មនុស្ស​មាន​ចរិត​7​ប្រភេទ មិន​អាច​ចាប់ផ្តើម​ធ្វើ​ជំនួញ​បាន

សហគ្រិន​គ្រប់​ៗ​រូប​តែងតែមាន​ភាព​ភ័យ​ខ្លាច​នឹង​មិត្តភក្ដិ​ដែល​និយាយ​ទៅ​ពួក​គេ​ដូច​ជា «​ខ្ញុំ​មានគំនិត​ល្អ​ជាង​ឯង​ទៅ​ទៀត ដែល​អាច​ធ្វើ​ឲ្យ​ពិភពលោក​ផ្លាស់​ប្តូរ​បាន ហើយ​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​ចាប់ផ្តើម​ធ្វើ​ជំនួញ​ផ្ទាល់ខ្លួន​មិន​ខាន » ។ ទោះបី​យ៉ាងណា ការ​គ្រាន់តែ​និយាយ​មិន​បាន​អនុវត្ត​នោះ ទោះបី​និយាយ​១០​ដង ២០​ដង ក៏​គ្មាន​លទ្ធផល​ដែរ ហើយ​ខាងក្រោម​នេះ ជា​ក្រុម​មនុស្ស​៨​ប្រភេទ​ដែល​មិន​អាច​ធ្វើ​ជំនួញ​បាន ។

១-​ចូល​ចិត្ត​យល់សប្តិ តែ​មិន​អនុវត្ត ៖
មនុស្ស​ជំពូក​នេះ តែង​ហៅ​ខ្លួនឯង​ថា ជា​អ្នក​សម្បូរ​ទៅ​ដោយ​គំនិត ចូល​ចិត្ត​និយាយ​ពី​ការ​ស្រមើស្រមៃ​របស់​ពួក​គេ ប៉ុន្តែ​បែរជា​ប្រគល់​ការងារ​ទៅ​ឱ្យ​អ្នក​ដទៃ​ធ្វើ​ជំនួស ។ ក្នុង​លោក​នេះ មាន​មនុស្ស​ដែល​សម្បូរ​គំនិតល្អ​ៗ​ច្រើន​ណាស់ ប៉ុន្តែ​អ្វី​ដែល​ពិបាក​នោះ គឺ​ការ​ធ្វើ​ឲ្យ​សុបិន​ក្លាយជា​ជំនួញ​មួយ​ដែល​រក​ប្រាក់​ចំណូល​បាន ។

២-​គ្មាន​ឆន្ទៈ ឬ​មិន​អាច​ទទួល​បាន​ជំនាញ​ក្នុង​ការ​អនុវត្ត​អាជីវកម្ម ៖
វប្បធម៌​របស់​យើង​បាន​បង្រៀន​ថា ជំនាញ​ធ្វើ​ជំនួញ គឺ​ដូច​ជា​ការ​ធ្វើ​ពិសោធន៍​វិទ្យាសាស្ត្រ អ្វីមួយ​អីចឹង​ដែរ គឺ​តម្រូវ​ឲ្យ​យើង​រៀន​ពី​វា​ក្នុង​ថ្នាក់រៀន ឬ​បន្ទប់ពិសោធន៍​។ ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ជាមួយនឹង​ចំណេះដឹង​លើ​អុ​ី​ន​ធើ​រ​ណេ​ត និង​ការ​ធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ ការ​សិក្សា​ដោយ​ខ្លួនឯង គឺ​តែងតែ​អាច​ធ្វើ​បាន ហើយ​ថែម​ទាំង​មាន​ប្រសិទ្ធភាព​ទៀត​ផង ។

៣-​ភាព​ភ័យ​ខ្លាច​នឹង​បរាជ័យ ឬ​ភាព​ខ្មាស​អៀន​ដែល​មិន​សម​ហេតុ​សម​ផល ៖
មនុស្ស​ម្នាក់​ៗ​មាន​ភាព​ភ័យ​ខ្លាច​ទៅ​នឹង​អ្វី​ដែល​មិន​អាច​មើលឃើញ ហើយ​នេះ​គឺជា​អ្វី​ដ៏​ល្អ​មួយ​សម្រាប់​ការ​ការពារ​ជីវិត ។ សហគ្រិន​ជោគជ័យ គឺជា​មនុស្ស​ដែល​អាច​ឆ្លងកាត់​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ និង​ទទួលយក​ហានិភ័យ និង​ការ​បរាជ័យ​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​។ មនុស្ស​ផ្សេង​ទៀត ការ​ភ័យ​ខ្លាច​របស់​ខ្លួន​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​មនុស្ស​ទន់ខ្សោយ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ព្យាយាម​ចៀសវាង​ហានិភ័យ​គ្រប់​កាលៈទេសៈ និង​មិន​ដែល​បាន​ចាប់ផ្តើម​ដំណើរ​ម្តងណា​ទេ ។

