Smart ផ្តល់​​អាហារូបករណ៍​​ថ្នាក់​​ឧត្តម​​សិក្សា​​៣០​​កន្លែង​​ដល់​​សិស្ស​ក្រីក្រ

ក្រុមហ៊ុន ​Smart Axiata បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជា​មួយ​ក្រសួង​អប់​រំ​ យុវជន​​ និង​កីឡា​ផ្ដល់​អាហារូបករណ៍​យ៉ាង​ហោច​ណាស់​៣០​កន្លែង​ នៅ​សាកល​វិទ្យាល័យ​របស់​រដ្ឋ​ទូ​ទាំង​ប្រទេស​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ ចាប់ឆ្នាំ២០១៦នេះទៅ ​ដើម្បី​ជំរុញ​ឲ្យ​សិស្ស​ថ្នាក់​វិទ្យាល័យ​ដែល​មាន​ជីវភាពក្រីក្រ​អាច​បន្ត​សិក្សា​ថ្នាក់​ឧត្ដម​បាន។​

 

Smart ផ្តល់​​អាហារូបករណ៍​​ថ្នាក់​​ឧត្តម​​សិក្សា​​៣០​​កន្លែង​​ដល់​​សិស្ស​ក្រីក្រ

 

ថ្លែង​ក្នុង​ពិធីចុះអនុស្សរណៈយោគយល់កាលពីព្រឹកមិញនៅក្រសួងអប់រំ​ លោក​ ថូម៉ាស​ ហ៊ុន​ (Thomas Hundt) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន​ Smart បាន​បញ្ជាក់​ថា​ ​Smart មាន​កិត្តិយស​យ៉ាង​ខ្លាំង​ក្នុង​ការ​បើក​ដំណើរ​ការ​កម្មវិធី​អាហារូបករណ៍​នេះ​ជា​មួយ​ក្រសួង​អប់​រំ ​យុវជន​ និង​កីឡា។​ អាហារូបករណ៍​នេះ​នឹង​រួម​ចំណែក​ជួយ​យុវជន​កម្ពុជា​ដែល​កំពុង​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​​ក្នុង​ការ​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា​នៅ​សាកលវិទ្យាល័យ​តាម​ជំនាញ​ដែល​ពួក​គេ​ចូលចិត្ត​។

 

លោក​ក៏​បាន​ឲ្យ​ដឹង​ថា​អាហារូបករណ៍​នេះ​មិន​ត្រូវ​បាន​កំណត់​តែ​ចំនួន​៣០​ទេ​ ហើយ​កិច្ច​សហការ​ក៏​មិន​កំណត់​​ត្រឹម​៣​ឆ្នាំ​នេះ​ដែរ ព្រោះ​ក្រុម​ហ៊ុន​ Smart នឹង​បន្ត​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទាំង​វិស័យ​អប់​រំ ក៏​ដូចជា​ទូរគមនាគមន៍។​

 

Smart ផ្តល់​​អាហារូបករណ៍​​ថ្នាក់​​ឧត្តម​​សិក្សា​​៣០​​កន្លែង​​ដល់​​សិស្ស​ក្រីក្រ លោក​ Thomas Hundt អគ្គនាយកប្រតិបត្តិក្រុមហ៊ុន​ Smart  

 

ជា​ការ​ឆ្លើយ​តប​ ឯក​ឧត្ដម​បណ្ឌិត​ហង់ ជួន​ណា​រ៉ុន​ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន​ Smart ដែល​បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​នេះ​ដល់​សិស្ស​ដែល​ជួប​ការ​លំបាក​ ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​បាន។

 

Smart ផ្តល់​​អាហារូបករណ៍​​ថ្នាក់​​ឧត្តម​​សិក្សា​​៣០​​កន្លែង​​ដល់​​សិស្ស​ក្រីក្រ
 
​​​​សូម​បញ្ជាក់​ថា​ ក្រៅ​ពី​ការ​ឧបត្ថម្ភ​ថ្លៃ​សិក្សា​ប្រចាំ​ឆ្នាំ​ Smart ក៏​នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​សម្រាប់​រយៈ​ពេល​ទាំង​ស្រុង​នៃ​កម្មវិធី​សិក្សា​បរិញ្ញាបត្រ​ដែល​សរុប​មាន​រហូត​ដល់​ទៅ​ ១៥​ ០០០​​ដុល្លារ​សម្រាប់​និស្សិត​ម្នាក់។​ កម្មវិធី​អាហារូបករណ៍​នេះ​ត្រូវ​រំពឹង​ថា​នឹង​ត្រូវ​បើក​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​ ឆ្នាំ​២០១៦​នេះ។​

 

លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​មាន​សិទ្ធិ​ទទួលបានអាហារូបករណ៍​រួម​មាន​ដូច​ជា ត្រូវ​តែ​ជា​សិស្ស​ដែល​ប្រឡង​ក្នុង​សម័យ​ប្រឡង​ចុង​ក្រោយ​ ហើយ​ទទួល​បាន​និទ្ទេស​ A ឬB​។​ ដើម្បី​ឲ្យ​ការ​ជ្រើសរើស​កាន់​តែ​សុក្រឹត គណៈកម្មការ​មួយ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ទាំង​ពីរ៕​

 

អត្ថបទៈ យ៉ារិទ្ធ