លោក ជុ​យ សុឃាង កាន់តែ​ល្បីល្បាញ​ខាង​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា​ទៅ​ស្រុក​យួន​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា និង​អូររាំង​ជាបន្ទាន់​។ ដោយហេតុថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​លោក ជុ​យ សុឃាង បាន​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង និង​ច្រកព្រំដែន​ក្នុងស្រុក​អូររាំង ក៏ដូចជា​ច្រករបៀង និង​ច្រកព្រំដែន​ក្នុងស្រុក​កែវ​សីមា យ៉ាង​ពេញបន្ទុក​។ ចំណែក​ឈ្មួញ​ដែល​មិន​បង់លុយ​ឲ្យ​លោក ជុ​យ សុឃាង តាម​ការកំណត់​ទេនោះ​គឺ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជាមិនខាន ហើយ​ថតរូប​ភាព​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៀតផង​។

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កែវ​សីមា និង​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​យ៉ាងតិច​១០​គ្រឿង​និង​ម៉ូតូ​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លង​កាត់មុខ​ប៉ុស្ដិ៍​ផ្នែក​រដ្ឋបាល​ព្រៃឈើ​របស់លោក ជុ​យ សុឃាង ឆ្ពោះទៅ​ច្រក​ឡា​បា​ខេ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​នោះទេ​។ ដោយសារតែ​លោក ជុ​យ សុឃាង គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​នោះ​ហើយ ទើប​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​កែវ​សីមា និង​ស្រុក​អូររាំង នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ ឈ្មួញ​មួយចំនួន​បាន​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា ចូល​ស្រុក​ស្នួល ខេត្តក្រចេះ យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​មានការ​ឃុបឃិត​ជាមួយ​លោក ជុ​យ សុឃាង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កងរាជអាវុធហត្ថ​ជាដើម​។

សកម្មជន​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ព្រោះ​ឈ្មួញ​បានដាក់​កម្លាំង​ឲ្យ​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​តាម​អំពើ​ចិត្ត​។ ឈ្មួញ​ខ្លះ​បាន​ប្ដូរ​រូបភាព​ពី​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​មកប្រើប្រាស់​កម្លាំង​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​រាប់សិប​គ្រឿង ហើយ​ក្នុង​ម៉ូតូ​១​គ្រឿង​ដឹកឈើ​២​ទៅ​៣​ដុំ ដូច្នេះ​ក្នុង​មួយថ្ងៃ​បើ​សរុប​គឺ​រាប់សិប​ម៉ែត្រគូប​។ តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះ​ហើយ ទើប​លោក ជុ​យ សុឃាង អាចឈរជើង​យ៉ាងរឹងមាំ​នៅ​តំបន់​សំបូរ​ព្រៃឈើ ហើយក៏​អាចមាន​ការបែងចែក​ផលប្រយោជន៍​ទៅ​ថ្នាក់លើ​តាម​លំដាប់លំដោយ​ផងដែរ ទើប​គ្មាន​នរណា​មើលឃើញ​អំពើពុករលួយ​របស់លោក ជុ​យ សុឃាង​៕

20130705_053329 20130705_053122_1 Photo0460