ប្រាសាក់ បន្ត​ពង្រីក​ការ​អនុវត្ត​គម្រោង​បណ្ណាល័យ

ក្រោយ​ពី​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ប្រើប្រាស់​បណ្ណាល័យ​ទាំង ១៧ ប្រកប​ដោយ​ជោគជ័យ​រួច​មក ក្រុម​ប្រឹក្សា​ភិបាល និង​គណៈ​គ្រប់គ្រង​ប្រាសាក់ បាន​សម្រេច​អនុវត្ត​គម្រោង​បណ្ណាល័យ​នេះ​ដល់​សាលា​រៀន​រដ្ឋ ៤ ជា​បន្ត​ទៀត ដើម្បី​ចូល​រួម​លើក​ស្ទួយ​វប្បធម៌​​អាន​ក្នុង​ចំណោម​សិស្សានុសិស្ស​នៅ​កម្ពុជា។

 

គម្រោង​បណ្ណាល័យ​ប្រាសាក់​នេះ កើត​ឡើង​ពី​ការ​ផ្តួច​ផ្តើម​គំនិត​ពី​ធនាគារ​ជាតិ ដោយ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំងពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដៃគូ​អភិវឌ្ឍ អាជ្ញាធរ​ដែន​ដី លោកគ្រូ-អ្នកគ្រូ អាណា​ព្យាបាល និង​សិស្សានុសិស្ស។

 

ប្រាសាក់ បន្ត​ពង្រីក​ការ​អនុវត្ត​គម្រោង​បណ្ណាល័យ

 

គម្រោង​បណ្ណាល័យ​ឆ្នាំ​២០១៦ នឹង​អនុវត្ត​នៅ​តាម​សាលារៀន​គោល​ដៅ​ចំនួន ៤ គឺ៖
– វិទ្យាល័យ កំពង់​ថ្ម ស្ថិត​ក្នុង​ភូមិ​ធនមោង ឃុំ​កំពង់​ថ្ម ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ
– វិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិត​ក្នុង​ភូមិ​ក្រែក ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ
– វិទ្យាល័យ ហ៊ុន សែន រុងរឿង ស្ថិត​ក្នុង​ភូមិ​បុស្ស​តាសោម ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ និង
– សាលា​បឋម​សិក្សា និង​អនុវិទ្យាល័យ​ត្រពាំង​ឈូក ស្ថិត​ក្នុង​ភូមិ​តាំង​ក្រសាំង ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។

 

គម្រោង​នេះ​បាន​ចាប់ផ្ដើម​អនុវត្ត​ការងារ​សាងសង់​កាល​ពី​ថ្ងៃ​ទី១៥ សីហា ២០១៦ ដោយ​ចាប់​ផ្តើម​បើក​ការដ្ឋាន​សាង​សង់​នៅ​វិទ្យាល័យ​កំពង់​ថ្ម ហើយ​នឹង​បន្ត​ទៅ​បើក​ការដ្ឋាន​សាង​សង់​ជា​បន្ត​បន្ទាប់​នៅ​វិទ្យាល័យ ជា ស៊ីម ប្រឡាយ វិទ្យាល័យ ហ៊ុន សែន រុងរឿង និង​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ត្រពាំង​ឈូក នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

 

 

បណ្ណាល័យ​នីមួយៗ​នឹង​ត្រូវ​បំពាក់​ទៅ​ដោយ​ធនធាន​សម្ភារៈ និង​ឯកសារ​គ្រប់​គ្រាន់​រួម​មាន ធ្នើរ​សៀវភៅ ផែនទី ពាក្យ​ស្លោក តុ​អាន កៅអី ទូ ហិប​ដាក់​សម្ភារៈ តុ​ការិយាល័យ។ ក្រៅពី​ការ​បំពាក់​ធនធាន​សម្ភារៈ និង​ឯកសារ ប្រាសាក់​បាន​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ទៅ​ដល់​បណ្ណារក្ស ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​ដំណើរ​ការ​បណ្ណាល័យ​ផង​ដែរ។

 

ប្រាសាក់ បន្ត​ពង្រីក​ការ​អនុវត្ត​គម្រោង​បណ្ណាល័យ

 

ប្រាសាក់​បាន​ដាក់​បញ្ចូល​គម្រោង​អភិវឌ្ឍ​បណ្ណាល័យ​ទៅ​ក្នុង​សកម្មភាព​ចូល​រួម​អភិវឌ្ឍ​ការងារ​សង្គម​របស់​ខ្លួន​នៅ​ឆ្នាំ២០១១។ បច្ចុប្បន្ន គម្រោង​នេះ​គ្រប​ដណ្ដប់​លើ​ភូមិ​ចំនួន ២០៧ ភូមិ ដែល​មាន​ចំនួន​គ្រួសារ​សរុប ៤០ ០១៤ គ្រួសារ មាន​ប្រជាជន​សរុប​ចំនួន ១៨៥ ០៧១ នាក់ នៅ​ក្នុង​ខេត្ត​ចំនួន ៨ រួម​មាន កំពង់ស្ពឺ កំពង់ចាម ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ និង​បាត់ដំបង និង​មាន​សិស្សានុសិស្ស​ដែល​ទទួល​ផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន ១១ ០៨៩ នាក់ និង​លោក​គ្រូ​អ្នក​គ្រូ​ចំនួន ៣៧១ នាក់ ដោយ​ចំណាយ​ទឹក​ប្រាក់​អស់​ជាង ៥៦២ ពាន់​ដុល្លារ​អាមេរិក៕

 

អត្ថបទ៖ ពាណិជ្ជកម្ម