ចាប់ខ្លួន​ពូ​ថ្លៃ បន្ទាប់​ពី​នាំ​ក្មួយ​ស្រី​ថ្លៃ​ទៅ​បេះ​ផ្កា

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់​ពី​បុរស​រូប​នេះ​បាន​នាំ​ក្មួយ​ស្រី​ថ្លៃ​​ទៅ​​បេះ​ផ្កា​នៅ​លើ​ឧទ្យាន​ជាតិ​គិរី​រម្យ​ តែ​បែរ​ជា​ចាប់រំលោភ​​នាង​រហូត​បាន​សម្រេច​ទៅ​វិញ ។

ប្រភព​ពី​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ស៊ឿ​ន រ៉ា អាយុ​៣១​ឆ្នាំ មុខរបរ​ប៉​ផ្កា​លក់ មាន​ប្រពន្ធ និង​មានកូន​៣​នាក់​រួច​ទៅ​ហើយ រស់នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១១​ឆ្នាំ ត្រូវជា​ក្មួយ​ស្រី​ខាង​ប្រពន្ធ​របស់​ជនសង្ស័យ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​បេះ​ផ្កា​នៅ​ចំណុច​ភ្នំ​បៃតង​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ ខណៈ​ដល់​កន្លែង​ស្ងាត់​ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេចតែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា​មានការ​ចាប់រំលោភ ក៏​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​សួរនាំ និង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