៤-​ភ័យ​ខ្លាច​មិន​សម​ហេតុ​សម​ផល​ក្នុង​ពេល​ទទួល​បាន​ជោគជ័យ ៖
យើង​បានឃើញ​មនុស្ស​ដែល​ជិត​នឹង​ទៅ​ដល់​ភាព​ជោគជ័យ តែ​មើលទៅ​ដូច​ជា​កាត់​បន្ថយ​ការ​ខិតខំ​របស់​ពួក​គេ​ដោយ​ចេតនា និង​ទទួល​បាន​បរាជ័យ​ក្នុង​ពេល​ដែល​ជិត​ទៅ​ដល់​ភាព​ជោគជ័យ ។ ប្រាកដ​ណាស់ ការ​ទទួល​បាន​ភាព​ជោគជ័យ​លឿន​ពេក អាច​នឹង​បំផ្លាញ​ជំនួញ​មួយ​ផង​ដែរ ប៉ុន្តែ​សហគ្រិន​ពិតប្រាកដ គឺ​មាន​ភាព​ប្រាកដប្រជា​ថា ពួក​គេ​អាច​លូតលាស់ និង​រៀន​ពី​ការ​ជោគជ័យ​ដូចដែល​ពួក​គេ​បាន​រៀន​ពី​ការ​បរាជ័យ​អីចឹង​ដែរ ។

៥-​ព្យាយាម​ឈោង​ចាប់​ភាពល្អ​ឥត​ខ្ចោះ ៖
អ្នក​វិនិយោគ​ពូកែ​ៗ​ជា​ច្រើន​ដែល​បាន​ធ្វើការ​ទៅ​លើ​ផលិតផល​មួយ​អស់​រយៈពេល​២០​ឆ្នាំ ហើយ​នៅ​តែ​ចង់​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ឱ្យ​ប្រាកដ​ថា​វា​ល្អ​ឥត​ខ្ចោះ​មុន​នឹង​ដាក់​លក់​ក្នុង​ទីផ្សារ ភាពល្អ​ឥត​ខ្ចោះ​នោះ​គឺជា​គោលដៅ​ដ៏​បុរាណ និង​មិន​អាច​ធ្វើ​បាន ។ អ្នក​ដែល​យល់​ហេតុការណ៍ គឺ​គ្រាន់តែ​បង្កើត​ផលិតផល​ដែល​អាច​ស្ថិតស្ថេរ​បាន​ក្នុង​កម្រិត​ណាមួយ​ប៉ុណ្ណោះ បន្ទាប់​មក​ធ្វើការ​សាកល្បង​វា​នៅ​ក្នុង​ទីផ្សារ និង​ធ្វើ​វា​ឡើង​ម្តងទៀត​ទៅ​កាន់​ជោគជ័យ ។

៦-​ជំនួស​ការ​ដោះសា​ដោយ​ភាព​មិន​ទទួលខុសត្រូវ ៖
ការ​ដោះសា គឺជា​ការ​ព្យាយាម​លើក​ហេតុផល​មក​ជួយ​ដល់​ការ​បរាជ័យ បន្ទាប់​ពី​មានការ​មើលឃើញ​ជាក់ស្តែង​ថា មិន​បាន​ចាប់ផ្តើម​ធ្វើ​អ្វីមួយ ។ អត្ត​ច​រិ​កមួយ​របស់​សហគ្រិន​ដ៏​ពិតប្រាកដ​នោះ គឺ​ការ​ទទួលយក​ថា ទី​នេះ​មាន​កន្លែង​ជាប់​គាំង​ហើយ ។ ម្យ៉ាងទៀត តែង​មាន​ផ្លូវ​និង​គំនិត​ច្នៃប្រឌិត​ផ្សេង​ទៀត​ដែល​អាច​ជួយ​ឲ្យ​ឆ្លង​ផុត​ឧបសគ្គ ។

៧-​មិនមែន​ជា​មនុស្ស​ឯករាជ្យ ជា​អ្នកដឹកនាំ ឬ​ជា​អ្នក​សម្រេច​កិច្ចការ​ធំ ៖
ទាំងនេះ​គឺជា​លទ្ធផល​នៃ​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម គឺជា​មនុស្ស​ដែល​រង់ចាំ​ឲ្យ​អ្នក​ដទៃ​ប្រាប់​ពួក​គេ​ថា ត្រូវធ្វើ​អ្វី និង​ចូល​ចិត្តរក​មើល​កំហុស​របស់​អ្នក​ដទៃ និង​ធ្វើខ្លួន​ជា​ជន​រង​គ្រោះ​។ នៅ​ពេល​ដែល​អ្នក​ទទួលយក​ការ​រស់នៅ​ជា​សហគ្រិន​ម្នាក់ អ្វី​ទាំងអស់​គឺ​សម្រេច​លើ​អ្នក​ក្នុង​ការ​ចាត់​ដំណើរការ រក្សា​ភាព​ជា​វិជ្ជមាន ធ្វើ​ជា​គំរូ និង​ដឹកនាំ​អ្នក​ដែល​នៅ​ពីក្រោយ ។

ប្រសិនបើ​អ្នក​រង់ចាំ​នរណា​ម្នាក់​ទៀត​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​ដើរ​ឲ្យ​អ្នក ដោយ​ទទួលយក​ហានិភ័យ និង​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​ជូន​អ្នក ពាក្យ​ថា «​ថ្ងៃ​ណាមួយ​» នឹង​មិន​អាច​កើតឡើង​សម្រាប់​អ្នក​បាន​ទេ ។ ដូច្នេះ​ហើយ អ្វី​ដែល​ចាំបាច់​ក្នុង​ការ​ក្លាយជា​សហគ្រិន​ម្នាក់​នោះ គឺ​គ្រាន់តែ​អនុវត្ត​អាកប្បកិរិយា​ដ៏​ត្រឹមត្រូវ និង​ទទួលយក​ការ​ទទួលខុសត្រូវ​ដ៏​ពិតប្រាកដ ៕