យួន​នៅតែមាន​មហិច្ឆតា​រំលោភបំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​តាម​ព្រំដែន

​ក្នុងខណៈដែល​យួន​បន្ត​រំលោភបំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​តាម​តំបន់​ព្រំដែន​យ៉ាង​គឃ្លើន​នោះ គឺ​រដ្ឋាភិបាល​កម្ពុជា គ្មាន​ចំណាត់ការ​អ្វី​ក្រៅពី​ផ្ញើ​កំណត់​ទូ​តទៅ​រដ្ឋាភិបាល​យួន​ឲ្យ​បញ្ឈប់​សកម្មភាព​ផ្សេងៗ​នៅតាម​តំបន់​ព្រំដែន​នោះទេ​។ ដោយសារ​រដ្ឋាភិបាល​ក​ម្ពុ​ជា ពុំមាន​វិធានការ​ច្បាស់លាស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​តាម​តំបន់​ព្រំដែន​នោះ ហើយ​ទើប​ភាគី​យួន​នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​ឥត​ខ្លាចក្រែង​អ្វី​ទាំងអស់ ព្រោះ​គេ​ដឹងថា​រដ្ឋាភិបាល​កម្ពុជា​បានត្រឹមតែ​ធ្វើ​កំណត់​ទូត ហើយ​គេ​មិនចាំបាច់​ឆ្លើយតប​នោះទេ​។ ហេតុនេះហើយ​ទើប​ក្រុមអ្នកវិភាគ​មួយចំនួន​បាន​វាយតម្លៃថា យួន​នៅតែ​រក្សា​មហិច្ឆតា​រំលោភ​ឈ្លានពាន​ទឹកដី​កម្ពុជា​តាម​តំបន់​ព្រំដែន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ក្រុម​អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន​កម្ពុជា​-​យួន បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​តាម​តំបន់​ព្រំដែន ភាគី​យួន​បាន​ចូលមក​ជីក​ស្រះ​ទឹក​និង​សាងសង់​ប៉ុស្ដិ៍​ឈរជើង​ក្នុង​តំបន់ស តាម​ព្រំដែន​នៃ​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី យ៉ាង​ក្រអឺតក្រទម​។ ទាក់ទង​នឹង​បញ្ហា​នេះ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស​បាន​ផ្ញើ​កំណត់​ទូត​ជាច្រើនលើក​ឲ្យ​រដ្ឋាភិបាល​យួន​បញ្ឈប់​សកម្មភាព​តាម​ព្រំដែន ប៉ុន្តែ​កំណត់​ទូត​២៣​លើក​មកហើយ​មិនទាន់មាន​ការឆ្លើយតប​ជា​វិជ្ជមាន​នៅឡើយ​ទេ​។ ចំណុច​នេះ​គឺជា​រឿង​ដែល​មេដឹកនាំ​នៃ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ពិនិត្យឡើងវិញ​អំពី​មហិច្ឆតា​ដ៏​អាក្រក់​របស់ខ្លួន ហើយ​គួរ​មាន​វិធានការ​ច្បាស់លាស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​តាម​តំបន់​ព្រំដែន ជាពិសេស​តំបន់​ព្រំដែន​នៃ​ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង​ជាដើម​។

សកម្មជន​ព្រំដែន​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ករណី​ទាហាន​យួន​ចូលមក​សាងសង់​ប៉ុស្ដិ៍​ឈរជើង​មួយកន្លែង​ក្នុង​តំបន់ស ដែលជា​កន្លែង​ហាមឃាត់​នៅ​ចំណុច​អូរ​កុមារ ជិត​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។ មជ្ឈដ្ឋាន​នានា​បាន​កត់​ស​ម្កាល់​ឃើញថា នៅពេល​ទាហាន​យួន​ចូលមក​សាងសង់​ប៉ុស្ដិ៍​ឈរជើង​តាម​ព្រំដែន​ក្នុងភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី គឺ​រដ្ឋាភិបាល​កម្ពុជា​បានត្រឹមតែ​ធ្វើ​កំណត់​ទូត​ផ្ញើ​ទៅ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ស​យួន​ប៉ុណ្ណោះ​។ កំណត់​ទូត​ចុងក្រោយ​ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ​រដ្ឋាភិបាល​យួន​មិនបាន​ឆ្លើយតប​នៅឡើយ​ទេ ហើយ​អាជ្ញាធរ​ខេត្តរតនគិរី បាន​ត្រឹម​ចរចា​ជាមួយ​អាជ្ញាធរខេត្ត​យ៉ា​ឡាយ​របស់​យួន​។

​អ្នកវិភាគ​ឯករាជ្យ​បាន​លើកឡើងថា រហូតមកដល់​ពេលនេះ​យួន​នៅតែ​រក្សា​មហិច្ឆតា​រំលោភ​ឈ្លានពាន​ទឹកដី​កម្ពុជា​តាម​តំបន់​ព្រំដែន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​ពុំមាន​ជំហរ​រឹងមាំ​ក្នុងការ​ទប់ទល់​នឹង​អំពើ​ឈ្លានពាន​របស់​យួន​នៅឡើយ​ទេ​។ ជាក់ស្ដែង​ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​យួន​នាពេល​កន្លងមក ត្រូវបាន​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​មួយចំនួន​លើកឡើងថា មាន​ភាពមិនប្រក្រតី​ហើយ​ទាមទារ​ឲ្យ​មានការ​សើរើ​ឡើងវិញ​ផងដែរ​។ មិនតែប៉ុណ្ណោះ​នៅក្នុង​តំបន់​ដែល​បោះបង្គោល​ព្រំដែន​រួចរាល់ ក៏​ភាគី​យួន​នៅតែ​ចូលមក​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើស្រែ​ចម្ការ​នៅតាម​តំបន់​ព្រំដែន ហើយ​អាជ្ញាធរ​កម្ពុជា​ហាក់ដូចជា​ពុំមាន​លទ្ធភាព​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ខ្លួន​ឡើយ​៕

19467e38-8941-40a6-98fb-f464573f4bd8 fc8d0279-e4df-4231-aa3e-bb7b818e43e3 66លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធាធិបតេយ្យយួន