ឈ្មួញ​ធំៗ​នៅតែ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ទៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​

ប្រភពពី​ប្រជាពលរដ្ឋ និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​ធំៗ​មួយចំនួន​បាន​សម្រុក​ដឹកឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ចេញ​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​ផ្សេងៗ​ទៀត​ក្នុងស្រុក​អូររាំង ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឧកញ៉ា ហ៊ុន ជា ដែល​ពាក់​ផ្កាយ​២​នោះ បាន​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ហើយ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ ក៏ដូចជា​សមត្ថកិច្ច​តាម​ច្រកព្រំដែន​មិន​ហ៊ាន​ហើបមាត់​នោះទេ​។ ផ្ទុយទៅវិញ​ពួកគេ​រក្សា​ភាពស្ងប់ស្ងាត់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​បន្តិចបន្តួច ក្នុងខណៈដែល​បទល្មើស​រាលដាល​កាន់តែខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​មហន្តរាយ​ព្រៃឈើ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការការពារ​ធនធានធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មាន​ឧកញ៉ា​ម្នាក់​កំពុងតែ​រត់ការ​សុំ​បើក​សិប្បកម្ម​កែច្នៃ​ផល អនុផល​ព្រៃឈើ នៅ​ស្រុក​កោះ​ញែក ហើយ​ប្រើ​អំណាច​ជា​ឧកញ៉ា​ដើម្បី​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង យ៉ាង​រលូន​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​ស្រុក​កោះ​ញែក ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ឧកញ៉ា​ម្នាក​នោះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ហើយ​ទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត តែងតែ​ជួយ​សម្របសម្រួល​ដើម្បី​រក្សា​សេចក្ដីសុខ​ផ្ទាល់ខ្លួន ព្រមទាំង​ទទួលផល​ប្រយោជន៍​ខ្លះៗ​។ មានការ​សង្ស័យថា លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ខុសច្បាប់​របស់​ឧកញ៉ា​ម្នាក់​នោះ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​អូររាំង ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ដោយសារតែ​ឧកញ៉ា ហ៊ុន ជា និង​ឧកញ៉ា​មួយចំនួនទៀត នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន ទើប​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ ព្រៃ​ដែន​ជម្រក​សត្វ និង​តំបន់​អភិរក្ស​ជីវចម្រុះ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​។ ប្រធាន​មន្ទី​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ជា​ឧកញ៉ា​ធំៗ​ទាំងនោះ ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​ឡើងវិញ​ផងដែរ ព្រោះ​បច្ចុប្បន្ន​សកម្មភាព​រត់​ពន្ធ​ឈើ​ទៅ​ស្រុក​យួន​ពុំមាន​ការថយចុះ​នោះទេ ហើយ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្ត​មួយចំនួនទៀត​៕

Pic225 WAT-2408L