តំណាងរាស្ត្រ​CNRP ស្នើ​ឲ្យ​សម្តេច ស ខេង ចាត់វិធានការ​ករណី​វៀតណាម​ជួល​ដី​នៅ​ស្វាយរៀង​ និពន្ធដោយ : រុង រឿង       August-25-2016, 11:00 am         557

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តំណាងរាស្ត្រ​CNRP ស្នើ​ឲ្យ​សម្តេច ស ខេង ចាត់វិធានការ​ករណី​វៀតណាម​ជួល​ដី​នៅ​ស្វាយរៀង​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង ចាត់វិធានការ​បញ្ឈប់​ជួល​ដី​ខ្មែរ​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម នៅក្នុង​ខេត្តស្វាយរៀង​ឲ្យ​ទៅ​ជនជាតិ​វៀតណាម​ធ្វើស្រែ​។​

​សំណើ​របស់​ក្រុមតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ទៅ​សម្តេច ស ខេង ពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្ស​នេះ រកឃើញ​សកម្មភាព​ជួល​ដីស្រែ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ខេត្តស្វាយរៀង  នៅតែ​បន្ត​កើតមាន​តាម​រូបភាព​ជនជាតិខ្មែរ​ធ្វើជា​តំណាង ដែលមាន​អាជ្ញាធរ​មូលដ្ឋាន​ជួយ​បិទបាំង​។ តំណាងរាស្ត្រ​គណបក្សប្រឆាំង លើកឡើងថា សកម្មភាព​ជួល​ដី​ដដែល​នេះ ផ្ទុយ​ពី​ការណែនាំ និង​ការប្រកាស​របស់​សម្តេច​នាយករដ្ឋមន្ត្រី ដែល​ហាម​មិន​ឲ្យ​ជួល​ដី​ខ្មែរ​នៅតាម​ព្រំដែន​ឲ្យ​ទៅ​វៀតណាម​ធ្វើស្រែ នាពេល​កន្លងមក​។​

​លិខិត​ដដែល​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បាន​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ពី​សកម្មភាព​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​ជាក់ស្តែង​នៅក្នុង​ឃុំ​ទួល​ស្តី និង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា និង​នៅក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង​។ លិខិត​ដែល​ចុះហត្ថលេខា​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៥ រូប មាន​លោក អេង ឆៃអ៊ាង លោក គង់ សភា និង​គង់ បូរ៉ា ជាដើម​នោះ បាន​បញ្ជាក់ថា មានការ​ជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម​ធ្វើស្រែ​ចំនួន ១៩៦ ហិកតា នៅ​ឃុំ​ទួល​​ស្តី និង ២០០ ហិកតា នៅ​ឃុំ​ចន្ទ្រា ព្រមទាំង​ចំនួន ៤០ ហិកតា នៅ​សង្កាត់​ប្រាសាទ​ក្រុង​បាវិត​។​

​នៅ​ចុងបញ្ចប់​នៃ​លិខិត​របស់​ពួកខ្លួន តំណាងរាស្ត្រ​គណបក្សប្រឆាំង​បានស្នើ​ទៅ​សម្តេច ស ខេង បែបនេះ​ថា​៖ « សូម​ឲ្យ​សម្តេច​ក្រឡាហោម​ចាត់វិធានការ​កុំ​ឲ្យ​មាន​ការជួល​ដី​ខ្មែរ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​កុំ​ឲ្យ​មានការ​បាត់បង់​ដោយសារតែ​ជួល​ដីស្រែ​»៕