព័ត៌មានកោះសន្តិភាព បានជួលទូកមួយគ្រឿងឆ្លងរណ្ដៅដីដែលជនជាតិវៀតណាម បានយកគ្រឿងចក្រកាយកាលពីអំឡុងឆ្នាំ២០០៧ និង២០០៨ ដោយបានធ្វើផ្ទះទីនោះប្រមាណជា២០ខ្នងរស់នៅដាច់ឆ្ងាយៗពីគ្នា ។ ប៉ុន្ដែពេលទៅដល់ ផ្ទះជនជាតិវៀតណាមមួយណាក៏បិទទ្វារចោលដែរ នៅតែសត្វឆ្កែ២ទៅ៣ក្បាលប៉ុណ្ណោះ ។

ការគេចខ្លួនរបស់ជនជាតិវៀតណាមនេះ ទំនងជាមានផ្ទៃក្នុងលួចប្រាប់ថា មានអាជ្ញាធរចុះមកចាប់ ព្រោះពួកគេមិនមានឯកសារស្របច្បាប់រស់នៅលើដីខ្មែរនោះទេ ទើបពួកគេបិទទ្វារចោលអស់ នៅតែសត្វឆ្កែចាំផ្ទះព្រួសទ្រហឹងអឺងកង ។

លំនៅឋានជនជាតិវៀតណាមទាំងនេះមានខ្លះបានបោះបង់ចោលមួយចំនួនផងដែរ តែក៏មានសង់ផ្ទះថ្មីៗថែមទៀត ទំនងអ្នកថ្មី ។ ពលរដ្ឋមួយរូបឈ្មោះ សៀន យឹង ភេទប្រុស អាយុ៧៣ឆ្នាំ នៅភូមិកោះចំការ បាននិយាយថា នៅស្រែបង្គាខាងលើនេះ ជនជាតិវៀតណាមមានតែ២ទៅ៣គ្រួសារទេដែលធ្វើ តែបើទៅក្រោមបន្ដិចទៀតទើបមានផ្ទះជនជានវៀតណាមច្រើន ៕