ឈ្មួញ​ឈ្មោះ ចាង ចែង​ភាវ ជីករណ្ដៅ​ដី​ជ្រៅៗ​ក្នុង​ក្រុង​ប៉ោយប៉ែត គ្មាន​មន្ត្រី​អាជ្ញាធរ​ណា​ហ៊ាន​ប៉ះពាល់​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​រណ្ដៅ​ដី​ធំៗ​ជ្រៅៗ​ជាច្រើន​កន្លែង ដែល​ឈ្មួញ​ជីក​យក​អាចម៍ដី​ធ្វើ​អាជីវកម្ម​ខុស​លក្ខណៈ​បច្ចេកទេស ប៉ុន្តែ​មិនដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​សង្កាត់ និង​អាជ្ញាធរ​ក្រុង ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ក្នុងចំណោម​ឈ្មួញ​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី គឺ​ឈ្មួញ​ឈ្មោះ ចាង ចែង​ភាវ ជា​អ្នកធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ផ្សារកណ្ដាល​យ៉ាង​ពេញបន្ទុក ដូច្នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គួរ​ចាត់វិធានការ​ពិនិត្យមើល​ខ្លះ​ផង ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។

​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​តូចតាច​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ចាង ចែង​ភាវ ជីករណ្ដៅ​ដ៏​ធំ​និង​មាន​ជម្រៅ​ដល់​ក្បាល​ប្រេត​នៅក្នុង​សង្កាត់​ផ្សារកណ្ដាល ហើយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​សង្កាត់ និង​អាជ្ញាធរ​ក្រុង ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ចាង ចែង​ភាវ បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​សង្កាត់ អាជ្ញាធរ​ក្រុង ក៏ដូចជា​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបន្ទាយមានជ័យ ទើប​អាច​ជីករណ្ដៅ​ដី​មាន​ទំហំ​ធំ​និង​ជម្រៅ​ដល់​ក្បាល​ប្រេត ហើយ​ពុំមាន​នរណា​ហ៊ាន​ប៉ះពាល់​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត មួយចំនួន​បាន​អះអាងថា​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត ក៏ដូចជា​ចៅសង្កាត់​ផ្សារកណ្ដាល និង​ឈ្មួញ​ឈ្មោះ ចាង ចែង​ភាវ មាន​ផលប្រយោជន៍​រួមគ្នា​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ទោះបី​គេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្ដាល យ៉ាងណាក៏ដោយ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ពង្រ បាន​ឲ្យ​ដឹងថា រណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ ចាង ចែង​ភាវ មាន​ទទឹង​១៥០​ម៉ែត្រ និង​បណ្ដោយ​ជាង​២០០​ម៉ែត្រ ហើយ​មាន​ជម្រៅ​ប្រមាណ​ជាង​៣០​ម៉ែត្រ គឺ​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងស្រុង ដូច្នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបន្ទាយមានជ័យ គួរពិនិត្យមើល​ខ្លះ​ផង​។ លើស​នេះ​ទៅទៀត​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​លោក គាត ហ៊ុល ចៅសង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ក៏មាន​គ្រឿងចក្រ​ជាច្រើន​សម្រាប់​ប្រកប​អាជីវកម្ម​រណ្ដៅ​ដី​ដោយមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ផងដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​រថយន្ត​ដឹក​ដី​ទាំង​តូច​ទាំង​ធំ​កំពុង​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារកណ្ដាល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​គ្មាន​ទីបញ្ចប់​៕

n-mine-pet1-500x375 n-mine-pet2ឈ្មួញ​ឈ្មោះ ចាង ចែង​ភាវ